CamNews

តារា 

លាង សុផាឡែន អួតពី​សន្ទុះ​ការងារ​កើន​ឡើង និងបង្ហាញ​សញ្ញាណ​ចង់​បាន​ប្តី (មានវីដេអូ)

ភ្នំពេញៈ តារាចម្រៀងស្រីដែលអាចបកស្រាយ បទចម្រៀងទាំងជាតិ និងអន្តរជាតិ បានយ៉ាង ពិរោះរណ្តំចិត្ត កញ្ញា លាង សុផាឡែន បានបង្ហើបឲ្យដឹងថា នៅដំណាច់ឆ្នាំ២០១៣ និងចូល មកដើមឆ្នាំ២០១៤ នេះ សន្ទុះការងាររបស់នាង មានការកើនឡើងខ្លាំងជាងមុនច្រើន ស្ទើររក ពេលសម្រាក់គ្មាន ។

ស្ថិតនៅក្នុងការតុបតែង ខ្លួនបែបស្តាយយុវវ័យ និងជាតារាចម្រៀង ប្រចាំផលិតកម្មភ្លេងរីខដ កញ្ញា លាង សុផាឡែន បានប្រាប់នៅក្នុងកម្មវិធី “តារាក្នុងដួងចិត្តខ្ញុំ” របស់វិទ្យុដើមអម្ពិល FM 93.75 មេហ្គាហឺត កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤នេះថា បច្ចុប្បន្ននាងមិនសូវមានពេល ទំនេរទេ ព្រោះត្រូវត្រៀមបទចម្រៀងថ្មីៗ សម្រាប់បម្រើអារម្មណ៍ ទស្សនិកជនហើយពេលនេះ នាងក៏កំពុងតែមានទីផ្សារច្រើន ទៅលើការចេញទៅច្រៀង នៅតាមបណ្តាខេត្តច្រើនជាប់ៗគ្នា ។

តារាចម្រៀងដែលទើបតែទទួល បានរហ័សនាមថ្មីថា កញ្ញាបេះដូងមួយរយ រូបនេះបានប្រាប់ឲ្យ ដឹងថា “នៅក្នុងរយៈពេល ២ខែចុងក្រោយនេះ ខ្ញុំពិតជាមានការមមាញឹកខ្លាំង ត្រូវចេញទៅ ច្រៀងនៅខេត្តជាច្រើនជាប់ៗ គ្នាអត់មានពេលសម្រាក់ទេ ខ្ញុំគិតថាយីអ៊ុនរបស់ខ្ញុំ ប្រហែលជា អាចឡើង កាន់តែខ្លាំងនៅក្នុងឆ្នាំថ្មីនេះ ហើយមើលទៅ ” ។

ទន្ទឹមនឹងភាពជោគជ័យ នៅក្នុងសិល្បៈនោះ តារាស្រីដែលមាន ចរិករួសរាយរាក់ទាក់ និងមានស្នាមញញឹមជាប់នៅលើផ្ទៃមុខ កញ្ញា សុផាឡែន បានបង្ហើបប្រាប់ ឲ្យដឹងទៀតថា ចូលមក ដល់ឆ្នាំថ្មីនេះនាងមានវ័យ ២៧ឆ្នាំហើយ តែនៅមិនទាន់មាន គូកំណាន់ចិត្ត ឫក៏សង្សារឡើយ ព្រោះថានាងមិនទាន់ស្វែងរកឃើញ “ ការនិយាយបែបនេះ មិនមែនថា ខ្ញុំមិនចង់បានទេ គឺកំពុង តែសម្លឹង មើល ព្រោះថាកន្លងមក ធ្លាប់មានអ្នកតាមស្រលាញ់ ខ្ញុំច្រើនគួរសមដែរ តែខ្ញុំហាក់ គ្មាននិស្ស័យ ទាល់តែសោះ ប្រសិនថ្ងៃណាមួយខ្ញុំបាន ជួបអ្នកដែលខ្ញុំស្រលាញ់ និងពេញចិត្តអាចសាង គ្រួសារ ជាមួយគ្នាខ្ញុំ នឹងប្រកាសដោយចំហរ តែពេលនេះខ្ញុំនៅមិនទាន់មាន ម្ចាស់ចិត្តនៅឡើយ ទេ ” ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល


Tags: Khmer star National news