ប្លែកៗ ៖ បើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានប្លែក
បរទេស បានអោយដឹងថា ផ្ទះដែលមានរាងថាសហោះ ជាចុងក្រោយត្រូវបានលិចជារូបរាងឡើង
ដោយសារតែរឿងស្នេហ៍ដ៏កម្សត់មួយ។
គួរបញ្ជាក់ផងដែរថា ផ្ទះដែលមានរាងជាថាសហោះ(Shape of UFO)ត្រូវបានសំកាំងខ្លួននៅឯឆ្នេរ
សមុទ្រភាគខាងត្បូង Puerto Rico បុរសម្នាក់បានចំណាយពេលជាង ៤០ឆ្នាំ ដើម្បីសង់ផ្ទះរាងដូច
ថាសហោះក៏ព្រោះតែចង់បង្ហាញអោយអតីតមិត្តស្រីរបស់ខ្លួនដឹងថា ខ្លួនជាបុរសដ៏អស្ចារ្យម្នាក់ក្នុង
លោក។
ស្ថិតក្នុងវ័យ ៥៨ ឆ្នាំ លោក Roberto Sanchez Rivera បានប្រើប្រាស់កំហឹងស្នេហាជាកម្លាំងចិត្ត
ក្នុងការច្នៃ និងស្ថាបនាផ្ទះដ៏ចម្លែកនេះឡើង ដោយសារតែពាក្យសន្យារវាងលោក និងអតីតមិត្តស្រី
កាលពីអំឡុង ៤០ ឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា កាលពីជាង ៤០ ឆ្នាំមុន ខណៈដែលលោកគ្រាន់តែជាសិស្សផ្នែកសិល្បៈ មក
ពីគ្រួសារក្រីក្រម្នាក់នោះ លោកបានធ្លាក់ ក្នុងអន្លង់ស្នេហ៍នារីម្នាក់ ដោយថែមទាំងបានសន្យាថា
លោកនឹងសង់ផ្ទះរាងថាសហោះអោយនាងនៅថ្ងៃណាមួយជាមិនខាន។ ពាក្យសន្យាមិនទាន់ទាំង
បានធ្វើផង នារីរូបនោះក៏បានបោះបង់លោកចោល ក្រោយពីធ្វើសង្សារនឹងគ្នាបានត្រឹមតែ ៣ខែ។
ការបែកបាក់នេះបានធ្វើអោយលោកពិបាកចិត្ត ដល់ថ្នាក់ធ្វើអត្តឃាតថែមទៀតផង ក៏ប៉ុន្តែលោក
ក៏ស្រាប់តែនឹកឃើញថា៖ គាត់មិនត្រូវគិតខ្លីនោះទេ ស្របពេលដែលគាត់បានប្តេជ្ញាថា ខ្ញុំត្រូវតែខំ
ធ្វើការ ដើម្បីអោយនារីនោះឈឺចាប់ ហើយស្ដាយក្រោយព្រោះតែបោះបង់ខ្ញុំចោល។
លុះក្រោយមក លោក Roberto ក៏បានខិតខំសិក្សាវិជ្ជាវិស្វកម្មសំណង់ និងវិចិត្រសិល្បៈ រហូតដល់
បានសម្រេច។ ក្រោយពីកាក់កបនឹងមុខរបររបស់ខ្លួន ក៏មានប្រាក់គ្រប់គ្រាន់ក្នុងការទិញកូនភ្នំមួយ
ដើម្បីសង់ផ្ទះរាងថាសហោះមួយនេះ ទុកគ្រាន់បង្អួតអតីតមិត្តស្រីដ៏យូរលង់មកហើយនោះ បើទោះ
ជាបច្ចុប្បន្នលោកបានរៀបការនឹងនារីផ្សេងម្នាក់ទៀតក៏ដោយ៕
ដោយ ៖ រតនៈ
ប្រភព ៖ Leakarea