បាត់ដំបង៖ តារាចម្រៀងបែបយេៗ នាង ឆៃលី ដាឡែន បានសម្រេចចិត្ត បញ្ចប់ភាពនៅលីវ របស់ខ្លួនហើយ ដោយបានចូលរោងការ ជាមួយកំឡោះសង្ហា ជាតារាម៉ូដែល លោក រិទ្ធី ឧត្តមស៊ីដារ៉ា ហៅ តារា រយៈពេល ២ថ្ងែ គឺថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៥នេះ នៅឯខេត្តបាត់ដំបង ទឹកដីកំណើតរបស់នាង ។
ក្នុងពិធីមង្គលការ របស់តារាចម្រៀង ឆៃលី ដាឡែន គេសង្កេតឃើញ វត្តមានអ្នកសិល្បៈជិតស្និទ្ធ ទៅចូលរួមអបអរសាទរ ដល់ទឹកដីកំណើត និងជាកន្លែងប្រារព្ធពិធីរបស់នាង ព្រមទាំងញាតិសន្ដាន យ៉ាងច្រើនកុះករ ខណៈដែលពិធីនេះ ត្រូវធ្វើឡើង តាមទំនៀមទម្លាប់អ្នកស្រុក បាត់ដំបងតែម្ដង។
នាង ឆៃលី ដាឡែន និង លោក រិទ្ធី ឧត្តមស៊ីដារ៉ា បានស្វែងយល់ចិត្តគ្នា អស់រយៈពេលជិត២ឆ្នាំមកហើយ មុននឹងអ្នកទាំងពីរសម្រេចចិត្ត ចូលរោងការជាមួយគ្នា តាមប្រពៃណីខ្មែរ នៅថ្ងៃនេះ ។ យ៉ាងណាក្ដីប្រភពព័ត៌មាន ពីអ្នកសិល្បៈ ដែលមិនបានទៅចូលរួម មង្គលការ ឆៃលី ដាឡែន នៅឯខេត្តបាត់ដំបង បានឲ្យដឹងថា គូស្វាមីភរិយាថ្មីនេះ នឹងមកធ្វើការកាត់ចំណងដៃ ទទួលភ្ញៀវកិត្តិយស នៅក្នុងទីក្រុងភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយនឹងមានភ្ញៀវចូលរួមប្រមាណ៦០ទៅ៧០ តុឯណោះ ៕
- អាន ៖ ឆៃ លីដាឡែន នឹងបញ្ចប់ ភាពក្រមុំ នៅថ្ងៃទី២៣ មករា នេះ
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល