CamNews

តារា 

រឿងរ៉ាវកំសត់របស់ ចាន់ កេសី បេក្ខ​នារី​ឈាន​ដល់​វ​​គ្គ​ចុង​ក្រោយកម្មវិធីកំពូល​តារា​បង្ហាញ​ម៉ូដកម្ពុជា

ភ្នំពេញ៖ បេក្ខនារី របស់កម្មវិធី «កំពូលតារាបង្ហាញម៉ូដកម្ពុជា» ឬ Cambodia Next top Model នៅសល់តែបីរូប ប៉ុណ្ណោះ គឺតារាបង្ហាញម៉ូដអាជីព កញ្ញា ចាន់ កេសី ពីធីការិនីអាជីព កញ្ញា ដាលីស និងអតីតអ្នកធ្វើការ ក្នុងភោជនីយ ដ្ឋាន កញ្ញា គង់ ការ ។ បេក្ខភាពទាំងបីរូបចុងក្រោយនេះ ត្រូវបានទស្សនិកជនឃើញថា ពិតជាមានសមត្ថភាព អស្ចារ្យ លើសគេទើបពួកនាងអាចឈរជើង ដល់វគ្គចុងក្រោយ ។

ក្នុងចំណោមបេក្ខនារីទាំងបីរូបខាងលើ មានបេក្ខនារីម្នាក់ ត្រូវបានគេដឹងថា មានកម្រិតជីវភាពលំបាកលំបិនជាងគេ គឺ កញ្ញា កេសី ឬ ស្រីម៉ៅ ជាអ្នកបង្ហាញម៉ូដអាជីព ក្នុងក្រុម Cambodia Super Model ។ ប៉ុន្តែនាងមិនសូវចេញមុខច្រើន ឡើយ ព្រោះនាងមិនសូវត្រូវប៉ាន់ដូចគេ ។

ក្រឡេកមើលពីប្រវត្តិ នាងកេសី ប្រៀបបាននឹងរឿងគេនិយាយ ពីនារីរូបអាក្រក់ម្នាក់ ចង់ក្លាយជាផ្កាយលើមេឃ ព្រោះ នាងជានារីក្រីក្រ ដែលឪពុកម្ដាយ មានមុខរបរធ្វើធ្យូងលក់ អាចនិយាយបានថា ថៅកែធ្យូង និង មានជីវិភាពយ៉ាប់យ៉ឺន រកស៊ីចឹញ្ចឹមក្រពះ ដើម្បីឲ្យរស់មួយថ្ងៃៗប៉ុណ្ណោះ ។
 
ប្រភពពីមិត្តភក្ដិ របស់កេសី កាលនៅវិទ្យាល័យ បាននិយាយថា កេសី សូម្បីតែកង់ជិះមួយគ្រឿងក៏គ្មានដែរ ពេលទៅ រៀនម្ដងៗ តែងតែអាស្រ័យកង់ ជាមួយមិត្តភក្តិ។ នាងមាននិស្ស័យជាអ្នកសិល្បៈ តាំងពីតូច តែនាងត្រូវបានគេសើច ចំអកថា មិនប្រមាណខ្លួន តាំងពីតូច ព្រោះរូបរាងខ្មៅក្រញេះៗ ចង់ក្លាយជាតារា ។
 
តែ កេសី ពិតជាមនុស្សម្នាក់ ព្យាយាមតស៊ូបំផុត នាងបានរសាត់អណ្តែតមកទីក្រុង ទោះបីជាពីមុនមិនស្គាល់ថាជា អ្វីក៏ដោយ? តែនាងហ៊ានមករស់នៅម្នាក់ឯង ដើម្បីសម្រេចក្ដីប្រាថ្នា តាំងពីតូចមួយនេះ ។
 
ត្រឡប់ចូលមកក្នុងកម្មវិធី«កំពូលតារាបង្ហាញម៉ូដកម្ពុជា» វិញ កេសី ត្រូវបានគេរិះគន់ និងសរសើរព្រមគ្នា ព្រោះនាង ហ៊ានបង្ហាញ ហ៊ានថា ហ៊ានធ្វើ និង ពូកែចងចាំ គ្រប់ការបង្ហាត់បង្រៀនពីគ្រូៗគ្រប់វគ្គ ។ តែចំណុច ដែលគេរិះគន់ គឺ នាងជាតារាបង្ហាញម៉ូដ តែរូបភាពថតមិនសូវស្អាត ប្រៀបដូចជាអ្នកដែល មិនទាន់ប្រឡូកក្នុងវិស័យរូបថតនេះ ។ កេសី គួរតែមានអ្វីពិសេសៗជាងនេះ បន្ថែមទៀត ដើម្បីបង្ហាញទស្សនិកជនថា នាងជាអ្នកអាជីព មិនមែនក្មេងទើបតែចូល ថតបង្ហាញម៉ូដ កាលពីម្សិលមិញនោះទេ ។

យ៉ាងណាក្ដី កេសី ក៏បានមកដល់វគ្គចុងក្រោយ ដែលឈានទៅដណ្ដើមលុយ១ម៉ឺនដុល្លារ ពីកម្មវិធីដើម្បីយកលុយជួយ គ្រួសារនាង ដែលកំពុងតែលំបាកនេះ ។ គេមិនទាន់ដឹងទេថា នាងអាចដណ្ដើមបានជ័យជំនះឬក៏អត់ ខណៈដែលគូ ប្រជែងនាង សុទ្ធតែខ្លាំងៗមិនធម្មតា ។ តែនៅថ្ងៃសុក្រទី២៧ខាងមុខនេះ កម្មវិធីនឹងមានការផ្សាយផ្ទាល់ ហើយក៏ជា វគ្គចុងក្រោយបំផុត សម្រាប់បេក្ខនារីទាំងបី បង្ហាញសមត្ថភាព ឲ្យមហាជនបានទស្សនា៕

 


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh