CamNews

ទេសចរណ៍ 

មើលថ្ងៃលិចនៅប្រាសាទជ្រុង ជំនួសប្រាសាទបាខែង

មានភ្ញៀវទេសចរទាំងឡាយដែលបានទៅទស្សនានៅសៀមរាបអង្គរ ពិសេសអ្នកដែលនិយម
ទៅទស្សនាទិដ្ឋភាពថ្ងៃលិចនោះ ពួកគាត់បាននាំគ្នាសម្រុកឡើងទៅលើកំពូលភ្នំបាខែងដោយ
មិនបានដឹងថា នៅសៀមរាបអង្គរមានកន្លែង ទស្សនាថ្ងៃលិចដ៏ពិសិដ្ឋមួយកន្លែងទៀត ដែល
អាចទស្សនាថ្ងៃលិចដ៏គួរឱ្យចាប់អារម្មណ៍បំផុតនោះឡើយ។

កន្លែងអាចទស្សនាទេសភាពថ្ងៃលិចដ៏អស្ចារ្យនោះ គឺប្រាសាទជ្រុង។ ប្រាសាទជ្រុង ជាប្រាសាទ
តូចមួយដែលស្ថិតក្នុងបរិវេណកំពែងខាងក្រៅនៃ ប្រាសាទបាយ័ន នៅត្រង់កន្លែងកាច់ជ្រុងនៃទន្លេ
អុំ។ បើយើងចង់ទៅទស្សនាថ្ងៃ លិច កន្លែងដ៏ពិសិដ្ឋគ្មានពីរនៃប្រាសាទជ្រុងនោះ យើងគ្រាន់តែ
ចូលពីខ្លោងទ្វារ ខាងត្បូងនៃប្រាសាទអង្គរធំ ហើយបត់ខាងឆ្វេងដៃធ្វើដំណើរតាមមាត់ទន្លេអុំ
ឆ្ពោះទៅទិសខាងលិចដល់កន្លែងកាច់ជ្រុងនៃកំពែងប្រាសាទនោះ យើងនឹងបានឃើញប្រាសាទ
តូចមួយ ទីនោះហើយដែលជាប្រាសាទជ្រុង។

ចំណុចដ៏ពិសិដ្ឋនៃការទស្សនាថ្ងៃលិចនៅប្រាសាទ ជ្រុងដែលមានទិដ្ឋភាពខុសពីការទស្សនា
ថ្ងៃលិចនៅកំពូលប្រាសាទភ្នំបាខែងនោះ គឺថាការទស្សនាថ្ងៃលិចនៅទីនេះ វាហាក់បីដូចជាយើង
បានឃើញព្រះទិនក្ស័យយាង ចូលទិវង្គតសន្សឹមៗចំនួនពីរដំណាលគ្នារហូតរលុបបាត់ស្រមោល
នៅជើងមេឃ និងជំនួសមកវិញនូវស្បៃរាត្រី កាលដែលមានព្រះចន្ទចាំងពន្លឺក្រហមប្រឿងៗដែល
កំដរទៅដោយតន្ត្រីធម្មជាតិបន្លឺឡើងដោយខ្យល់ជំនោររាត្រី និងសំឡេងសត្វព្រៃយំរំពងព្រៃខ្ទ័រជា
មួយនឹងទឹកទន្លេអុំរឹតធ្វើឱ្យទីនេះមានភាពអស្ចារ្យទ្វេឡើងថែមទៀត។

អ្វីដែលធ្វើឱ្យភ្ញៀវទេសចរដែលបានទៅទស្សនា ថ្ងៃលិចនៅប្រាសាទជ្រុងមានការសោកសង្វេគនោះ
គឺប្រាសាទដ៏តូចច្រឡឹងមួយនេះទទួលរងនូវការបាក់បែក ខ្ទេចខ្ទាំយ៉ាងដំណំនាសម័យស្រុកមាន
សង្គ្រាម ហើយប្រាសាទនេះហាក់បីដូចជាត្រូវបានគេបោះបង់ ឱ្យកំព្រាឯកាទៅវិញ៕

ដោយ៖ រិនដូ

ប្រភព៖ .chanbokeo.


Tags: tour relax