ព័ត៌មានអន្តរជាតិ ៖ មន្ត្រីសង្គ្រោះ របស់រដ្ឋាភិបាល បង់ក្លាដែស បានបញ្ជាក់ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែសីហា ឆ្នាំ ២០១៤ នេះ ប្រជាជនប្រមាណ ១១៥នាក់ទៀតនៅតែ បន្តបាត់ខ្លួន នៅឡើយ បន្ទាប់ពីសាឡង់ ដឹកអ្នក ដំណើរពេញហៀរ ២៥០នាក់ បានលិចនៅកណ្តាលទន្លេ ផាដម៉ា ស្ថិតនៅភាគកណ្តាល ប្រទេសបង់ក្លា ដែល កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃចន្ទ ម្សិលមិញនេះ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ នេះថាក្រុមទាហាន និងកងកម្លាំង សង្គ្រោះ បានរួម សហការគ្នា តាំងពីព្រឹកថ្ងៃចន្ទមក នៅតំបន់រងគ្រោះ ដែលមាន ចម្ងាយ ២៧គីឡូម៉ែត្រ ភាគខាង ត្បូងរដ្ឋធានីដាកា ដោយបានស្រង់យកអ្នកដំណើរជាង ១៣០នាក់ ចេញពីទឹក ហើយក្នុងនោះមនុស្ស ៣នាក់បានស្លាប់ និង ជិត ២០នាក់ទៀតរងរបួស។
គួរបញ្ជាក់ថា ប្រតិបត្តិការសង្គ្រោះនៅតែបន្តទាំងយប់ទាំងថ្ងៃ ស្របពេលដែលមានការភ័យ ខ្លាចថា នឹងអាច មានមនុស្សបាត់បង់ជីវិត ច្រើនក្នុងហេតុការណ៍ គ្រោះថ្នាក់ដ៏អាក្រក់នេះ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ ដើមអម្ពិល និង ប៊ីប៊ីស៊ី