អ្នកគ្រប់គ្នាប្រហែលជាធ្លាប់ឆ្លងកាត់ការបែកបាក់ស្នេហា។ ការឈឺចាប់ដោយសារការបែកបាក់
ស្នេហា ធ្វើឱ្យប៉ះពាល់ដល់សរសៃប្រសាទ និងសុខភាព ហើយវាថែមទាំងធ្វើឱ្យមានអារម្មណ៍
“ឈឺផ្សាបេះដូង” ទាំងន័យត្រង់ និងន័យធៀប។
បេះដូងលោតញាប់ កម្រិតនៃអ័រម៉ូនត្រូវប្ដូរផ្លាស់ ប្រព័ន្ធការពាររាងកាយចុះខ្សោយ ដំណេកមានការ
ច្របូកច្របល់ និងជ្រុះសក់ច្រើនជាងធម្មតា សញ្ញាទាំងនេះត្រូវបានគេហៅថា “បែកបាក់ស្នេហា”។
ខាងក្រោមនេះគឺជាប្រការមួយចំនួនដែលរាងកាយ និងផ្លូវចិត្តរបស់អ្នកទទួលរងគ្រោះដោយសារ
តែការបែកបាក់ស្នេហា ៖
ខួរក្បាលយល់ថា រាងកាយរបស់អ្នកត្រូវរបួស
នៅពេលត្រូវដៃគូស្នេហា “ទាត់ចោល” អារម្មណ៍នេះ វាដូចទៅនឹងមនុស្សមាឌធំម្នាក់ ដាល់ទៅលើ
ពោះរបស់អ្នក។ រាងកាយរបស់អ្នកដូចមានការឈឺចាប់ ប៉ុន្តែ ជាក់ស្ដែងវាមិនមានរបួសអ្វីនោះទេ
ប៉ុន្តែ ខួរក្បាលយល់ថា ការឈឺចាប់នោះគឺមានពិត។
យោងតាមបណ្ឌិត Naomi Eisenbuerger ជំនួយការសាស្ដ្រាចារ្យផ្នែកផ្លូវចិត្តនៅសកលវិទ្យាល័យ
California អាមេរិក តំបន់ខួរក្បាលដែលបញ្ចេញពន្លឺនៅពេលត្រូវរបួសផ្នែករាងកាយ វាក៏មានពន្លឺ
នៅពេលត្រូវដៃគូស្នេហា “ទាត់ចោល”។
ដូច្នេះទើបអារម្មណ៍ឈឺចាប់នៅពេលចែកផ្លូវគ្នា គឺមានពិត ឈឺចាប់ពិតៗ។
ឡើងទម្ងន់ ឬស្រកទម្ងន់លឿន
នៅពេលស្នេហាបែកបាក់ គឺមានប្រការពីរដែលអ្នកនឹងជួបប្រទះ នោះគឺ ហូបច្រើនជាងមុន ឬហូប
តិចជាងមុន។
ខាងលើនេះគឺជាវិធីដែលអ្នកធ្វើដើម្បីប្រឆាំងនឹងការឈឺចាប់ដោយសារបែកបាក់ស្នេហា។ អ្នកខ្លះ
ហូបច្រើនដើម្បីបង្វែអារម្មណ៍ ខណៈដែលអ្នកខ្លះឈឺចាប់ និងនឹកគិតរហូតដល់មិនឃា្លនបាយ។
រាងកាយពោរពេញដោយអ័រម៉ូនស្ដ្រេស
យោងតាម Women Health's Magazine នៅពេលកំពុងស្រឡាញ់ ខួរក្បាលរបស់អ្នកនឹងបញ្ចេញ
អ័រម៉ូន dopamine និង oxytocin ធ្វើឱ្យអ្នកមានភាពរីករាយ និងសុភមង្គល។
ប៉ុន្តែ ស្នេហាបែកបាក់ ធ្វើឱ្យខួរក្បាលបញ្ចេញអ័រម៉ូន cortisol និង epinephrine (ជាសារធាតុដែល
ធ្វើឱ្យឈាមសម្រុកទៅកាន់សាច់ដុំ បង្កឱ្យមានភាពតានតឹង) យ៉ាងច្រើន។ ជាក់ស្ដែង អ្នកត្រូវក្រោក
ឡើងដើម្បីហាត់ប្រាណ ប៉ុន្តែ អ្នកបែរជាដេក ឬអង្គុយមួយកន្លែង ហើយលទ្ធផល អ្នកនឹងឈឺក្បាល
រឹងគល់ក និងឈឺទ្រូង។
ការចងចាំចុះខ្សោយ ពេលខ្លះអ្នកត្រូវសួរខ្លួនឯងថាជាអ្នកណា
យោងតាម Erica Slotter (បណ្ឌិតផ្នែកចិត្តសាស្ដ្រនៃសកលវិទ្យាល័យ Northwestern អាមេរិក)
ទំនាក់ទំនងមនោសញ្ចេតនា ធ្វើឱ្យការយល់ឃើញអំពីខ្លួនឯង មានការផ្លាស់ប្ដូរ។ នៅពេលទំនាក់
ទំនងបានបញ្ចប់ យើងបែរជាគិតថា ជីវិតយើងក៏បានបញ្ចប់។
ការបែកបាក់ស្នេហា អាចបង្កឱ្យមានវិបត្តិផ្លូវចិត្ត អ្នកដាក់ខ្លួនឯងទៅក្នុងសំនួររាប់មិនអស់ និងមូល
ហេតុដែលនាំឱ្យស្នេហាបែកបាក់? អ្នកសួរខ្លួនឯងថាជាអ្នកណា...។
អ្នកតែងចង់នៅតែឯង ប៉ុន្តែ អ្នកត្រូវជៀសវាងប្រការនេះ
ដូចទៅនឹងមនុស្សធម្មតាផ្សេងទៀត ប្រការដែលអ្នកចង់ធ្វើបំផុតក្រោយពីបែកបាក់ស្នេហានោះគឺ
នៅស្ងាត់ស្ងៀមតែម្នាក់ឯង។ ក៏ប៉ុន្តែ ការនៅម្នាក់ឯង មិនមែនជាប្រការល្អដល់សុខភាពផ្លូវកាយ និង
ផ្លូវចិត្តនោះទេ ចូរចេញទៅក្រៅ ធ្វើអ្វីដែលខ្លួនចូលចិត្ត ដើម្បីធ្វើឱ្យអ័រម៉ូន dopamine កើនឡើង។
បើចង់ឱ្យការឈឺចាប់ដោយសារស្នេហា ឆាប់ជាសះស្បើយ ចូរប្រញាប់ក្រោកពីគ្រែ ហើយស្វែងរក
ដៃគូស្នេហាថ្មី ព្រោះថា ក្រៅពីអតីតសង្សាររបស់អ្នក ក៏នៅមានមនុស្សរាប់ពាន់លាននាក់ផ្សេងទៀត
កំពុងរង់ចាំអ្នក៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Genk