ព័ត៌មានអន្តរជាតិ ៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុល និយម Islamic State (IS) កាលពីថ្ងៃច័ន្ទ ដើម សប្តាហ៍កន្លងទៅនេះ បានសម្លាប់ សមាជិកសន្តិសុខ ៣២ នាក់ នៅខេត្ត Anbar ភាគខាងលិច ប្រទេស អ៊ីរ៉ាក់ ។
ក្រោយពីដកស្រង់ ប្រភពពី មន្រ្តីសន្តិសុខខេត្ត ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរបានចេញផ្សាយអោយ ដឹងថា បុរសវ័យក្មេង ៣២ នាក់ ជាជនរងគ្រោះស្លាប់នោះ ត្រូវបានបាញ់សម្លាប់ ព្រឹកថ្ងៃច័ន្ទនៅក្នុងតំបន់ Jubba មានរយៈចម្ងាយជិតទីក្រុង al-Baghdadi និងឆ្ងាយប្រមាណ ២០០គ.មពីភាគខាងជើងឆៀងខាង លិចរដ្ឋធានី បាដាដ ។
សេចក្តីរាយការណ៍ បន្តអោយដឹងថា ក្រុមជនរងគ្រោះទាំង ៣២ នាក់នោះ ត្រូវបានគេមានជំនឿជាក់ អោយដឹងថា ជាក្រុមមន្រ្តីប៉ូលីស ការពារសន្តិសុខ និង ជា សមាជិក នៃក្រុមយោធា Sahwa គាំទ្ររដ្ឋាភិ បាល ក្នុងនោះ ពួកគេបានធ្លាក់ចូលទៅក្នុងដៃ ក្រុមសកម្មប្រយុទ្ធ អំឡុងពេលដែលមានការប្រយុទ្ធ ជា មួយនឹងក្រុមបះបោរ ជ្រុលនិយមទាំងនេះ ។
គួរបញ្ជាក់ថា អំឡុងខែកន្លងទៅ ក្រុម IS បានធ្វើការកាប់សម្លាប់ មនុស្ស រាប់សិបនាក់ បន្ទាប់ពីមានការ វាយប្រហារទៅលើគោលដៅខ្លួន នៅក្នុងក្រុង al-Baghdadi មានទីតាំងជិតមូលដ្ឋានទ័ព Ain al-Asad ។ គួររំឮកថា ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម បានកាន់កាប់ ទីក្រុងធំបំផុត របស់អ៊ីរ៉ាក់ បាន ៨០ % ខណៈមាន និន្នាការក្នុងការដណ្តើមគ្រប់គ្រងរដ្ឋធានី បាដាដ ជាបន្តបន្ទាប់ ប៉ុន្តែ គោលបំណង មិនសម្រេច ព្រោះតែ មានការរារាំង ពីសំណាក់កងកម្លាំង រដ្ឋាភិបាល ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ