(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសថា សហរដ្ឋអាមេរិក មិនបានចំណាយប្រាក់ ៤០០លានដុល្លារ ដើម្បីលោះយកចំណាប់ខ្មាំងពីអ៉ីរ៉ង់ ដូចការចោទប្រកាន់ពីសារព័ត៌មានមួយចំនួននោះឡើយ ហើយវាក៏មិនមែនជារឿងសម្ងាត់អ្វី ដែលត្រូវលាក់បាំងនោះដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយវែបសាយ VOX នារសៀលថ្ងៃសុក្រ ទី០៥ ខែសីហា ឆ្នាំ២០១៦។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមករា ដើមឆ្នាំ២០១៦នេះ សារព័ត៌មានអន្តរជាតិមួយចំនួនបានចេញផ្សាយថា ប្រអប់ឈើមួយចំនួន ត្រូវបានគេបញ្ជូនមកដល់ ព្រលានយន្តហោះ Mehrabad នៃទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់។ អំណោយជាប្រអប់ទាំងនោះ ត្រូវបានគេជឿជាក់ថាមានបង្កប់នូវសាច់ប្រាក់ ៤០០លានដុល្លារសហរដ្ឋអាមេរិកហើយ ដែលប្រភពរបស់វានោះ គឺមកពីសហរដ្ឋអាមេរិក។
ការចោទប្រកាន់ជាច្រើនត្រូវបានធ្វើឡើង ដោយមន្ត្រីគណបក្សប្រឆាំងនៅអាមេរិក ដូចជាលោក Paul Ryan និង Donald Trump ជាដើម បានធ្វើការចោទប្រកាន់លើ រដ្ឋបាលប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ថាបានរៀបចំការ ដោះដូរដោយសម្ងាត់ជាមួយនឹងរដ្ឋាភិបាលអ៉ីរ៉ង់ ដើម្បីដោះលែងអ្នកទោសជនជាតិអាមេរិក ដែលត្រូវបានអ៉ីរ៉ង់កាត់ទោសនោះ។ ការបញ្ជូនប្រអប់សម្ងាត់នោះ បានកើតឡើងចំថ្ងៃដូចគ្នាដែលជនជាតិអាមេរិក ដែលបានជាប់ឃុំនៅ អ៉ីរ៉ង់ ត្រូវបានអាជ្ញាធរប្រទេសមួយនេះ សម្រេចដោះលែងវិញដូចគ្នា។
យ៉ាងណាក៏ដោយ ការចោទប្រកាន់របស់ប្រធានរដ្ឋសភាអាមេរិក លោក Paul Ryan ត្រូវបានកាសែត Wall Street Journal អះអាងថាខុស ព្រោះការបង់ប្រាក់របស់អាមេរិកខាងលើនេះ គឺជាលទ្ធផលនៃការកាត់ក្តីរបស់តុលាការ អន្តរជាតិលើករណីកាលពី ៣៥ឆ្នាំមុន ហើយវាគ្មានអ្វីពាក់ព័ន្ធនឹងការដោះលែងជនជាតិអាមេរិក នោះទេ។ វាជារឿង ងាយយល់នោះទេ ព្រោះការបង់ប្រាក់របស់អាមេរិក ទៅអ៉ីរ៉ង់នោះគឺជាការសងត្រឡប់ទៅវិញ ក្រោយពីខ្លួនមិនបានបំពេញ ទៅតាមកិច្ចព្រមព្រៀងលក់អាវុធទៅឲ្យអ៉ីរ៉ង់ ចាប់តាំងពីសម័យបដិវត្តន៍ អ៉ីរ៉ង់ឆ្នាំ ១៩៧៩ មកនោះ៕
ប្រភព ៖ វីអូអិច
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង