(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីនបាននិយាយថា បើទោះជាគ្មានជំនួយពីសហរដ្ឋអាមេរិកក៏ហ្វីលីពីន មិនដាច់ពោះស្លាប់ដែរហើយការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារអាមេរិកកាត់បន្ថយភាពក្រីក្រ Millennium Challenge Corporation (MCC) បានសម្រេចចិត្តមិនជ្រើសរើសប្រទេសហ្វីលីពីនសាជាថ្មីសម្រាប់កម្មវិធីផ្ដល់ជំនួយដោយសារតែព្រួយបារម្ភជុំវិញការគោរពសិទ្ធិមនុស្ស ពីសំណាក់រដ្ឋាភិបាល លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលទើបតែអះអាងថា លោកធ្លាប់បាញ់សម្លាប់ឧក្រិដ្ឋជនគ្រឿងញៀនដោយផ្ទាល់ដៃទុកជាគំរូឱ្យប៉ូលិស កាលលោកនៅជាអភិបាលក្រុងដាវ៉ៅ (Davao)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០១៦។
ការសម្រេចចិត្តរបស់ MCC គឺជាផ្នែកមួយនៃប្រតិកម្ម ឆ្លើយទៅនឹងសង្រ្គាមប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនគ្រឿងញៀន របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់ ៥,០០០នាក់ចាប់តាំងពីលោកឡើងកាន់អំណាចរយៈពេលជាង ៦ខែមកនេះ។ «ការសម្រេចចិត្តមិនបន្តកម្មវិធីផ្ដល់ជំនួយរបស់ MCC គឺមានជាប់ពាក់ព័ន្ធនឹងការព្រួយបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្សនៅហ្វីលីពីន»។ នេះបើតាមអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចំាទីក្រុងម៉ានីល។
ប៉ុន្តែទោះជាយ៉ាងនេះក្ដីបើផ្អែកលើការស្ទង់មតិនៃវិទ្យាស្ថាន Social Weather Stations ប្រជាជនហ្វីលីពីន ៧៧ភាគរយពេញចិត្តពេញថ្លើមចំពោះសង្រ្គាមបោសសំអាតឧក្រិដ្ឋជនគ្រឿងញៀន របស់លោក ឌូតឺតេ ដែលចាត់ទុកថានេះគឺជាវិធីតែមួយគត់ដើម្បីបញ្ជៀសហ្វីលីពីន កុំឱ្យក្លាយទៅជារដ្ឋគ្រឿងញៀន។
គួរបញ្ជាក់ថា កម្មវិធីផ្ដល់ជំនួយពីទីភ្នាក់ងារ MCC សម្រាប់ហ្វីលីពីនកាលពីលើកមុនមានរយៈពេល០៥ឆ្នាំ បានអស់ សុពលភាពហើយ កាលពីខែឧសភា កន្លងទៅនេះ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី