CamNews

ព័ត៌មានអន្តរជាតិ 

ផ្ទុះឃ្លាំងគ្រាប់ធំបំផុតនៅឥណ្ឌា បណ្តាលឲ្យមេបញ្ជាការយោធា និង ពលទាហានសរុប ២០នាក់ស្លាប់

(ញូដេលី)៖ មនុស្សយ៉ាងហោចណាស់ ២០នាក់បាត់បង់ជីវិត ក្នុងនោះមានមេបញ្ជាការយោធា ២នាក់ និង ពលទាហាន ១៨នាក់ ព្រមទាំងនាយទាហាន ១៧នាក់ទៀតរងរបួស បន្ទាប់ពីអគ្គីភ័យបានឆាបឆេះ ឃ្លាំងស្តុកគ្រាប់ និងអាវុធជាតិផ្ទុះធំជាងគេ បណ្តាលឲ្យផ្ទុះឡើងដ៏កក្រើក ស្ថិតនៅរដ្ឋ Maharashtra ភាគខាងលិច ប្រទេសឥណ្ឌា។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០១៦។

អគ្គីភ័យខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង ១ទៀបភ្លឺថ្ងៃអង្គារនេះ ម៉ោងទីក្រុងញូដេលី ដោយមូលហេតុនៃការផ្ទុះឆេះនេះ នៅមិនទាន់មានការបញ្ជាក់ ពីយោធានោះទេ។ ដោយឡែកប្រជាជន នៅជុំវិញតំបន់នោះប្រមាណជាង ១,០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសចេញទៅកន្លែងមានសុវត្ថិភាព ទាំងយប់តែម្តង។ ចំពោះនាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បានចេញសារថ្លែងមរណទុក្ខភ្លាមៗ ក្រោយកើតហេតុតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ឃ្លាំងស្តុកគ្រាប់ក្នុងមូលដ្ឋានយោធា Pulgaon នៅភាគខាងលិចឥណ្ឌានោះ គឺជាឃ្លាំងដ៏ ធំបំផុតក្នុងប្រទេស មានចម្ងាយ ១១០គីឡូម៉ែត្រពីទីក្រុង Nagpur របស់រដ្ឋ Maharashtra ។ ទីតាំង ឃ្លាំងនេះក៏ធ្លាប់ទទួលបានពានរង្វាន់ផងដែរ ទៅការប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីការពារផលប៉ះពាល់ទៅ ដល់អាវុធជាតិផ្ទុះទាំងឡាយ ប៉ុន្តែពេលនេះអគ្គីភ័យបានកើតឡើង នាំឲ្យមានការសង្ស័យថាជាទង្វើរបស់ មនុស្សជាក់ជាមិនខាន៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: india libya UAE Heatwave