ភ្នំពេញ៖ ថ្មីៗនេះ មានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយព័ត៌មាន បង្ហាញថា តារាសម្ដែងដែលទើបតែ ត្រូវព្រនង់ រិះគន់រឿងស្លៀកសិចស៊ី ដួង ស្រីពេជ្រ ចង់ថតឈុតស្នេហារោលរាល ហើយ ដួង ស្រីពេជ្រ ចាត់ទុកថា ការធ្លាយ រូបភាពសិចស៊ីកន្លងមក គឺជាលាភសំណាងទៅវិញ ព្រោះកាន់តែមានគេស្គាល់នាងច្រើនឡើង ។
ឆ្លើយតបទៅនឹងការចុះផ្សាយ ពីសំណាក់បណ្តាញសារព័ត៌មានខាងលើនេះ តារាសម្តែងកញ្ញា ដួង ស្រីពេជ្រ បានចេញមុខសរសេរ ប្រតិកម្មតបនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួនវិញថា «ខ្ញុំសុំនិយាយថា ខ្ញុំមិនបាននិយាយប្រាប់ដល់ លោកសារព័ត៌មានណាថាខ្ញុំ ចង់ថតរឿងស្នេហារោលរាលទេ..!» ។
កញ្ញា ឌួង ស្រីពេជ្រ បញ្ជាក់ទៀតថា «ខ្ញុំក៏ជាមនុស្សម្នាក់ ដែលដឹងខុសដឹងត្រូវដែរ ខ្ញុំមិនមែនកូនក្មេងទេ ហើយសុំបងប្អូនមួយចំនួន សូមមេត្តាចូល ទៅអានសារពត៌មាននោះ ឲ្យច្បាស់ ហើយខ្ញុំសុំមេត្តាដល់លោកសារព័ត៌មានមុននឹងសរសេរចំណងជើង សូមគិតដល់កេរ្តិ៍ឈ្មោះគេផង..!»។
យ៉ាងណាមិញ គេនៅចាំបានថា តារាសម្តែងជាប់ងារ ជាតារាសិចស៊ីប្រចាំ២០១៥កញ្ញា ដួង ស្រីពេជ្រ កាលពីថ្មីៗមុននេះនាង បានធ្វើឲ្យមហាជនអ្នកគាំទ្រជាច្រើន បានសម្តែងអារម្មណ៍មិនពេញចិត្តថែមទាំងបានបញ្ចេញប្រតិកម្មរិះគន់ យ៉ាងធ្ងន់ធ្ងរ ទៅលើរូបនាងបន្ទាប់ពីពួកគេ បានឃើញរូបថតសិចស៊ី បញ្ចេញចង្អូរដើមទ្រូង ស្ទើរតែមើលឃើញទាំងស្រុង នៅកណ្តាលហ្វូងមនុស្ស ប្រុស-ស្រីដ៏កុះ ករនៅក្នុងកម្មវិធីជប់លៀង ខួបតារាសិល្បៈរួមអាជីពជាមួយគ្នា។
ព្រមជាមួយនឹងការបែកធ្លាយរូបថត របស់តារាសម្តែងនាង ដួង ស្រីពេជ្រ នេះដែរ កាលនោះ ក៏មានមជ្ឈដ្ឋានអ្នកគាំទ្រនាំគ្នា លើកឡើងថា តារាស្រីរូបនេះហាក់មានចេតនា យកភាពសិចស៊ីដើម្បី ជាទុនទាញរកការចាប់អារម្មណ៍ និង ការគាំទ្រ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល