CamNews

ព័ត៌មានអន្តរជាតិ 

ISIS បានប្រហារជីវិតប្រជាជនស្លូតត្រង់ ២៣២នាក់ នៅក្បែរក្រុង Mosul

អង្គការរដ្ឋអ៊ីស្លាម បានប្រហារជីវិតមនុស្សចំនួន ២៣២នាក់ នៅជិតក្រុង Mosul និងបានចាប់ខ្លួន
មនុស្សរាប់ម៉ឺននាក់ផ្សេងទៀត ដើម្បីធ្វើជា “របងការពារ” ដើម្បីទប់ទល់នឹងការវាយប្រហារពីកង
កម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។

ISIS បានប្រហារជីវិតប្រជាជនស្លូតត្រង់ ២៣២នាក់ នៅក្បែរក្រុង Mosul 

អង្គការរដ្ឋអ៊ីស្លាម ISIS កាលពីថ្ងៃទី ២៦តុលា បានបង្កឱ្យមានអំពើដ៏សាហាវនៅក្នុងទីរួមស្រុកមួយ
ក្បែរក្រុង Mosul ប្រទេសអ៊ីរ៉ាក់ និងបានដាក់ទណ្ឌកម្មអ្នកណាដែលមិនធ្វើតាមបញ្ជារបស់ពួកវា
នេះបើតាមទំព័រ CNN ដកស្រង់សំដី Ravina Shamdasani អ្នកនាំពាក្យរបស់ការិយាល័យឧត្តមស្នង
ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

Shamdasani ថ្លែងថា “ISIS បានប្រហារជីវិតជនស្លូតត្រង់ ៤២នាក់ នៅ Hammam al-Alil ភាគ
ខាងត្បូងក្រុង Mosul។ ក្នុងថ្ងៃទី ២៦តុលាដដែល ISIS ក៏បានប្រហារជីវិតអតីតបុគ្គលិកសន្តិសុខ
អ៊ីរ៉ាក់ចំនួន ១៩០នាក់ នៅមូលដ្ឋាន Al Ghazlani ក្បែរ Mosul ដោយសារតែបានបដិសេធមិនចូល
រួមជាមួយអង្គការនេះ”។ អតីតសន្តិសុខ ២៤នាក់ផ្សេងទៀត ក៏ត្រូវបានគេជឿថា ត្រូវបានសម្លាប់
ដោយក្រុម ISIS នៅមុននោះមួយថ្ងៃ។

ចាប់តាំងពីថ្ងៃទី ១៧តុលា មកដល់ពេលនេះ ISIS បានចាប់ខ្លួនបុរស ស្ដ្រី និងកុមាររាប់ម៉ឺននាក់ពី
តំបន់ក្បែរក្រុង Mosul ដើម្បីនាំចូលមកខាងក្នុងក្រុង។ Shamdasani ឱ្យដឹងថា អង្គការសហប្រជា
ជាតិមានការព្រួយបារម្ភថា ISIS អាចនឹងមានបំណងប្រើប្រាប់មនុស្សទាំងនេះ ដើម្បីធ្វើជារបង
ការពារដើម្បីទប់ទល់នឹងការវាយប្រហារពីកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។

យោងតាមរបាយការណ៍មួយចំនួន ISIS បានចាប់ខ្លួនមនុស្សយ៉ាងតិច ៥.៣៧០គ្រួសារ នៅជុំវិញ
ទីរួមស្រុក al Shura និង១៥០គ្រួសារផ្សេងទៀតពីតំបន់ Hammam al-Alil។ ក្រៅពីនេះ មនុស្សចំនួន
១៦០គ្រួសារនៅទីរួមស្រុក Qayyara និង ២.២១០គ្រួសារនៅក្នុងតំបន់ Nimrud នៃខណ្ឌ Hamdaniya
ក៏កំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់ ISIS។ មនុស្សទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ទីតាំងយុទ្ធសាស្ដ្រ
ដែលក្រុម ISIS កំពុងកាន់កាប់។

អង្គការរដ្ឋអ៊ីស្លាម បានប្រហារជីវិតមនុស្សចំនួន ២៣២នាក់ នៅជិតក្រុង Mosul និងបាន​ចាប់ខ្លួន
មនុស្ស​រាប់ម៉ឺននាក់ដើម្បី​ធ្វើជា "របងការពារ"

ក្រុម ISIS ធ្លាប់បានប្រើប្រាស់ប្រជាជនស្លូតត្រង់ធ្វើជារបងការពារក្នុងការប្រយុទ្ធគ្នាមុននេះនៅអ៊ីរ៉ាក់
ពិសេសគឺនៅលើសមរភូមិ Falluja កាលពីខែមិថុនា។

ប្រែសម្រួល ៖ តារា
ប្រភព ៖ CNN


Tags: ISIS អង្គការរដ្ឋអ៊ីស្លាម ប្រហារ​ជីវិត​មនុស្សស្លូតត្រង់