ព័ត៌មានអន្តរជាតិ ៖ គំនូរស្រាត ពីស្នាដៃវិចិត្រករ ដ៏ប្រសិទ្ធ ប្រទេសអ៊ីតាលី លោក Modigliani ត្រូវ បានដាក់លក់ដេញថ្លៃបានសម្រេចជាផ្លូវការ នាថ្ងៃច័ន្ទដើមសប្តាហ៍នេះក្នុងតម្លៃខ្ពស់កប់ពពកដល់ ទៅ ១៧០លានដុល្លារ ជាផ្ទាំងគំនូរដាក់ដេញថ្លៃ ថ្លៃបំផុតលំដាប់ទី ២ ក្នុងទំព័រ ប្រវត្តិសាស្រ្ត ពិភព លោក ។
Nu couche ឬ Reclining Nude ជាឈ្មោះផ្ទាំងគំនូរស្រាតមួយផ្ទាំង ដែលត្រូវបានដាក់ ដេញថ្លៃលក់ ជាផ្លូវការនៅសាលសិល្បៈ Christie ទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ស្នាដៃសិល្បៈផ្ទាំងគំនូរស្រាតមួយផ្ទាំងនេះ ពុំធ្លាប់តាំងបង្ហាញដាក់ ដេញថ្លៃពីមុខមក នោះទេ តែមានការលក់បណ្តាក់តគ្នា តាមលក្ខណៈឯកជន អស់រយៈពេល ៦០ ឆ្នាំចុងក្រោយ ។
ប្រភពសារព័ត៌មានបញ្ជាក់អោយដឹងថា ស្នាដៃសិល្បៈដែលទទួលបានការដេញថ្លៃ តម្លៃខ្ពស់បំផុត នោះគឺ Picasso's Les femmes d'Agler តម្លៃ ១៧៩ លានដុល្លារ ។ ស្នាដៃសិល្បៈ មួយនេះត្រូវបាន ដាក់តាំងនិងដេញថ្លៃលក់ជាផ្លូវការ នៅ Christie ឧសភា ឆ្នាំ ២០១៥ នេះផ្ទាល់តែម្តង ។
គួររំឮកថា ស្នាដៃសិល្បៈ នៃផ្ទាំងគំនូរស្រាត Nu couche ត្រូវបានគូរឡើងអំឡុងឆ្នាំ ១៩១៧ និងឆ្នាំ ១៩២៨ ក្នុងនោះ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មុននឹងមានការដាក់លក់ ដេញថ្លៃ ផ្ទាំង គំនូរស្រាតមួយផ្ទាំងនេះ លក់បណ្តាក់តគ្នាបានតម្លៃ១០០លានដុល្លាររួចទៅហើយ។ សេដ្ឋីប្រទេស ចិនដែលត្រូវបានគេស្គាល់ឈ្មោះថា Liu Yiqian នោះ បានដេញថ្លៃទិញយកគំនូរនេះជា ផ្លូវការ ក្នុង ទំហំសាច់ប្រាក់ ១៧០,៤ លានដុល្លារសហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី