(ភ្នំពេញ)៖ នេះជាដំណឹងល្អ! សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ព្រោះថាក្រុមហ៊ុន Royal Railway និងក្រួសួងសាធារណការ និងដឹកជញ្ជូន បានស្រុះស្រួលព្រមព្រៀងគ្នា ឲ្យដំណើរការរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ ទៅព្រះសីហនុ និង ពីព្រះសីហនុ មកភ្នំពេញ ពេលលេញឡើងវិញហើយ បន្ទាប់ពីរត់សាកស្បងរយៈពេល ៩ថ្ងៃ នៅថ្ងៃទី៩ ដល់ទី១៧ ខែមេសា ឆ្នាំ២០១៦រួចមក។
ដំណឹងល្អនេះ បញ្ជាក់ឡើងក្រោយជំនួនរវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ជួបពិភាក្សាការងារជាមួយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ ដើម្បីពិភាក្សាអំពីការផ្តល់សេវាផ្លូវដែក ពីភ្នំពេញទៅខេត្តព្រះសីហនុ។
ប៉ុន្តែបើទោះបីជារថភ្លើងដឹកជញ្ជូនអ្នកដំណើរនេះ នឹងត្រូវដំណើរការឡើងវិញក្តី ក៏ក្រុមហ៊ុនមិនទាន់បញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការផ្តើមឡើងវិញនៅឡើយទេ គ្រាន់តែបញ្ជាក់ថា ក្នុងពេលឆាប់ៗនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ លោក Guiry បានជម្រាបជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលថា៖ សេវារថភ្លើងដឹកអ្នកដំណើរទៅមក ពីភ្នំពេញទៅខេត្តព្រះសីហនុ នឹងដំណើរការនៅថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចេញដំណើរពីស្ថានីយ៍រាជធានីភ្នំពេញនៅម៉ោង ០៧៖០០ព្រឹក ជាមួយនឹងការឈប់សំចតនៅស្ថានីយ៍ចំនួនពីរក្នុងខេត្តតាកែវនិងកំពត។ រថភ្លើងពីខេត្តព្រះសីហនុទៅភ្នំពេញចេញដំណើរនៅម៉ោង០៧៖០០ព្រឹក ជាមួយនឹងការឈប់សំចត នៅស្ថានីយ៍ចំនួនពីរនៅក្នុងខេត្តកំពតនិងតាកែវ។ សំបុត្រធ្វើដំណើរម្តង មួយមានតម្លៃ៦ដុល្លារ។ ទូរថភ្លើងទាំងនេះអាចផ្ទុកអ្នកដំណើរបានជាង២០០នាក់ ហើយការធ្វើដំណើរអាចចំណាយពេលប្រហែល៧ម៉ោង។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway) ធ្វើការជាមួយក្រសួងក្នុងការកំណត់ លទ្ធភាពនៃការបង្កើនល្បឿនមានសុវត្ថិភាព ដើម្បីកាត់បន្ថយពេលវេលា នៃការធ្វើដំណើរមកនៅត្រឹមប្រហែល៥ ម៉ោង។ ទេសរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន វាយតម្លៃលទ្ធភាពនៃការផ្តល់សេវាដឹក រថយន្តផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរនៅលើរថភ្លើង ដើម្បីឱ្យអ្នកដំណើរអាចមានរថយន្ត របស់ពួកគេប្រើប្រាស់នៅពេលដល់គោលដៅ។ លោក Guiry បានស្វាគមន៍គំនិតនេះ និងធ្វើការពិនិត្យមើលលទ្ធភាពនេះ។
លោក Guiry ក៏បានជម្រាបជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ផងដែរអំពីសេវាដឹកជញ្ជូនទំនិញទៅមក ពីខេត្តព្រះសីហនុដែលបានដំណើរការជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ទំហំនៃការដឹកជញ្ជូនមិនទាន់ឈានដល់កម្រិតល្អប្រសើរនៅឡើយទេ។
លោក Guiry បានស្នើឲ្យ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជួយលុបបំបាត់ឧបសគ្គរារាំងដល់បរិមាណនៃការដឹកជញ្ជូនទំនិញតាមផ្លូវដែកនេះ។ លោកទេសរដ្ឋមន្ត្រីបានប្តេជ្ញា ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនផ្លូវដែក ដើម្បីធ្វើឲ្យប្រសើរឡើងនូវសេវារថភ្លើង ក្នុងគោលបំណងជួយកាត់បន្ថយការចំណាយ លើការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានពិភាក្សាផងដែរ អំពីការស្តារឡើងវិញនូវផ្លូវរថភ្លើងភាគខាងជើង ពីរាជធានីភ្នំពេញទៅប៉ោយប៉ែត ដើម្បីតភ្ជាប់ផ្លូវដែករបស់យើង ទៅកាន់ផ្លូវដែករដ្ឋនៃប្រទេសថៃ។ លោកទេសរដ្ឋមន្រ្តី បានសន្យាពិនិត្យឡើងវិញ និងពន្លឿនការស្តារឡើងវិញនូវផ្លូវរថភ្លើងភាគខាងជើងនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី