CamNews

កីឡា 

កីឡាករឆ្នើមកម្ពុជា ៤រូប ធ្វើឲ្យគ្រូបង្វឹកម៉ាកាវ បារម្ភ និងត្រៀមយុទ្ធសាស្រ្តទប់ ក្នុងជំនួបជើង ទី២

ភ្នំពេញ៖ ក្រោយម្ចាស់ផ្ទះកម្ពុជា ផ្ដល់កាដូ ៣គ្រាប់ ជូនក្រុមភ្ញៀវម៉ាកាវ ក្នុងជើងទី១ នៃវគ្គជម្រុះពានរង្វាន់ World Cup ឆ្នាំ២០១៨ កាលពីម្សិលមិញ គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ ក៏បានសម្លឹងមើល អំពីសមត្ថភាព កីឡាករលេចធ្លោ មួយចំនួនរបស់កម្ពុជា ដើម្បីត្រៀមទប់ទល់ ពេលជួបគ្នា ក្នុងជើងទី២ នៅលើទឹកដី ម៉ាកាវ វិញផងដែរ ។

លោក Joseph Tam Cao San គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាកាវ បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីក្រុមខ្លួន បរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិកម្ពុជា យ៉ាងចាស់ដៃភ្លាមៗថា ទោះបីជើងទី២ ការប្រកួតនឹងធ្វើឡើង នៅលើទឹកដីម៉ាកាវ ក៏ពិតមែន ប៉ុន្ដែបើប្រៀបធៀប សមត្ថភាពកីឡាករ ក្នុងការប្រកួតជើងទី១នេះ កីឡាករម៉ាកាវ មិនអាចប្រៀបនឹងកីឡាករកម្ពុជា បាននោះទេ ទាំងល្បឿន កម្លាំង និងបច្ចេកទេស ។

លោកបានបញ្ជាក់យ៉ាង ដូច្នេះថា «ជួបគ្នាជើងទី១នេះ កីឡាករខ្ញុំល្អតែតង់ទី១ទេ ព្រោះកម្លាំងនៅមាន ប៉ុន្ដែចូលដល់តង់ទី២ កម្លាំងចាប់ផ្ដើមធ្លាក់ចុះ ស្របពេលកីឡាករកម្ពុជា កាន់តែមានសន្ទុះខ្លាំង ធ្វើឲ្យខ្ញុំជាគ្រូបង្វឹក ពិបាកនឹងរកយុទ្ធសាស្រ្ដ ទប់ទល់ណាស់ ។ ក្នុងនោះកីឡាករកម្ពុជា ៣-៤នាក់ ដែលខ្ញុំព្រួយបារម្ភ ពេលទៅប្រកួត នៅម៉ាកាវ គឺមានកីឡាករ ពាក់អាវលេខ៧ (ប្រាក់ មុន្នីឧត្តម), លេខ៩ (ឃួន ឡាបូរ៉ាវី), លេខ១១ (ចាន់ វឌ្ឍនាកា) និងកីឡាករពាក់អាវលេខ១៧ (ឈិន ឈឿន)» ។

គ្រូបង្វឹករូបនេះ បានបន្ដថា កីឡាករកម្ពុជាទាំង ៤រូប មានល្បឿនលឿន ហើយមានទិចនិចខ្ពស់ទៀត ដូច្នេះពេលទៅប្រកួត នៅលើទឹកដីម៉ាកាវ លោកនឹងផ្លាស់ប្ដូរ យុទ្ធសាស្ដ្រលេង ដើម្បីការពារពួកគេទាំង ៤នាក់ ។ ដូច្នេះជើងទី២ លោកនឹងប្រមូលផ្ដុំ កីឡាករហ្វឹកហាត់ ដោយយកចិត្តទុកដាក់ ខ្ពស់បំផុត ដើម្បីស្វែងរកជ័យជំនះ ត្រឡប់មកវិញ ។ ចាំមើលតើលោក Joseph Tam Cao San នឹងប្រើយុទ្ធសាស្ដ្រអ្វី ដើម្បីការពារកីឡាករឆ្នើមទាំង ៤នាក់ របស់កម្ពុជា ពេលជួបគ្នាក្នុងជើងទី២?

គួរបញ្ជាក់ថា ជំនួប ជុំទី១ ជើងទី២ នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ ពិភពលោក FIFA World Cup ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី ប្រចាំទ្វីបអាស៊ី រវាងក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា និងម៉ាកាវនោះ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ខាងមុខនេះ នៅទីក្រុងម៉ាកាវ ប្រទេសចិន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Sport News Cambodia PP