CamNews

ព័ត៌មានជាតិ 

បើករថយន្តធ្លាក់ផ្លូវ ក្រឡាប់ផ្ងាជើងឆេះខ្ទេច អ្នកជិះអត់គ្រោះថ្នាក់

(កោះកុង)៖ ​រថយន្តកាមរីឆ្លាមមួយគ្រឿង ត្រូវបានម្ចាស់បើកធ្លាក់ផ្លូវ ក្រឡាប់ផ្ទុះឆេះខ្ទេច តែសំណាងល្អអ្នកបើក និងអ្នកជិះនៅខាង ក្នុងមិនមានគ្រោះថ្នាក់នោះទេ ដោយក្រោយពេលកើតហេតុភ្លាមៗ ពួកគេបាននាំគ្នាលូនចេញផុត។

ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោងជិត១១ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមករា​ ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៤៧-១៤៨ ក្នុងឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភពពីមន្ត្រីអាវុធហត្ថប្រចាំការ នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ដែលចុះទៅជួយអន្តរាគមន៏ បាញ់ទឹកពន្លត់ បានអោយដឹងថា រថយន្តកាមរី ឆ្លាមពណ៏ស្ករ ខាងលើនេះ បានបើកក្នុងទិសដៅ ពីភ្នំពេញទៅក្រុងព្រះសីហនុ។ លុះពេលបើកមកដល់ចំណុចកើតហេតុ ដែលផ្លូវកោង ដោយសាររថយន្តខាង លើបើក​លឿន​បួងចង្កូតមិនផុត ក៏បណ្ដាលឲ្យជ្រុលចង្កូត ធ្លាក់ចិញ្ចើមថ្នល់ ក្រឡាប់ផ្ងាជើងឡើងលើ។

ក្រោយរថយន្តក្រឡាប់គេ​ ឃើញមនុស្សប្រុស ស្រីពីរនាក់បាននាំគ្នា លូនចេញពីក្នុងរថយន្ត ដោយមិនមានរងរបួសធ្ងន់ធ្ងរនោះទេ។ បន្តិចក្រោយមកស្រាប់តែ គេឃើញផ្សែងហុយចេញ ពីរថយន្តបង្កទៅជាអណ្ដាតភ្លើងឆាបឆេះ តែម្ដង។ ក្រោយរថយន្តត្រូវភ្លើងឆេះ មិនអាចពន្លត់បានម្ចាស់ ក៏នាំគ្នា ហៅម៉ូតូ​ឌុបជិះគេចខ្លួនបាត់ទៅ។ ក្រោយមកទើបគេឃើញកំលាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៏ ជួយបាញ់ទឹកពន្លត់តែរថយន្តត្រូវភ្លើងឆេះអស់ នៅសល់តែគ្រោងឆ្អឹង តែប៉ុណ្ណោះ៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News koh Kong