CamNews

ព័ត៌មានអន្តរជាតិ 

យោធាតួកគី ចេញប្រតិបត្តិការទ្រង់ទ្រាយធំជាមួយអាមេរិក ដើម្បីបោសសម្អាតក្រុម ISIS នៅព្រំដែនស៊ីរី

(អង់ការ៉ា)៖ កងទ័ពប្រតិបត្តិការពិសេស របស់ប្រទេសតួកគី គាំទ្រដោយយន្តហោះចម្បាំង មកពីសហរដ្ឋអាមេរិក បានរួមគ្នាចេញបេសកកម្មប្រយុទ្ធ នៅភាគខាងជើង​ប្រទេសស៊ីរី ដើម្បីកម្ចាត់មូលដ្ឋាន​របស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៉ីស្លាម ISIS នៅតំបន់ជាប់ព្រំដែនតួកគី​។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច នា​ថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០១៦។

រដ្ឋាភិបាលតួកគី បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃពុធនេះទៀតថា ពីដំបូងយោធាតួកគី បានចាប់ផ្តើមបើកការ វាយប្រហារដោយកាំភ្លើងធំ ទៅលើទីក្រុង Jarablus តាមព្រំដែនស៊ីរី ដែលបានធ្វើឡើង​តាំងពីម៉ោង ១៖០០នាទី រំលងអាធ្រាតឈានចូល​ថ្ងៃពុធនេះ។ ផ្សែងហុយខ្មួលខ្មាញ់​ចេញពីទីក្រុង ISIS ខាងលើនេះ ត្រូវបានសារព័ត៌មាន CNN ចាប់រូបភាពបាន ពីទីក្រុង Karkamis របស់ប្រទេសតួកគី​ផងដែរ។

គួរបញ្ជាក់ថា នេះជាការសងសឹកទ្រង់ទ្រាយធំ​ មួយរបស់តួកគី ដែលបានធ្វើឡើង ក្រោយពីបណ្តាញក្រុម ISIS បាន ធ្វើការវាយប្រហារមួយ ទីក្រុង Gaziantep នៅភាគអាគ្នេយ៍ប្រទេស នៅពេលប្រជាជន កំពុងរៀបចំពិធីរៀបការ យ៉ាងសប្បាយរីករាយ បែរជាមានគ្រាប់បែកផ្ទុះឡើង​ដ៏កក្រើក នាំឲ្យមនុស្សក្មេងចាស់ប្រុសស្រី ៥៤នាក់ស្លាប់ និង ជាង២០០នាក់ រងរបួស៕


ផ្តល់សិទ្ធិដោយ ៖ ​ខ្មែរថកឃីង


Tags: ISIS