CamNews

កីឡាជាតិ 

បឹង​កេត ច្រាន​ចោល​ព័ត៌​មាន ចាន់ វឌ្ឍនាកា ព្រម​​ព្រៀង​​ផ្ទេរ​​ទៅ​​ក្លឹប​​ជប៉ុន Fujieda

(ភ្នំពេញ)៖ បន្ទាប់ពីមានការចុះផ្សាយថា ខ្សែប្រយុទ្ធឆ្នើមនៃក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបជប៉ុន Fujieda MYFC ព្រម​ព្រៀង​លក្ខ​ខណ្ឌ​គ្រប់​យ៉ាង ដើម្បី​នាំ​យក​ទៅ​លេង​ឲ្យ​ក្លឹប​លំដាប់​លីគ​ទី​៣ ជប៉ុន​នេះ ភ្លាមៗក្លឹបបឹងកេតអង្គរ ក៏​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​យប់​មិញ​ថា ដោយ​បាន​ច្រាន​ចោល​ព័ត៌​មាន​នេះ ហើយ​ថា​មិន​មែន​ជា​ព័ត៌មាន​ពិត​ឡើយ​។

យោងតាមសេចក្ដីថ្លែងការណ៍របស់ក្លឹបជើងឯក ២ជំនាន់នេះ បានសរសេរថា «ក្លឹបបឹងកេតអង្គរ មាន​កិត្តិយ​ស​សូម​ប្រកាស​ច្រាន​ចោល​ពាក្យ​ចចាម​អារ៉ាម​​មិន​​ពិត​​ជុំវិញ​​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ដែល​​បណ្ដាញ​​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ចុះ​ផ្សាយ​ថា​ក្លឹប Fujieda MYFC ព្រម​​ព្រៀង​​លក្ខ​ខណ្ឌ​​គ្រប់​យ៉ាង ឬ វឌ្ឍនា​កា នឹង​ទៅ​ចូល​រួម​ក្លឹប​នៃ​លីគ​ទី​៣​ជប៉ុន​មួយ​នេះ ក្រោយចប់ភារកិច្ចនៅ AFF Suzuki Cup 2016 និង Toyota Mekong Club Championship»

ក្លឹបដែលស្ថិតក្នុងខេត្តកំពង់ចាមខាងលើបានបន្តថា «ក្លឹបបឹងកេតអង្គរ សូមបញ្ជាក់ថាក្លិប Fujieda MYFC ពិតជាបានដាក់សំណើផ្លូវការមក​កាន់​ក្លឹប​ពិត​មែន ប៉ុន្តែ​សាម៉ី​កីឡាករ​មិន​ទាន់ធ្វើការសម្រេចចិត្តណាមួយនៅឡើយទេ។ ទន្ទឹម​នឹង​នេះ​ដែរ ក្លឹប​បឹង​កេត​អង្គរ សូម​សំណូម​ពរ​ដល់​បណ្ដាញ​ផ្សព្វ​ផ្សាយ​នា​នា​សូម​មេត្តាចៀស​វាងការចុះផ្សាយពាក្យចចាមអារ៉ាមមិនពិតប្រាកដដែលអាចប៉ះពាល់ដល់ស្មារតីកីឡាករ ដើម្បីទុកពេលវេលាឱ្យ វឌ្ឍនាកា បានផ្ដោតអារម្មណ៍ពេញលេញក្នុងការជួយក្រុមជម្រើសជាតិកម្ពុជាដែលកំពុងប្រកួតនៅជុំផ្ដាច់ព្រ័ត្រ AFF Suzuki Cup ជាលើកដំបូងគិតតាំងពីឆ្នាំ២០០៨មក»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅ ខ្សែប្រយុទ្ធជើងឆ្វេង ចាន់ វឌ្ឍនាកា បានទៅទស្សនៈកិច្ច និងហ្វឹកហាត់រយៈពេលមួយសប្ដាហ៍ពេញ​ជា​មួយ​ក្លឹប Fujieda MYFC របស់​ជប៉ុន ហើយ​អំឡុង​ពេលហ្វឹកហាត់ជាមួយក្លឹបលំដាប់លីគទី៣ ជប៉ុននេះ ថ្នាក់​ដឹក​នាំ និង​គ្រូ​បង្វឹក​នៃ​ក្លឹប Fujieda MYFC ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​សមត្ថ​ភាព​របស់ វឌ្ឍនាកា ពិតមែន ប៉ុន្ដែក្លឹបទាំងពីរ រួមទាំងសមាជិកខ្លួនផងដែរ នៅ​មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ពី​គម្រោង​ច្បាស់​លាស់ ស្ដី​ពី​ការ​ផ្លាស់​ប្ដូរ​កីឡាករ ចាន់ វឌ្ឍនាកា នោះ​ទេ៕



កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (រូបស្តាំ)


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Chan Vathanaka