CamNews

យល់ដឹង 

ការប្រើប្រាស់ថ្នាំប៉ារ៉ា ច្រើនពេកនាំឲ្យមាន ជំងឺមហារីកគ្រាប់ឈាម

យល់ដឹង ៖ ការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក  Fred Huchinson Cancer នៅ សហរដ្ឋអាមេរិក បានឲ្យដឹងថា អ្នកទទួលទាន ថ្នាំប៉ារ៉ាសេតាមុល ជាប្រចាំនឹងមានអាត្រា ប្រឈមនឹងជំងឺមហារីក គ្រាប់ឈាមកើនឡើង ដោយគេជឿថា មកពីសមាធាតុគីមី ដែលមានឈ្មោះថា អាសេតាមីណូហ្វេន នៅក្នុងថ្នាំប៉ារ៉ាសេតាមុល។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា កន្លងមកតាមរយៈលទ្ធផល នៃការសិក្សាទៅលើអ្នកជំងឺ មហារីកគ្រាប់ឈាម ម្នាក់ៗ មានការណែនាំថា ជាតិថ្នាំអាសេតាមីហ្វេន អាចជំរុញឲ្យមានជំងឺមហារីក។ ដោយឡែក ការសិក្សាថ្មី ដែលយោងទៅតាមការ ធ្វើតេស្តទៅលើក្រុម អ្នកស្ម័គ្រចិត្ត ទាំងបុរស និងនារី ដែលមានសុខភាពល្អរឹងមាំ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ប្រមាណ ៦៥,០០០នាក់ ដោយពួកគេបានប្រើប្រាស់ ថ្នាំប៉ារ៉ាសេតាមុល អស់រយៈពេល ១០ឆ្នាំ ព្រមទាំងមានការពិនិត្យ នឹងតាមដានស្ថានភាព សុខភាពយ៉ាងច្បាស់លាស់។

លទ្ធផលបានបង្ហាញឲ្យឃើញថាអ្នកស្ម័គ្រចិត្តចំនួន ៥៧៧នាក់ ឬតិចជាង១ភាគរយ កើតជំងឺមហារីក ពាក់ព័ន្ធនឹងកោសិកាឈាម ដូចជាមហារីក ក្រពេញទឹករង៉ៃ ដែលកើតឡើងដោយភាពខុសប្រក្រតីរបស់ខួរឆ្អឹង។

ទន្ទឹមនឹងនោះ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានអ្នកស្ម័គ្រចិត្តចំនួន ជាង៩ភាគរយ ក្នុងក្រុមដែលមាន ជំងឺមហារីក ធ្លាប់ប្រើប្រាស់ថ្នាំ ប៉ារ៉ាសេតាមុល ក្នុងបរិមាណច្រើនពីមុនមក បើប្រៀបធៀបនឹងអ្នកមិនកើត ជំងឺមហារីក មានតែ ៥ភាគរយប៉ុណ្ណោះ។

នៅពេលពិចារណាកត្តាផ្សេងៗ រួមទាំងកត្តាអាយុ កត្តារលាកសន្លាក់ និងប្រវត្តិគ្រួសារ ដែលមានកើតជំងឺ មហារីកគ្រាប់ឈាម ឃើញថា អ្នកប្រើប្រាស់ថ្នាំ សេតាមុលជាប្រចាំ មានអត្រាប្រឈមនឹង ជំងឺមហារីកគ្រាប់ឈាម កើនឡើងខ្ពស់ដល់ទៅជិត ២ដងឯណោះ។

ទោះបីជាយ៉ាងក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា នៅពេលនេះនៅមិនទាន់មានការ ពិសោធន៍ទេថាជាតិថ្នាំ អាសេតាមីណូហ្វេន គឺជាមូលហេតុនៃ ជំងឺមហារីកនោះទេ ចាំបាច់ត្រូវមានការ សិក្សាបន្ថែមទៀត មុននឹងយកលទ្ធផល ស្រាវជ្រាវនេះទៅពិចារណា ក្នុងការប្រើប្រាស់ថ្នាំ បំបាត់ការឈឺចាប់ ប្រភេទនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news