ភ្នំពេញ៖ តារាសម្តែង មានឈ្មោះបោះសំឡេង តាមរយៈរឿង «ស្នេហ៍៩» កញ្ញា មាន សូនីតា ថ្មីៗនេះបានចេញមុខ ប្រកាសលក់ក្រមា ដើម្បីស្វែងរកថវិកា ទៅជួយដល់ជនរងគ្រោះដោយសាររញ្ជួយដី ក្នុងប្រទេសនេប៉ាល់ ដែលកំពុងតែជួបប្រទះបញ្ហា និងត្រូវការ ជំនួយប្រមាណ២ពាន់លានដុល្លារ ដើម្បីស្តារប្រទេសរបស់ខ្លួនឡើងវិញ ។
ស្របពេលដែលប្រទេសនេប៉ាល់ កំពុងតែត្រូវការជំនួយយ៉ាងច្រើន យកទៅកសាងប្រទេសខ្លួនវិញ ក្រោយពីជួប គ្រោះរញ្ជួយដីផ្ទួនៗគ្នា២លើករួចមក គេសង្កេតឃើញថា តារាសម្តែងស្រីរូបស្រស់ សំឡេងផ្អែមស្រទន់ កញ្ញា មាន សូនីតា បានលេចវត្តមានស្វែងរកជំនួយ ទៅជួយប្រទេសមួយនេះ ដោយនាងបានប្រកាសជាសាធារណៈថា « ខ្ញុំចង់ចូលរួមចំណែកជួយ ទៅដល់ប្រទេសនេប៉ាល់ ដោយយើងមានក្រមាប្រមាណ៥០០ក្រមា មានដាក់ Logo សម្រាប់លក់ក្នុងតម្លៃ ១២០០០រៀល ដែលប្រាក់ចំណេញ ខ្ញុំនឹងយកទៅជួយប្រទេសនេប៉ាល់ ជាមួយក្តីស្រលាញ់របស់នីតានេះតែម្តង…»។
តារាសម្តែង មាន សូនីតា បានសរសេររៀបរាប់ឲ្យដឹងទៀតថា នេះជាការចែករំលែកក្តីស្រលាញ់ ការជួយយកអាសាគ្នាទៅវិញទៅមក ហើយសម្រាប់ការកុម្ម៉ង់ទិញក្រមានេះ គឺអាចទិញបានតាមតម្រូវការបាន។ មួយវិញទៀត មូលហេតុដែលនាងធ្វើបែបនេះ ក្រៅពីការស្វែងរកចំណូល ជួយប្រទេសនេប៉ាល់ នាងក៏មានបំណងចង់ ចូលរួមចំណែកលើកកម្ពស់ ផលិតផលក្រមាក្នុងស្រុក ឲ្យកាន់តែមានភាពលេចធ្លោ និងធ្វើឲ្យទស្សនិកជន កាន់តែស្គាល់ ពីអត្ថប្រយោជន៍ នៃក្រមាថែមមួយកម្រិតទៀត ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល