(ភ្នំពេញ)៖ តារាចម្រៀងស្រីវ័យក្មេង សំឡេងពីរោះ និងពោរពេញទៅដោយសមត្ថភាពស្រីស្រស់ ទេព បូព្រឹក្ស ត្រូវបានទស្សនិកជន មើលឃើញថា នាងជាតារាពូកែតុបតែងខ្លួន និងលេងស្ទីលសាហាវ កាចៗមិនចាញ់តារាបរទេសនោះទេ ។ ពិសេស ទេព បូព្រឹក្ស តែងតែលេងពណ៌សក់ផ្សេងៗគ្នា ដែលគ្មានតារាចម្រៀងស្រីរូបណា ហ៊ានលេងពណ៌ដូចជារូបនាងឡើយ រហូតទស្សនិកជនខ្លះមានហៅនាងថា «រាជនីសក់ពណ៌» ។ ថ្មីៗនេះ តារាចម្រៀងប្រចាំក្នុងផលិតកម្ម ហង្សមាស និងជាគូសត្រូវ របស់អ្នកនាង ពេជ្រ សោភា កញ្ញាទេព បូព្រឹក្ស បានព្រលយឲ្យដឹងថា សូមមនុស្សទាំងអស់កុំមើលមកនាង រួចវាយតម្លៃតែសម្បកក្រៅ ព្រោះនាងមិនមែនជាមនុស្សដូចអ្វី ដែលអ្នកកំពុងមើលនោះទេ។
ថ្វីដ្បិតតែ ទេព បូព្រឹក្ស តុបតែងខ្លួនបានស្អាតលេចធ្លោ និងទាក់ទាញ ប៉ុន្តែវាបានក្លាយជាឧបសគ្គ សម្រាប់អ្នករៀបចំកម្មវិធីមួយចំនួនទៅវិញ ព្រោះកម្មវិធីថ្នាក់ជាតិមួយចំនួន គេមើលរំលង ទេព បូព្រឹក្ស ព្រោះគេគិតថា នាងសក់ពណ៌ពិបាកចូលកម្មវិធីគេ ទាំងនាងមិនបានយកថវិកាផង ក៏នាងមិនបានចូលរួមឡើយ។ តារាចម្រៀងស្រីវ័យក្មេង ទេព បូព្រឹក្ស ទើបតែបានបង្ហាញវត្តមាន ក្នុងកម្មវិធី «យុវជន និងវប្បធម៌ចែករំលែក» របស់សាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល ដែលជាកម្មវិធីមួយ នាងមិនទទួលបានប្រាក់កំរៃឡើយ ប៉ុន្តែទេព បូព្រឹក្ស នៅតែចូលរួម ហើយនាំទាំងក្រុមរាំជិតដប់នាក់ មកថែមទៀតផង ។
អ្នករៀបចំកម្មវិធីបានឲ្យដឹងថា ទេព បូព្រឹក្ស ពេលទទួលបានការអញ្ជើញភ្លាម នាងឆែកក្នុងតារាងភ្លាម ឃើញថា ទំនេរអាចចូលរួមបាន ដោយខាងសាលាសុំនាងឲ្យច្រៀង តែបីបទប៉ុណ្ណោះ ប៉ុន្តែក្រោយពីនាងចូលរួម ហើយមានការគាំទ្រខ្លាំង ពីសំណាក់និស្សិតពេទ្យទាំងអស់ ដែលយុវជនទាំងនោះ បានបង្ហាញក្ដីស្រឡាញ់ចំពោះនាង ធ្វើឲ្យ ទេព បូព្រឹក្ស ច្រៀងថែមជូននិស្សិត ចំនួនពីរបទទៀត សរុបចំនួនប្រាំបទ ហើយនេះជាមោទនភាព សម្រាប់អ្នករៀបចំកម្មវិធី ដែលអាចធ្វើឲ្យនាងមិនខ្លាចភាពនឿយហត់ និងសម្ដែងជូនបងប្អូន និស្សិតទាំងអស់ ។
តារាចម្រៀង ទេព បូព្រឹក្ស បានប្រាប់ Khmertalking ថា «កុំឃើញខ្ញុំលាបសក់ពណ៌ ថាខ្ញុំចិត្តអាក្រក់អី ការតុបតែងខ្លួន គ្រាន់តែជាសម្បកក្រៅប៉ុណ្ណោះ ម្យ៉ាងវាជាអ្វីដែលខ្ញុំចូលចិត្ត តែសម្រាប់សកម្មភាព សប្បុរសធម៌ ខ្ញុំតែងលេចមុខជានិច្ច ទោះមិនបានប្រាក់ ក៏មិនសំខាន់ ខ្ញុំអាចយកសមត្ថភាព និងទេពកោសល្យ ដើម្បីរកលុយជូនអ្នកដែលត្រូវការជំនួយ »។
បន្ទាប់ពីបញ្ចប់កម្មវិធី គេឃើញ កញ្ញា ទេព បូព្រឹក្ស បានថតរូបជាមួយក្រុមនិស្សិតពេទ្យ យ៉ាងសប្បាយរីករាយ ដោយមិនប្រកាន់ខ្លួនថា ជាតារាល្បីឡើយ ហើយនាងក៏ទទួលបានប័ណ្ណសរសើរ ពីសាកលវិទ្យាល័យវិទ្យសាស្ត្រ សុខាភិបាល ក្នុងនាមជាអ្នកសិល្បៈ បានជួយដល់សាលាផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង