(ស៊ីដនី)៖ យន្តហោះរបស់ក្រុមហ៊ុន Jetstar និង AirAsia បានប្រឈមមុខនឹងគ្រោះថ្នាក់ ដោយប៊ិះនឹងប៉ះទង្គិចគ្នាលើ ដែនអាកាសអំឡុងពេលចុះចតនៅព្រលានយន្តហោះក្នុងតំបន់ Gold Coast នៃប្រទេសអូស្ត្រាលីទៅហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។
អាជ្ញាធរអូស្ត្រាលីបានបញ្ជាក់នៅមុននេះបន្តិចថា តាមពិតទៅហេតុការណ៍ដ៏គួរឲ្យព្រឺព្រួចខាងលើនេះ បានកើតឡើង តាំងពីថ្ងៃព្រហស្បតិ៍មកម្ល៉េះ ដោយយន្តហោះរបស់ AirAsia បានហោះចូលមកកៀកយន្តហោះ Jetstar ចម្ងាយពីគ្នា តែ១៥២ម៉ែត្រប៉ុណ្ណោះ ជាហេតុនាំឲ្យសំឡេងប្រកាសអាសន្ន រោទ៍ឡើងពេញបន្ទប់បញ្ជាការហោះហើរតែម្តង។
ការិយាល័យសុវត្ថិភាពដឹកជញ្ជូនអូស្ត្រាលី បានឲ្យដឹងថា ពីឡុតរបស់យន្តហោះ Jetstar ត្រូវបានបង្ខំឲ្យហោះទៅ ចុះចតនៅផ្លូវផ្សេង ក៏ព្រោះតែយន្តហោះ AirAsia បានបង្ខំយកផ្លូវដែលខ្លួនត្រូវចុះចតនោះ ក្នុងន័យរំដោះខ្លួនពី ភាពអាសន្ន ខណៈសំឡេងប្រកាសអាសន្នបានលាន់ឮពាសពេញបន្ទប់ទៅហើយ។
គួរបញ្ជាក់ថា កម្រិតដែលយន្តហោះកំពុងដំណើរការហោះហើរលើអាកាស ឬត្រៀមចុះចតអាចមានចម្ងាយកៀកគ្នា បំផុតត្រឹមតែ ៣០៥ម៉ែត្រប៉ុណ្ណោះ ចុះទម្រាំពេលនេះវាកៀកគ្នាខ្លាំងជាងកម្រិតប្រកាសអាសន្នរហូតដល់ ១៥២ម៉ែត្រវិញ តើវាគួរឲ្យព្រឺក្បាលបែបណាទៅ? ហេតុការណ៍នេះបានកើតឡើងនៅព្រលានយន្តហោះ Coolangatta នៃរដ្ឋQueensland នៃប្រទេសអូស្ត្រាលី ហើយសម្រាប់យន្តហោះ Jetsrart ជាប្រភេទ A320 ដឹកមនុស្ស ១៨០នាក់ ដោយឡែកយន្តហោះ AirAsia ជាប្រភេទ A330៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី