ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Man United មានការត្រេកអរអួតសរសើរនឹងក្រុមរបស់ខ្លួនជាខ្លាំងក្រៃលែង ក្រោយពីបានមើលឃើញ នូវសមត្ថភាព ផ្ដួលក្រុម Preston ក្នុងការប្រកួត FA Cup ហើយរំកិលខ្លួនចូលវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលនឹង ប្រឈមមុខជាមួយ Arsenal នៅខែក្រោយនេះ ។
ថ្នាក់ដឹកនាំ ក្រុម Man United គឺលោក Louis van Gaal បានអួតសរសើរ ក្រុមរបស់ខ្លួនស្ទើរកប់ពពក ក្រោយពីបង្ហាញពាក្យសម្ដីផ្ទាល់ថា ពិតជាក្រុមដែលមានស្មារតីរឹងមាំមិនគួរឲ្យជឿទាល់តែសោះ ។
Man United បានផ្ដួលស៊ីក្រុម Preston នៅត្រឹមជុំទី ៥ ដោយពិន្ទុ ៣ ទល់នឹង ១ ដោយការរកគ្រាប់បាល់បានដោយកីឡាករ Herrera នាទីទី ៦៥ បន្ទាប់មកទៀតដោយកីឡាករ Fellaini នៅនាទីទី ៧២ និងចុងក្រោយដោយគ្រាប់ប៉េណង់ទីរបស់ Rooney នៅនាទីទី ៨៨ ធ្វើឲ្យក្រុមឈ្នះដាច់ ។
ថ្វីត្បិតតែស្ថិតក្នុងស្ថានភាពវឹកវឺនយ៉ាងណាក៏ដោយ Preston ក៏អាចរកពិន្ទុ បានមួយគ្រាប់ផងដែរ ដោយកីឡាករ Laird នៅនាទីទី ៤៧ ។
យោងតាមការបកស្រាយបង្ហាញរបស់គេហទំព័របានឲ្យដឹងថា Man United ក៏ទំនងជាអស់សង្ឃឹមផងដែរនៅជើងប្រកួតទី ១ ខណៈដែលក្រុមមិនអាចបង្កើតបានពិន្ទុសូម្បីតែមួយគ្រាប់នៅឡើយ រហូតមកដល់ជើងទី ២ ក្រុមនៅតែបន្ដប្រគល់ការប្រយុទ្ធឲ្យទៅ Radamel Falcao ប៉ុន្ដែមិនបានផល អ្វីទាំងអស់ ដាច់ចិត្ដនៅនាទីទី ៦០ ក្រុមបានផ្លាស់ប្ដូរ Radamel Falcao ចេញ ជំនួសវិញដោយ កីឡាករ Ashley Young ស្រាប់តែការលេង មានភាពប្រែប្រួលភ្លាមៗ ធ្វើឲ្យក្រុមអាចរកបានពិន្ទុ ២ គ្រាប់នៅនាទីគៀកៗគ្នា និង មួយគ្រាប់ចុងក្រោយដោយគ្រាប់ ប៉េណង់ទី Rooney ធ្វើឲ្យក្រុមយកឈ្នះយ៉ាងងាយស្រួល ។
ដោយសារតែមួលហេតុនេះហើយបានជា ថ្នាក់ដឹកនាំមានការ អួតសរសើរនឹងក្រុមរបស់ខ្លួនយ៉ាងខ្លាំង ។ ហើយក្រោយពីផ្ដួល Preston ហើយនោះ ក្រុមក៏ត្រូវដល់ពេលប្រឈមមុខនឹង Arsenal នៅក្នុងទឹកដីរបស់ខ្លួនក្នុងការប្រកួត FA Cup នៅខែក្រោយនេះ ដោយមានវត្ដមាន អតីតកីឡាករ ដែលក្រុមធ្លាប់បានលក់ កាលពីរដូវកាលមុន នោះគឺកីឡាករ Dany Welback ចូលរួមប្រកួតផងដែរ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី