ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១៣ នាក់ ត្រូវបានសម្លាប់ នៅ ក្នុង ក្រុង Mughalsarai នារដ្ឋ Uttar Pradesh ភាគខាងជើង ប្រទេស ឥណ្ឌា បន្ទាប់ពីសំណង់អាគារ កំពុងតែសាងសង់មួយកន្លែង បាក់ រលំ នេះបើយោងតាមសម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់ កើតហេតុ ស្រាយបំភ្លឺ ដល់ សារព័ត៌មាន AP កាលពី ថ្ងៃអាទិត្យកន្លងទៅនេះ ។
សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានរុស្ស៊ី អ័រតេ អោយដឹងថា ៖ ក្នុងចំណោមជនរងគ្រោះទាំងអស់ ពួក គេសុទ្ធសឹងជាបងប្អូន ម្ចាស់អាគារបាក់រលំនោះផ្ទាល់តែម្តង ។ គួរបញ្ជាក់ ថា នាវិនាទី បាក់រលំ ពួកគេ កំពុងតែដេកលង់លក់ក្នុងសុបិន្តនៅជាន់ក្រោមបំផុត ។
របាយការណ៍ បន្តអោយដឹងថា ៖ ជនរងគ្រោះ ២ នាក់ ក្នុងចំណោមជនរងគ្រោះ ទាំង ១៣ នាក់ គឺជាក្មេង តូចមានអាយុក្រោម ៨ ឆ្នាំ ។ ជាការពិត វាជាសោកនាដកម្ម ដ៏អាក្រក់ ពីព្រោះថា មនុស្សត្រូវកប់ទាំងរស់ ដោយសារតែការបាក់រលំលើកនេះ ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមមន្រ្តីពាក់ ព័ន្ធ ក៏កំពុងតែតាមដាន ស៊ើបអង្កេត រកមូលហេតុ នៃការបាក់រលំលើកនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ