CamNews

កំសាន្ត 

អ៊ីណូ ឡើងកូដខ្លាំង ចុងឆ្នាំ២០១៤

ភ្នំពេញ៖ តារាចម្រៀងពូកែលេងស្ទីល បែបយុវវ័យប្រចាំ ក្នុងផលិតកម្មសាន់ដេ លោក អ៊ីណូ ត្រូវបានគេមើលថា ក្នុងរយៈកាលចុងឆ្នាំ២០១៤នេះ ភាពមមាញឹកក្នុងអាជីពសិល្បៈ ហាក់កំពុងតែមានសន្ទុះ កើនឡើងទ្វេដង ទាំងការចេញបទចម្រៀង ក្នុងផលិតកម្ម ការប្រគំតន្រ្តី លក់សំបុត្រតាមឆាក ក្នុងខេត្តនានា និងការសម្ដែងរឿងជាដើម។ ជាក់ស្ដែងថ្មីៗនេះ លោក  អ៊ីណូ បានបង្ហាញវត្តមាន ឲ្យក្រឡឹមៗក្នុងខ្សែភាពយន្ត របស់ផលិតកម្មសាន់ដេ គឺរឿង "សង្សារខ្មោច" និងកំពុងតែចាក់ញ្ចាំងតាមរោងភាពយន្តនានាទូទាំងប្រទេស។

អ្វីដែលជាការកត់ សម្គាល់ថ្មីមួយទៀត នៅក្នុងរដូវនៃព្រះរាជ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នេះ តារាចម្រៀង អ៊ីណូ ត្រូវបានក្រុមហ៊ុន ដែលធ្វើការប្រគំ តន្រ្តីអបអរសាទរ និងការតាំងពិព័រណ៍ផលិតផលផ្សេងៗ បានចុះកិច្ចសន្យាច្រៀង នៅលើឆាក រយៈពេល៣ថ្ងៃពេញរួចរាល់ ជាហេតុធ្វើឲ្យលោក អ៊ីណូ កាន់តែមានប្រជាប្រិយភាព និងការគាំទ្រខ្លាំងឡើង។

តារាចម្រៀង អ៊ីណូ បានទទួលស្គាល់ថា ឈានចូលដល់ដើមរដូវប្រាំងនេះ ការងារសិល្បៈ របស់លោកពិតជា មានភាពមមាញឹកមែន ហើយបទចម្រៀង ក្នុងផលិតកម្ម ក៏ត្រូវបានចេញលក់ជាហូរហែ ។ ជាក់ស្ដែងដូចជាបទល្បីៗកំពុងពេញនិយម ពីសំណាក់យុវវ័យ រួមមានបទ "បេះដូងស្នេហ៍ផ្ទុះ Boom Boom , ប្រុសក្រញ៉ាញ់ខូចចិត្ត,ពេលបងធ្វើព្រាន ទើបអូនចេះស្មោះ "និងបទ"សង្សារខ្ញុំគេលួច"ជាដើម  ។ ជាពិសេសបទ "បែកអូនប្រាំខែ អូនស្អាតជាងមុន" ដែលទើបតែចេញថ្មីៗនេះ កំពុងតែពេញនិយមខ្លាំង នៅលើទីផ្សារចម្រៀង ក្នុងស្រទាប់យុវវ័យ ។

ម្ចាស់បទ "ពេលបងធ្វើព្រាន ទើបអូនចេះស្មោះ" លោក អ៊ីណូ និយាយថា " បាទបង..! ខ្ញុំរវល់មែន នៅចុងឆ្នាំនេះ ព្រោះមានគេទាក់ទងច្រើន ។ នៅក្នុងបុណ្យអំទូក ៣ថ្ងៃហ្នឹង គឺខ្ញុំរវល់ជាប់ៗគ្នាពេញតែម្ដង..! ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ ថ្ងៃទី១ ប៉ះជាមួយ តារាចម្រៀងក្នុងផលិតកម្ម ជាមួយគ្នា។ ខ្ញុំគិតថា ការងារសិល្បៈរបស់ខ្ញុំ ចូលដល់ចុង ឆ្នាំ២០១៤នេះ កាន់តែរវល់ច្រើន តែទោះជាយ៉ាងណា ក៏សប្បាយដែរ ព្រោះខ្ញុំពេញចិត្ត នឹងការងារនេះ គឺធ្វើមិនខ្លាចហត់ទេបង..!"។

តារាចម្រៀង ក្នុងផលិតកម្មសាន់ដេ លោក អ៊ីណូ ក្រៅពីព័ត៌មាននៃភាពកាក់កប ក្នុងអាជីពរបស់ខ្លួន ថ្មីៗនេះ លោកក៏បានជំពប់នូវចំហាយរឿងរ៉ាវ ស្នេហ៍ថ្មីថ្មោង ជាមួយនឹងអ្នកសិល្បៈដូចគ្នា ហើយត្រូវបានបណ្ដាញព័ត៌មាននានា ចុះផ្សាយជាហូរហែ ។ ប៉ុន្តែព័ត៌មាននេះ ត្រូវបានស្ងប់ រលប់ទៅវិញ ក្រោយពីតារា រូបនេះ តែងតែចេញមុខបដិសេធថា ពុំមែនជាការពិត ពោលគឺគ្រាន់តែជាពាក្យ ចចាមអារ៉ាម និងការសង្ស័យប៉ុណ្ណោះ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh