CamNews

ព័ត៌មានអន្តរជាតិ 

រុស្សី​​ព្រមាន​, ដាក់​ប្រព័ន្ធមីស៊ីល THAAD ​លើ​ដី​​កូរ៉េខាងត្បូងនឹង​បង្កើន​ការ​រត់​ប្រណាំង​សព្វាវុធ

(មូស្គូ)៖ បន្ទាប់ពីចិនឥឡូវដល់វេនរុស្ស៊ីវិញម្ដង ដែលសម្ដែងក្ដីបារម្ភជំទាស់នឹង ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ហើយថែមទំាងព្រមានដែរថា THAAD នឹងនំាទៅរកការរត់ប្រណាំងសព្វាវុធសាជាថ្មី និងធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០១៧។



សហរដ្ឋអាមេរិកបានចាប់ផ្ដើមនីតិវិធីដាក់ពង្រាយ THAAD នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាមានការជំទាស់ពីរុស្ស៊ី ជាពិសេសគឺចិនក៏ដោយ។ ជុំវិញបញ្ហានេះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការបរទេសរុស្ស៊ីបានព្រមានថា ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន នឹងបង្កជាផលវិបាកដ៏ធ្ងន់ធ្ងរ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ការដាក់ពង្រាយ THAAD នឹងបង្កជាផលវិបាកធ្ងន់ធ្ងរ សម្រាប់អន្តរជាតិ និងស្ថេរភាពយុទ្ធសាស្ត្រនៅក្នុងតំបន់ ខណៈស្ថានភាពនៃតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងមានភាពតានតឹងស្រាប់។ មួយវិញទៀត ផលវិបាកដ៏ធ្ងន់ធ្ងរដែលនឹងកើតឡើង អាចនឹងធ្វើឱ្យបញ្ហានុយក្លេអ៊ែរ និងវិបត្តិជាច្រើន ក្នុងតំបន់ឧបទ្វីបកូរ៉េរឹតតែស្មុគស្មាញ ក៏ដូចជាជំរុញឱ្យមាន ការរត់ប្រណាំងសព្វាវុធតែប៉ុណ្ណោះ»


គួរបញ្ជាក់ថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកសម្រេចចិត្តដាក់ពង្រាយ THAAD ភា្លមៗបន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលផ្លោងបួនគ្រាប់ទៅកាន់សមុទ្រជប៉ុន កាលពីព្រឹកថ្ងៃចន្ទ ហើយនៅតែអះអាងថា THAAD មានគោលដៅតែមួយគត់ទៅលើទីក្រុងព្យុងយ៉ាង។ ក៏ប៉ុន្តែចិន និងរុស្ស៊ី នៅតែជំទាស់ដោយព្រមាន ចាត់វិធានការឆ្លើយតបផងដែរ បើសិនជាប្រព័ន្ធមីស៊ីលនេះ ត្រូវបានដាក់ពង្រាយ៕



ប្រភព ៖ អ័រតេ


Tags: Russia Moscow Int news Hot news