យានយន្ដ៖ រថយន្ដទំនើប នឹងមានថ្លៃបំផុតលំដាប់ថ្នាក់ពិភពលោកដល់ទៅជាង ៤លានដុល្លារគឺម៉ូដែល Koenigsegg Agera R បានជួបប្រទះគ្រោះថា្នក់ចរាចរ ខូចខាតជាដំណំ នៅក្នុងទីក្រុង Chongqing ប្រទេសចិន។ យោងតាមការចុះផ្សាយរបស់គេហទំព័រចិន បានឲ្យដឹងថា រថយន្ដនេះបង្កហេតុដោយខ្លួនឯង ខណៈដែលកំពុងតែបើកបរ ស្រាប់តែរេចង្កូត មកបុកបង្កោលរបងតាមដងផ្លូវ ពីឆ្វេងទៅស្ដាំ និងពីស្ដាំទៅឆ្វេង បណ្ដាលឲ្យបាក់ខ្ទេច ក្នុងចន្លោះប្រវែង ១០m ចំណែករថយន្ដត្រូវអស់ល្បឿន នៅក្បែរភ្លើងសញ្ញាចរាចរ ។
ក្រោយពីជួបគ្រោះថ្នាក់ចរាចរ រថយន្ដទំនើប Koenigsegg Agera R ត្រូវបានគេមើលឃើញថា មានការខូចខាតជាខ្លាំង ដោយផ្នែកខាងឆ្វេងនៃកង់រថយន្ដមុខក្រោយត្រូវដាច់ចេញពីរថយន្ដទាំងស្រុង ប៉ុន្ដែសំណាងល្អ មិនមានប៉ះពាល់ដល់ រថយន្ដដទៃទៀត និងអ្នកបើកបរ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអះអាងឲ្យដឹងទៀតថា ម្ចាស់រថយន្ដដែលបង្កគ្រោះថ្នាក់ថ្នាក់នោះ ត្រូវបានគេដឹង ថាមានសភាពស្រវឹងស្រា លាយលំខណៈដែលកំពុងតែបើកបរ ។ ហើយម្ចាស់រថយន្ដនេះ ផងដែរ គឺជាអ្នកមានសម្បត្ដិស្ដុកស្ដម្ភ ដែលនៅមានរថយន្ដជាច្រើនគ្រឿងផ្សេងទៀត គឺម៉ូដែល Ferrari LaFerrari, McLaren P1 និង Porsche 918 Spyder ។
សមាសភាពរថយន្ដត្រូវបានគេរាយការថា ប្រើកម្លាំង ៨ម៉ាស៊ីន ខ្នាតរង្វាស់ ៥.០ (V8) ត្រូវនឹងកម្លាំង ១១៤០ សេះ ដែលអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ៤០០ គ.ម/ម៉ និងតម្លៃសរុបគឺ ៤.១៨ លានដុល្លារ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ carnewschina