គ្រូបង្វឹកជម្រើសជាតិអង់គ្លេសលោក Roy Hodgson បានប្រកាសលាលែងពីតំណែងហើយ បន្ទាប់ពីចាញ់ការប្រកួតជាមួយនឹង អៀរឡង់ កាលពីយប់មិញ។ ការសម្រេចចិត្តនេះ បានធ្វើឲ្យអ្នកជំនាញ ជាច្រើននាក់មានការពេញចិត្ត ដោយពួកគេយល់ថា រូបលោកមិនសក្តិសម ក្នុងការដឹកនាំក្រុមជម្រើសជាតិនោះទេ។
Jamie Redknapp អតីតកីឡាករជម្រើសជាតិអង់គ្លេស ហើយបច្ចុប្បន្នលោកគឺជាអ្នកជំនាញរបស់ Daily Mail បានគូសបញ្ជាក់ឲ្យដឹងថា អ្វីៗដែលជម្រើសជាតិអង់គ្លេសទទួលនៅថ្ងៃនេះ គឺសក្តិសមហើយ ព្រោះគេបានតែងតាំងគ្រូបង្វឹកក្រុមដ៏ខ្សោយម្នាក់ដូចជាលោក Roy Hodgson នេះ។
លោក Roy Hodgson ត្រូវបានអ្នកជំនាញ រិះគន់យ៉ាងដំណំ
"នេះគឺជាបរជ័យដ៏សែនអន់បំផុត ក្នុងប្រវត្តិសាស្រ្តជម្រើសជាតិអង់គ្លេស។ លោក Roy Hodgson ចាំបាច់ត្រូវចាកចេញ ដូចជារឿងមួយដែលជៀសមិនរួចនោះទេ។ ខ្ញុំមិនមានគំនិត ខ្វះការគួរសមចំពោះ Roy ទេ។ ប៉ុន្តែគាត់ គួរតែមិនត្រូវតែងតាំងធ្វើជាគ្រូបង្វឹកបង្គោល ក្រុមជម្រើស តាំងពីដំបូងមកម្ល៉េះ។ គាត់គ្រាន់តែជាគ្រូបង្វឹកក្លឹបមួយដូចជា West Brom មុននឹងត្រូវឡើងមកកាន់តំណែងគ្រូជម្រើសជាតិ។ ដូច្នេះយើងអាចសង្ឃឹមអីបានពីរូបគាត់។ លទ្ធផលដែលមិនល្អ គឺជាអ្វីៗដែលយើងទទួលបាន ក្រោមរជ្ជកាលដឹកនាំរបស់លោក Roy Hodgson", Jamie Redknapp និយាយឲ្យដឹង។
ទន្ទឹមនឹងនោះ មានការរិះគន់មួយផ្សេងទៀតពីអ្នកជំនាញ Matt Lawton ដែលបានហៅលោក Roy Hodgson ថាជាជនបរាជ័យ មិនសក្តិសមនឹងតំណែងជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេសនោះទេ និងបានរិះគន់ FA ត្រូវទទួលខុសត្រូវ ពេលដែលបានតែងតាំងគ្រូបង្វឹក ដ៏អន់ម្នាក់ដូចជាលោក Roy Hodgson នេះ៕
- អានអត្ថបទ៖ Premier League នឹងជួបគ្រោះធំ ពេលប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប
ប្រែសម្រួល៖ មង្គល