CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះ​ថ្នាក់​យន្ដ​ហោះ កើត​មាន​ច្រើន ក្នុង​ពាក់​កណ្ដាល ដើម​​ឆ្នាំ ២០១៤

គ្រោះថ្នាក់យន្ដហោះ កើតឡើងបន្តបន្ទាប់ នាពាក់កណ្ដាលដើមឆ្នាំ ២០១៤ ហើយកាលពីថ្ងៃទី
២៦ កន្លងទៅ យន្ដហោះក្រិកមួយគ្រឿងក៏បានធ្លាក់ បណ្ដាលឱ្យករណីធ្លាក់យន្ដហោះ ទាំងយោធា
ទាំងស៊ីវិល កើនឡើងថែមមួយកម្រិតទៀត។ ករណីគ្រោះថ្នាក់ធ្លាក់យន្ដហោះ ដែលបានកើតឡើង
ជាបន្តបន្ទាប់ ក្នុងរយៈពេលខ្លីនៃឆ្នាំនេះ ក៏នាំឱ្យមានការចោទសួរ អំពីកម្រិតនៃសុវត្ថិភាពក្នុងវិស័យ
អាកាសចរណ៍។ ប៉ុន្ដែ សមាគមអាកាសចរណ៍អន្តរជាតិ អះអាងថា យន្ដហោះ គឺជាមធ្យោបាយធ្វើ
ដំណើរដែលមានគ្រោះថ្នាក់តិចបំផុត។

កាលពីម្សិលមិញ យន្ដហោះឯកជនតូចមួយ បានជួបគ្រោះថ្នាក់ នៅភាគខាងត្បូងប្រទេសក្រិក
បណ្ដាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត។ ទំព័រ Xinhua ឱ្យដឹងថា យន្ដហោះនេះបានធ្លាក់ បន្ទាប់
ពី បានហោះចេញពីក្លឹបអាកាសចរណ៍ក្នុងស្រុកមួយ ក្នុងរដ្ឋ Sparta នៃតំបន់ Peloponnesus ។
សាកសពរបស់ជនរងគ្រោះ ត្រូវបានគេរកឃើញ ប៉ុន្ដែមិនទាន់បានដឹងថា ពួកគេជាជនជាតិអ្វី
នោះទេ។ នេះគឺជាគ្រោះថ្នាក់យន្ដហោះទី ៥ ក្នុងរយៈពេលត្រឹមតែជាង ១សប្ដាហ៍។

ជាននេះ គ្រោះថ្នាក់យន្ដហោះ ចាប់តាំងពីដើមឆ្នាំ មកនេះ បណ្ដាលឱ្យសាធារណជនមានការ
ភ័យខ្លាច ជាពិសេស ចំពោះអ្នកដែលត្រូវធ្វើដំណើរតាមយន្ដហោះជាញឹកញាប់។

កាលពីថ្ងៃទី ២៤កក្កដាកន្លងទៅ យន្ដហោះ Boeing MD83 របស់ក្រុមហ៊ុន Air Algerie ដែល
ដឹកអ្នកដំណើរ ១១៦នាក់ បានបាត់ទំនាក់ទំនង ក្រោយពីហោះចេញពី Burkina Faso ប្រហែល
៥០នាទី។ មន្ដ្រីសមត្ថកិច្ចបានអះអាងថា យន្ដហោះនេះ បានធ្លាក់នៅក្នុងតំបន់ Tilemsi ភាគ
ឦសានប្រទេស Mali ដោយសារតែមានខ្យល់ខ្លាំង។ (Reuters)

មុនគ្រោះថ្នាក់ខាងលើតែ ១ថ្ងៃ (២៣កក្កដា) យន្ដហោះ ATR72 របស់ក្រុមហ៊ុនអាកាសចរណ៍
TransAsia Airways ក៏បានធ្លាក់ នៅពេលវាព្យាយាមចុះចត នៅព្រលានយន្ដហោះមួយនៅប្រជុំ
កោះ Penghu Islands (តៃវ៉ាន់)។ យន្ដហោះនេះ ធ្លាក់លើផ្ទះប្រជាជនមួយចំនួន និងផ្ទុះឆេះខ្ទេច
បណ្ដាលឱ្យមនុស្ស ៤៨នាក់ស្លាប់ និង ១០នាក់រងរបួសធ្ងន់។

កាលពីថ្ងៃទី ១៧ កក្កដា Boeing 777 ដែលមានស្លាក់លេខ MH17 របស់ក្រុមហ៊ុន Malaysia
Airlines ត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតអ៊ុយក្រែន អំឡុងពេលកំពុងហោះពី Amsterdam
ទៅកាន់ Kuala Lumpur ។ អ្នកដំណើរ ២៨៣នាក់ និងអាកាសយានិក ១៥នាក់ បានបាត់បង់
ជីវិត។ ករណីនេះ ធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច និងក្រុមបំបែកខ្លួន Ukraine ដែលស្និទ្ធនឹង
រុស្ស៊ី ចោទគ្នាទៅវិញទៅមក។

នៅក្នុងរយៈពេល ១សប្ដាហ៍ មានគ្រោះថ្នាក់យន្ដហោះ ដល់ទៅ ៣គ្រឿង នៅលើទ្វីបចំនួន ៣
គឺអាស៊ី អឺរ៉ុប និងអាហ្វ្រិក នាំឱ្យសាធារណជន មានការភ័យព្រួយ។

ក្នុងថ្ងៃទី ១៧ កក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កូរ៉េខាងត្បូង ក៏បានធ្លាក់ចុះ លើទីប្រជុំជន
មួយ ក្នុងក្រុង Gwangju ភាគខាងកើតប្រទេស។ មនុស្ស ៥នាក់ នៅលើឧទ្ធម្ភាគចក្រនេះ សុទ្ធ
តែត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់នេះ
កំពុងហោះហើរមកកាន់ Gwangju បន្ទាប់ពីចូលរួមស្វែងរកជនរងគ្រោះ ១១នាក់ ដែលបានបាត់
ខ្លួន ក្នុងគ្រោះថ្នានក់លិចសាឡាង Sewol ។

ឧទ្ធម្ភាគចក្រយោធាកម្ពុជាមួយគ្រឿង ក៏បានរួមចំណែក ធ្វើឱ្យមានការកើនឡើងនៃគ្រោះថ្នាក់
យន្ដហោះ។ ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ក្នុងខណ្ឌដង្កោ ជាងក្រុងភ្នំពេញ នៅពេលកំពុងធ្វើការ
ហ្វឹកហាត់ កាលពីថ្ងៃទី ១៤កក្កដា។ ករណីនេះ បណ្ដាលឱ្យមនុស្ស ៥នាក់បានស្លាប់ និងម្នាក់រង
របួសធ្ងន់ ក្នុងនោះ ក៏មានមន្ដ្រីយោធាជាន់ខ្ពស់ ២រូបផងដែរ។ នេះគឺជាឧទ្ធម្ភាគចក្រមួយ ក្នុង
ចំណោម ១២គ្រឿងដែលកម្ពុជា បានទិញពីប្រទេសចិន កាលពីឆ្នាំទៅ។

មុនករណីធ្លាក់ឧទ្ធម្ភាគចក្រកម្ពុជា ១សប្ដាហ៍ (៧កក្កដា) គ្រោះថ្នាក់មួយ ក៏បានកើតឡើង ចំពោះ
ឧទ្ធម្ភាគចក្រ Mi-171 របស់កងយោធាវៀតណាម។ ក្រោយពីបាត់ទំនាក់ទំនង ១៥នាទី បន្ទាប់
ពីហោះចេញពី  ព្រលានយន្ដហោះយោធា Hoa Lac Mi-171   ក៏ធ្លាក់នៅលើទឹកដីនៃ​ជាយក្រុង
ហាណូយ។ ករណីនេះ បណ្ដាលឱ្យទាហាន ១៩នាក់ស្លាប់ និង ២នាក់រងរបួសធ្ងន់។

កាលពីដើមខែមិនា ពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល នៅពេលយន្ដហោះ Boeing 777
(MH370) របស់ក្រុមហ៊ុន Malaysia Airlines បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅលើអាកាស
ខណៈវាកំពុងហោះពី Kuala Lumpur ទៅកាន់ក្រុង ប៉េកាំង។ យន្ដហោះដែលដឹកមនុស្ស ២៣៩
នាក់នេះ បានបាត់ខ្លួនពីរ៉ាដា នៅពេលហោះពីលើឈូងសមុទ្រថៃ។ យុទ្ធនាការស្វែងរក ត្រូវបាន
បណ្ដាប្រទេសមកពីជុំវិញពិភពលោក ធ្វើឡើង ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាកំពូលៗបំផុត
ប៉ុន្ដែ មកទល់នឹងពេលនេះ MH370 នៅតែស្ថិតក្នុងភាពអាថ៌កំបាំង។

ករណីធ្លាក់យន្ដហោះដំបូងគេបង្អស់ ក្នុងឆ្នាំ ២០១៤ (ថ្ងៃទី ១១ កុម្ភៈ) នោះ​គឺយន្ដហោះយោធា
Lockheed C-130 Hercules របស់ Algeria ។ យន្ដហោះនេះ បានហោះទៅបុកកំពូលភ្នំមួយ នៅ
ក្នុងខែត្រ Oum El Bouaghi ។ យន្ដហោះនេះ មានផ្ទុកមនុស្ស ៧៨នាក់ ក្នុងនោះមាន ភ្ញៀវ ៧៤
នាក់ និងអាកាសយានិក ៤នាក់៕


ប្រែម្រួលដោយ ៖ តារា
ប្រភព ៖ Reuters/AP/LA Times/Tribwtic/EPA


Tags: Aviation accidents 2014 plane crash