CamNews

យល់ដឹង 

ប្រវត្តិសាស្រ្តដ៏ជូរចត់ ៖ បាតុកម្មទាំង១០ ដែលមានមនុស្សស្លាប់ច្រើនជាងគេលើពិភពលោក

(ពិភពលោក)៖ ជាទូទៅដើម្បីជាការឆ្លើយតបចំពោះភាពមិនពេញចិត្តចំពោះអ្វីមួយ មនុស្សតែងតែប្រមូលផ្តុំគ្នាធ្វើបាតុកម្ម។ បើទោះបីជាទូទៅ វាគ្រាន់តែជាសកម្មភាពដែលមិនប្រើប្រាស់អំពើហិង្សាដោយចំហដូចចលនាបះបោរ ឬសង្គ្រាមក្តី ប៉ុន្តែក្នុងប្រវតិ្តសាស្ត្រពិភពលោកបានបង្ហាញថា មានមនុស្សជាច្រើនសន្ធឹកសន្ធាប់បានស្លាប់ក្នុងការធ្វើបាតុកម្មដោយមិននឹកស្មានដល់។

ជាក់ស្តែងរបាយការណ៍ដកស្រង់ចេញពីគេហទំព័រ List verse បានបង្ហាញថា ការធ្វើបាតុកម្មនៅប្រទេសឥណ្ឌា ឆ្នាំ១៩៤៧មានមនុស្សស្លាប់ច្រើនជាងគេបំផុតរហូតដល់ជាង១លាននាក់។

ខាងក្រោមនេះជារបាយការណ៍នៃព្រឹត្តិការណ៍បាតុកម្មទាំង១០ ដែលមានមនុស្សស្លាប់ច្រើនបំផុតលើពិភពលោក ដោយរាប់ចេញពីតិចទៅច្រើន៖

១០៖ ចលនា៨៨៨៨ កើតឡើងក្នុងប្រទេស ភូមា ឆ្នាំ១៩៨៨ បណ្តាលឱ្យមនុស្ស៣ពាន់នាក់ស្លាប់
មូលហេតុ៖ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រង និងការជិះជាន់ជាច្រើនឆ្នាំដោយឧត្តមសេនីយ៍ Ne Win បានធ្វើឱ្យមានស្ថានភាពសេដ្ឋកិច្ចភូមាធ្លាក់ចុះធ្ងន់ធ្ងរ ប្រជាពលរដ្ឋចាប់ផ្តើមធ្វើបាតុកម្មទ្រង់ទ្រាយធំមួយ។ ដោយសារព្រឹត្តិការណ៍នេះចាប់ផ្តើមនៅថ្ងៃទី៨ ខែសីហាឆ្នាំ១៩៨៨ ទើបធ្វើឱ្យវាមានឈ្មោះថាចលនា៨៨៨៨។ មិនយូរប៉ុន្មាន ការតវ៉ាបានឈានដល់ការសម្លាប់មនុស្ស ពីសំណាក់កម្លាំងប៉ូលីសយោធា ដែលបានព្យាយាមវាយកម្ទេចរាល់ចលនាបះបោរទាំងអស់ដែលពួកគេជួបប្រទះ។

ក្នុងពេលនោះ មនុស្សប្រមាណ៥០ម៉ឺននាក់ កាន់កាប់បានទីក្រុងរ៉ង់ហ្គូន ដែលក្រោយមកបានក្លាយជារដ្ឋធានីនៃប្រទេស មីយ៉ាន់ម៉ា។ សកម្មភាពធ្វើបាតុកម្មបានឈានដល់អំពើហិង្សាទប់ទល់ នឹងប៉ូលីសកាន់តែខ្លាំងឡើងៗ។ កុប្បកម្មនេះ បានកើតឡើងក្នុងពេលដែល លោកស្រី អ៊ុង សានស៊ូជី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំការធ្វើបាតុកម្មនេះ រហូតលោកស្រីទទួលរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ១៩៩១។

ការបញ្ចប់៖ ក្រុមអ្នកធ្វើកុប្បកម្មត្រូវបានបង្ក្រាប ដោយមនុស្សប្រមាណ៣ពាន់នាក់បានស្លាប់ ក្រោមស្នាដៃរបស់រដ្ឋាភិបាលយោធានិយម។ មេដឹកនាំកុប្បកម្មស្ទើរទាំងអស់ត្រូវបានចាប់ខ្លួន ឬនិរទេ្ទសខ្លួន។ ជាអកុសលប្រទេស ភូមានៅតែបន្តស្ថិតក្រោមការដឹកនាំរបស់របបយោធានិយមដដែល ពួកគេត្រូវរង់ចាំរហូតដល់ឆ្នាំ២០១០ ទើបប្រទេសភូមា ត្រូវបានរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យជាលើកដំបូង។

 

៩៖ ចលនាថ្ងៃទី១ ខែមីនា កើតឡើងក្នុងប្រទេសកូរ៉េ ឆ្នាំ១៩១៩ អ្នកស្លាប់ចំនួន៧.៥០០នាក់

មូលហេតុ៖ បន្ទាប់ពីប្រទេសកូរ៉េ ត្រូវបានដាក់បញ្ចូលជាផ្នែកមួយ នៃទឹកដីជប៉ុនក្នុងឆ្នាំ១៩១០ ភាពមិនសប្បាយចិត្តបានកើតឡើង ដោយសារភាពមិនពេញចិត្តចំពោះមេដឹកនាំថ្មីរបស់ខ្លួន ហេតុនេះប្រជាពលរដ្ឋកូរ៉េមានបំណងទាមទារអធិបតេយ្យភាពរបស់ពួកគេត្រឡប់មកវិញ។ ការឃោសនាជម្រុញទឹកចិត្តសាធារណជនឱ្យប្រមូលផ្តុំគ្នា ដែលត្រូវបានធ្វើឡើងដោយលោកប្រធានាធិបតី Woodrow Wilson ដែលបានប្រកាស ពីសិទ្ធិរបស់ប្រជាជននៃប្រទេសមួយ ក្នុងការកំណត់ជ្រើសរើសមេដឹកនាំរបស់ពួកគេ។ ថ្ងៃទី០១ ខែមីនា ឆ្នាំ១៩១៩ ត្រូវបានជ្រើសរើសជាកាលបរិច្ឆេទ នៃការចាប់ផ្តើមចលនាធ្វើបាតុកម្ម ព្រោះវាជាកាលបរិច្ឆេទចុងក្រោយនៃរបបអធិរាជនិយមរបស់ប្រទេសកូរ៉េ។ ទីបំផុតការតវ៉ានេះបានប្រែទៅជាបាតុកម្មទ្រង់ទ្រាយធំបំផុតដើម្បីប្រឆាំងនឹងការគ្រប់គ្រងរបស់បរទេសនៅក្នុងប្រវត្តិសាស្រ្តប្រទេសកូរ៉េ។

ការបញ្ចប់៖ ដំបូងឡើយការធ្វើបាតុកម្មជាទូទៅផ្តើមឡើងដោយអហិង្សា យ៉ាងនេះក្តី យូរៗទៅវាបានឈានដល់ការសម្លាប់មនុស្ស ដោយកងទ័ពជប៉ុនបានបាញ់ប្រហារទៅលើហ្វូងប្រជាពលរដ្ឋកូរ៉េ។ ជនស៊ីវិលជាងពីរលាននាក់បានចូលរួមក្នុងការធ្វើបាតុកម្មនេះ ជាលទ្ធផលវាបណ្តាលឱ្យ៤៦.០០០នាក់ជាប់ពន្ធធនាគារ ៧.៥០០នាក់ត្រូវបានសម្លាប់។

ទោះបីជាពួកគេមិនអាចសម្រេចបាននូវបេសកកម្មរបស់ខ្លួន យ៉ាងហោចណាស់ ចលនាថ្ងៃទី០១ ខែមីនានេះ បានធ្វើឱ្យរដ្ឋាភិបាលជប៉ុន ធ្វើការបន្ធូរបន្ធយការគ្រប់គ្រង ព្រមទាំងការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នសម្រាប់របបសាធារណរដ្ឋកូរ៉េដែល បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្រ្តកូរ៉េ។

 

៨៖ បដិវត្តន៍វណ្ណៈកសិករ កើតឡើងក្នុងប្រទេស រ៉ូម៉ានី ឆ្នាំ១៩០៧នាក់ មនុស្សស្លាប់១១.០០០នាក់

មូលហេតុ៖ ប្រជាពលរដ្ឋដែលជាវណ្ណៈកសិករក្នុងតំបន់មួយដែលបច្ចុប្បន្នបានក្លាយជាប្រទេស រ៉ូម៉ានី មានភាពខឹងសម្បាកើតឡើង ដោយមិនអាចទ្រាំទ្រក្រោមអំណាចរបស់ម្ចាស់ដីដ៏មានស្តុកស្តម្ភ។ បើទោះបីជាពួកគេមានចំនួនប្រមាណជា៨០ភាគរយ នៃប្រជាពលរដ្ឋទាំងអស់ក្តី វណ្ណៈនេះភាគច្រើនគ្មានដីធ្លីកាន់កាប់ដោយខ្លួនឯងឡើយ។ កុប្បកម្មបានកើតឡើងក្នុងខែមីនា ឆ្នាំ១៩០៧ ព្រមទាំងបានរីករាលដាលកាន់តែខ្លាំង។
ការបញ្ចប់៖ រដ្ឋាភិបាលអភិរក្សនិយម មិនអាចដោះស្រាយបញ្ហានេះបានឡើយ ក្រោយមកពួកសេរីនិយមក្តោបក្តាប់អំណាច ព្រមទាំងប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ពួកគេបានបញ្ជូនមនុស្ស១០០.០០០នាក់ដើម្បីបង្ក្រាបកុប្បករ។ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង វណ្ណៈកសិករ ត្រូវបានបង្ក្រាប ហើយរដ្ឋាភិបាលនៅតែកាន់កាប់អំណាចជាថ្មី។ ចំនួននៃការស្លាប់មិនត្រូវបានគេដឹងច្បាស់លាស់ឡើយ ដោយសារស្តេច Carol ទីមួយ បានបំផ្លាញរបាយការណ៍ តែតាមការសន្និដ្ឋានភាគច្រើនបានបង្ហាញថា មនុស្សប្រមាណ១១.០០០នាក់ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍នេះ។

 

៧៖ បាតុកម្ម«សប្តាហ៍នៃការបង្ហូរឈាម» កើតឡើងនៅប្រទេស បារាំង ឆ្នាំ១៨៧១ អ្នកស្លាប់ចំនួន២០.០០០នាក់
មូលហេតុ៖ សហគមន៍ ប៉ារីស ជាក្រុមសង្គមនិយម ដែលបានប្រកាសថា បានគ្រប់គ្រងក្នុងទីក្រុង ប៉ារីសក្នុងឆ្នាំ១៨៧១។ ក្រុមនេះបានរួបរួមគ្នា បន្ទាប់មានក្តីបារម្ភថា របបរាជានិយមក្នុងប្រទេស បារាំងអាចនឹងកើតឡើងសារជាថ្មី រហូតឈានដល់ការដកហូតអាវុធពីឆ្មាំការពារក្នុងទីក្រុង ថែមទៀតផង។ យោថាជាច្រើននាក់ ត្រូវបានបញ្ជូនទៅដើម្បីទប់ទល់ជាមួយក្រុមសកម្មជនដែលទទួលបានការហ្វឹកហាត់តិចតួច ព្រមទាំងបានប្រកាសថា ខ្លួនមានភាពឯករាជ្យពីរដ្ឋាភិបាល។

ការបញ្ចប់៖ នៅថ្ងៃទី២១ ខែឧសភា ក្រុមយោធា បានវាយកាន់កាប់ទៅលើផ្នែកខ្លះនៃទីក្រុង ប៉ារីស ព្រមទាំងចាប់ផ្តើមសម្លាប់រង្គាលដល់មនុស្សគ្រប់គ្នា ដែលសង្ស័យពាក់ព័ន្ធនឹងក្រុមបះបោរ។ បាតុកម្ម«សប្តាហ៍នៃការបង្ហូរឈាម»នេះ បណ្តាលឱ្យជនស៊ីវិលប្រមាណ២០.០០០នាក់ស្លាប់ និងកងកម្លាំងរដ្ឋាភិបាល៧៥០នាក់ស្លាប់។ បន្ទាប់មកចលនាបោសសម្អាតបានកើតឡើង ជាលទ្ធផលមនុស្សប្រមាណ៤០.០០០នាក់ត្រូវបានចាប់ខ្លួន។

 

៦៖ ការសម្លាប់រង្គាល២២៨ កើតឡើងនៅកោះតៃវ៉ាន់ ឆ្នាំ១៩៤៧ អ្នកស្លាប់២៨.០០០នាក់
មូលហេតុ៖ បន្ទាប់ពីការចុះចាញ់របស់ជប៉ុន នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទីពីរ ការគ្រប់គ្រងរបស់ជប៉ុនលើកោះតៃវ៉ាន់រយៈពេល៥០ឆ្នាំ ត្រូវបានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់ប្រទេស ចិនជំនួសវិញ ក្រោមរូបភាពជាការកាន់កាប់ដោយកម្លាំងយោធាជាបណ្តោះអាសន្ន។ ដំបូងឡើយតួនាទីរបស់ប្រទេស ចិន លើកោះតៃវ៉ាន់ គឺក្នុងនាមជាអ្នករំដោះ ប៉ុន្តែក្រោយមកប្រទេស ចិនចាប់ផ្តើមរឹតបន្តឹងទៅលើការគ្រប់គ្រង ដែលបានបង្កឱ្យប្រជាពលរដ្ឋតៃវ៉ាន់ ខឹងសម្បា ព្រមទាំងបង្កនូវវិបត្តិសេដ្ឋកិច្ចសម្រាប់ជនក្រីក្រ។ កំហឹងចុងក្រោយបានកើតឡើង បន្ទាប់ពីមានការចាប់ខ្លួន និងវាយដំទៅលើស្ត្រីមេម៉ាយម្នាក់ដែលបានលក់បារី ដោយគ្មានអាជ្ញាបណ្ឌ។ ព្រឹត្តិការណ៍នេះ បានជម្រុញឱ្យការធ្វើបាតុកម្មទ្រង់ទ្រាយធំមួយភ្លាមៗ ទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៤៧។

ការបញ្ចប់៖ មន្ត្រីរដ្ឋាភិបាលធ្វើពុតជាចរចាជាមួយក្រុមបាតុករ ស្របពេលដែល យោធាជាច្រើននាក់បានបង្ក្រាបទៅលើក្រុមបះបោរ។ នៅថ្ងៃទី០៨ ខែមីនា យោធាបានធ្វើដំណើរទៅដល់ ព្រមទាំងបានបាញ់ប្រហារភ្លាមៗទៅលើបាតុករ និងជនស៊ីវិលដទៃទៀត។ ក្នុងពេលនោះមនុស្សប្រមាណ២៨.០០០នាក់ត្រូវបានសម្លាប់ មនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន ដោយគ្មានហេតុផល។ រហូតដល់ឆ្នាំ១៩៨៧ ច្បាប់ធ្វើសឹកសង្គ្រាម ដែលត្រូវបានគេស្គាល់ឈ្មោះថា «White Terror» ត្រូវបានគេអនុវត្តក្នុងប្រទេសដីកោះនេះ ជាពេលដែលរដ្ឋាភិបាលចិនគ្រប់គ្រងប្រទេស ដោយប្រើប្រាស់កណ្តាប់ដៃដែកជាលើកដំបូង។

 

៥៖ ចលនាបោះឆ្នោតនៃវណ្ណៈកសិករ កើតឡើងក្នុងប្រទេសអែលសាល់ វ៉ាឌ័រឆ្នាំ១៩៣២ អ្នកស្លាប់ចំនយន៣០.០០០នាក់ 
ការចាប់ផ្តើម៖ ក្នុងអំឡុងនៃពាក់កណ្តាលទីពីរ នៃទសវត្សរ៍ឆ្នាំ១៨០០ កាហ្វេ បានក្លាជាផលិតផលសម្រាប់នាំចេញទីមួយរបស់ប្រទេស អែលសាល់វ៉ាឌ័រ ដែលបានជម្រុញឱ្យមានការប្រមូលផ្តុំគ្នានូវដីទ្រង់ទ្រាយធំៗ ដើម្បីចាប់ផ្តើមការដាំដុះ។ ដែលបញ្ហានេះ បានបង្ករឲ្យមានគម្លាតគ្នាកាន់តែខ្លាំងរវាងអ្នកមាន និងអ្នកក្រ ដោយក្រុមជនជាតិភាគតិចតិចត្រូវបានគេបង្ខំឱ្យបោះបង់ដីរបស់ខ្លួន ហើយបានធ្លាក់ខ្លួនក្លាយជាមនុស្សដែលក្រីក្រកាន់តែខ្លាំង។

បន្ទាប់វិបត្តិផលិតផលលើស ក្នុងឆ្នាំ១៩២៩ ទីផ្សារកាហ្វេបានធ្លាក់ជាខ្លាំង ជម្រុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសមួយនេះដួលរលំទាំងស្រុង។ កងយោធារបស់វណ្ណៈកសិករដឹកនាំដោយលោក Agustin Farabundo Marti បានធ្វើបដិវត្តន៍ទាមទារឲ្យមានការផ្លាស់ប្តូរជាបន្ទាន់។

ការបញ្ចប់៖ ពួកយោធា និងប៉ូលីសក្នុងស្រុក បានចាប់ផ្តើមនូវការដាក់សម្ពាធទៅលើទៅលើប្រជាពលរដ្ឋជាមួយនឹងវិធានការណ៍ «ការសម្លាប់រង្គាល» ។ ជាលទ្ធផលមនុស្សប្រមាណពី១០.០០០ទៅល៣០.០០០នាក់ ត្រូវស្លាប់។

 

៤៖ ចលនាបះបោរ Jeju ក្នុងប្រទេស កូរ៉េខាងត្បូងឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៤៩នាក់ ចំនួនអ្នកស្លាប់៦០.០០០នាក់
ការចាប់ផ្តើម៖ ក្នុងពេលនោះ អង្គការសហប្រជាជាតិ និងសហភាពសូវៀត បានគ្រប់គ្រងទៅលើប្រទេសកូរ៉េ ដោយសហភាពសូវៀត បានប្រកាសថា ការបោះឆ្នោតយុត្តិធម៌មួយ ត្រូវបានរៀបចំឡើងក្នុងភាគខាងជើងនៃប្រទេស ខណៈដែលខ្លួនបានបដិសេធចំពោះការលូកដៃរបស់អង្គការសហប្រជាតិក្នុងប្រទេសមួយនេះ។ 
ប្រជាពលរដ្ឋមួយភាគធំដែលរស់នៅលើកោះ Jeju ដែលបច្ចុប្បន្នស្ថិតក្នុងទឹកដីនៃប្រទេស កូរ៉េខាងត្បូង មានភាពមិនទុកចិត្តលើការបោះឆ្នោតដេលមានអង្គការសហប្រជាជាតិនៅពីក្រោយខ្នង។ ក្នុងអំឡុងនៃការធ្វើបាតុកម្មដោយសន្តិភាព មនុស្សបានបដិសេធចំពោះការបោះឆ្នោត ក្នុងពេលនេះ ប៉ូលីសបានបាញ់ប្រហារទៅលើក្រុមបាតុករបាន បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ក្នុងឆ្នាំ១៩៤៧។ នៅឆ្នាំបន្ទាប់ ការធ្វើកុប្បកម្មទ្រង់ទ្រាយធំមួយបានផ្ទុះឡើង ដោយក្រុមកុប្បកម្មទាំងនោះ បានវាយប្រហារទៅលើអគារសំខាន់ៗរបស់រដ្ឋាភិបាល។

ការបញ្ចប់៖ បន្ទាប់មានកិច្ចចរចារវាងកងកម្លាំងទាំងពីរភាគី រដ្ឋាភិបាល កូរ៉េខាងត្បូង ចាប់ផ្តើមធ្វើប្រតិបត្តិការបង្ក្រាបរាល់សកម្មភាពកុប្បកម្មនានា។ កម្លាំងយោធាបានសម្លាប់ដោយគ្មានរើសមុខ ព្រមទាំងបានរំលោភស្ត្រីវ័យក្មេង ដែលចាប់បានពីក្នុងភូមិ។ តាមការសន្និដ្ឋានបានបង្ហាញថា មនុស្សប្រមាណ៦០.០០០នាក់បានស្លាប់។ មិនតែប៉ុណ្ណោះអ្នកភូមិលើកោះនេះប្រមាណ៧០ភាគរយត្រូវបានដុតសម្លាប់ទាំងរស់។

 

៣៖ ចលនាបះបោរ ទីបេ ឆ្នាំ១៩៥៩ អ្នកស្លាប់៨៦.០០០នាក់
ការចាប់ផ្តើម៖ បន្ទាប់ពីកងកម្លាំងប្រទេស ចិនគ្រប់គ្រងលើតំបន់ទីបេ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់សង្គ្រាមលោកលើកទីពីរ ភាពមិនចុះសម្រុងគ្នា បានបង្កឱ្យមានអំពើហិង្សាកើតឡើង។ កងម្លាំងសេរីចិន ដែលបានធ្វើបាបប្រជាពលរដ្ឋទីបេយ៉ាងសាហាវយ៉ងឃ្នង។ ថ្ងៃមួយនៅពេលដែលសង្ឃដាឡៃ ឡាម៉ាត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីការសម្តែងមួយក្នុងប្រទេស ចិន នៅដើមខែមីនា ឆ្នាំ១៩៥៩ មនុស្សប្រមាណជិត១០.០០០នាក់បានហ៊ុំព័ទ្ធមេដឹកនាំទាំងស្មារតី និងនយោបាយរូបនេះ ដើម្បីការពារព្រះអង្គ ចេញពីអ្វីដែលពួកគេគិតថា ជាអន្ទាក់។ នៅថ្ងៃទី១០ ខែមីនា ក្រុមប្រឆាំងចលនាកុម្មុយនីស និងចិន បានប្រមូលផ្តុំគ្នាតាមដងផ្លុវ ក្នុងរដ្ឋធានី Lhasa។ សង្ឃដាឡៃឡាម៉ា បានជម្លៀសខ្លួនទៅកាន់ប្រទេស ឥណ្ឌា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ ដើម្បីជៀសវាងពីការកំហឹងរបស់ចិន។

ការបញ្ចប់៖ ក្នុងរយៈពេល៩ថ្ងៃបន្ទាប់ រដ្ឋាភិបាលចិន បានចាប់ផ្តើមបាញ់ប្រហារដោយកាំភ្លើងធំទៅលើវិមានរបស់សង្ឃដាឡៃ ឡាម៉ា ដែលបានបង្កឱ្យមានការខឹងសម្បាជាខ្លាំងទូទាំងតំបន់ទីបេ។ ក្រុមបះបោរភ្លាមៗនោះ បានចាប់ផ្តើមការវាយប្រហារ ប៉ុន្តែពួកគេគ្មានជំនាញ និងសមត្ថភាព គ្រប់គ្រាន់ក្នុងការទប់ទល់ជាកងកម្លាំងរដ្ឋាភិបាលចិនឡើយ។ ចលនាកុប្បកម្មបានកើតឡើងក្នុងរយៈពេលត្រឹមពីរថ្ងៃ បន្ទាប់មកក្រុមបះបោរបានចាញ់កងកម្លាំងរបស់ប្រទេស ចិន។ ប្រតិបត្តិការបោសសម្អាតបានបណ្តាលឱ្យប្រជាពលរដ្ឋក្នុងតំបន់ទីបេ ៨៦.០០០នាក់ស្លាប់ ក្នុងអំឡុងនៃការធ្វើចលនាបះបោរនេះ។

 

២៖ La Violencia ប្រទេស កូឡំប៊ី ឆ្នាំ១៩៤៨ដល់ឆ្នាំ១៩៦០ អ្នកស្លាប់២០០.០០០នាក់
ការចាប់ផ្តើម៖ ក្នុងឆ្នាំ១៩៤៨ បេក្ខជនប្រធានាធិបតីបក្សសេរីនិយម ដែលកំពុងមានប្រជាប្រិយភាពលោក Jorge Eliecer Gaitan ត្រូវបានគេធ្វើឃាត ដែលបង្កនូវការធ្វើកុប្បកម្មដែលត្រូវបានគេហៅថា Bogotazo ដែលជាលទ្ធផលបណ្តាលឱ្យមនុស្សប្រមាណ៥.០០០នាក់ស្លាប់ក្នុងរយៈពេលត្រឹម១០ម៉ោង។ ការបង្ក្រាបដោយហិង្សាបានកើតឡើងភ្លាមៗ។ នៅពេលបេក្ខជនប្រធានាធិបតីបក្សអភិរក្សនិយមលោក Laureano Gomez បានក្លាយជាប្រធានាធិបតីក្នុងឆ្នាំ១៩៥០ បក្សសេរីនិយមត្រូវប្រឈមមុខនឹងភាពខឹងសម្បារបស់រដ្ឋាភិបាលនៃបក្សកាន់អំណាច។ ក្នុងដំណាក់កាលដ៏ធ្ងន់ធ្ងរបំផុតមានមនុស្សប្រមាណ១.០០០នាក់បានស្លាប់ក្នុងរយៈពេលមួយខែ។

ការបញ្ចប់៖ ក្នុងឆ្នាំ១៩៥៣ លោកមេបញ្ជាការ Gustavo Rojas Pinilla បានឡើងកាន់អំណាច និងមានបំណងចង់បញ្ឈប់ឥទ្ធិពលនៃព្រឹត្តិការណ៍ La Violencia យ៉ាងនេះក្តីលោកមិនអាចបំពេញតាមការសន្យារបស់ខ្លួនបាន ដែលបានបង្កឱ្យមានក្តីខឹងសម្បាជាខ្លាំងក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់ជនបទ។ វិបត្តិសេដ្ឋកិច្ចកើតឡើងដោយសារការធ្លាក់ចុះនូវតម្លៃកាហ្វេ។ រដ្ឋាភិបាលស៊ីវិល ត្រូវបានបង្កើតឡើងភ្លាមៗ ហើយការធ្វើកុប្បកម្មចុងក្រោយត្រូវបានបញ្ចប់ ប៉ុន្តែក្នុងអំឡុងនៃភាពហ្វឹកវរនេះកើតឡើង មនុស្សសរុបរហូតដល់២០០.០០០នាក់បានស្លាប់ និងមនុស្សជាង៨០០.០០០នាក់រងរបួស។

 

១០៖ ការផ្តាច់ខ្លួនរបស់ឥណ្ឌាក្នុងឆ្នាំ១៩៤៧ មនុស្ស៥០ម៉ឺន ទៅ១លាននាក់ត្រូវស្លាប់

ការចាប់ផ្តើម៖ បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង់គ្លេស អស់រយៈពេលជិត១០០ឆ្នាំ ប្រទេសឥណ្ឌាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៤៧ ដោយចក្រភពអង់គ្លេសសម្រេចបង្កើតប្រទេសថ្មីមួយ គឺប៉ាគីស្ថានដែលស្ថិតនៅលើដែនដីភាគខាងលិច ដែលភាគច្រើនពោរពេញដោយពួកម៉ូស្លីម។ មនុស្សជាង១០លាននាក់ត្រូវបានបញ្ជូនផ្តាច់ទៅ កាន់ប្រទេស ឥណ្ឌា ឬប៉ាគីស្ថាន ដែលភាគច្រើនអាស្រ័យដោយជំនឿសាសនា។

ដោយសារការបង្កើតប្រទេសថ្មីមួយភ្លាម ដោយសារបារម្ភខ្លាចបាត់បង់ឱកាសគ្រប់គ្រងលើប្រជាពលរដ្ឋ ធ្វើឱ្យបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរគ្មានភាពច្បាស់លាស់ ហើយជាលទ្ធផលបង្កនូវកុប្បកម្មដែលពោរពេញដោយហិង្សាកើតឡើង ដោយតំបន់ Punjab និង Bengal បានក្លាយជាតំបន់ដែលប្រឈមមុខដាក់គ្នាខ្លាំងបំផុត។

ការបញ្ចប់៖ អំពើហិង្សាភាគច្រើនកើតឡើង ដោយសារស្ត្រីមានផ្ទៃពោះ និងកុមារត្រូវគេកាត់ប្រដាប់ភេទ ដែលតែងតែកើតឡើងរវាងភាគីទាំងសងខាង។ ភាពជ្រុលនិយមផ្នែកសាសនា បានជះឥទ្ធិពលជាខ្លាំងដល់ប្រទេសទាំងពីរក្នុងអំឡុងឆ្នាំ១៩៤៧។ នេះជាហេតុផលមួយដែលជម្រុញឱ្យ ចក្រភពអង់គ្លេសសម្រេចបង្កើតប្រទេសមួយដែលកាន់សាសនាឥស្លាម និងប្រទេសមួយកាន់សាសនាហិណ្ឌូ។

សូមជម្រាបថា បន្ទាប់ពីអំពើហិង្សាបានបញ្ចប់ទៅ មនុស្សប្រមាណពី៥០ម៉ឺន ទៅ១លាននាក់ត្រូវបានស្លាប់បង់ជីវិត៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: US China Hong Kong Pentagon Int news Hot news