CamNews

ជីវិតរស់នៅ 

វិធីធ្វើឲ្យលឹង្គនៅតែខ្លាំង សម្រាប់ ប្រយុទ្ធ សមរភូមិមុខ

(សុខភាពផ្លូវភេទ)៖ សុខភាពលឹង្គគឺជាផ្នែកមួយសំខាន់នៃសុខភាពបុរស ។ បញ្ហាលឹង្គអាចចង្អុលបង្ហាញពីបញ្ហាសុខភាពរបស់អ្នក។ បន្ថែមពីលើនេះ, បញ្ហាសុខភាពដែលប៉ះពាល់ទៅលើលឹង្គរបស់អ្នកអាចប៉ះពាល់ដល់តំបន់ដទៃ ទៀតនៃជីវិតរបស់អ្នក ដែលបណ្តាលឲ្យទៅជាស្ត្រេស ឬបញ្ហាទំនាក់ទំនងជាមួយនឹងដៃគូ និងប៉ះពាល់ដល់ភាពជឿជាក់របស់អ្នកផ្ទាល់។ សូមដឹងពីរោគសញ្ញានៃបញ្ហាលឹង្គ និងអ្វីដែលអាចធ្វើទៅបានដើម្បីការពារសុខភាពលឹង្គរបស់អ្នក។

តើអ្វីខ្លះដែលប៉ះពាល់ដល់សុខភាពលឹង្គ?

កត្តាផ្សេងៗគ្នាអាចប៉ះពាល់ដល់សុខភាពលឹង្គ ឧទាហរណ៍ៈ
-ការរួមភេទមិនមានសុវត្ថិភាពៈ អ្នកអាចមានជំងឺឆ្លងតាមរយៈការរួមភេទប្រសិនបើអ្នករួមភេទដោយមិនបានការពារ។
-​ការរួមភេទខ្លាំងក្លាពេក ឬការជួយខ្លួនឯងៈ ប្រសិនបើលឹង្គរបស់អ្នកកោងភ្លាមៗ, ការប៉ះទង្គិចអាចបណ្តាលឲ្យបាក់លឹង្គ។
- ​ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមៈ ការថយចុះលំហូរឈាមដែលត្រូវបានបង្កឡើងដោយជំងឺទឹកនោមផ្អែម និងជំងឺក្រិនសរសៃឈាម អាចបណ្តាលឲ្យលឹង្គមិនឡើងរឹង។
-​ថ្នាំ និងការព្យាបាលមួយចំនួនៈ ថ្នាំ និងការព្យាបាលមួយចំនួនអាចប៉ះពាល់ដល់សុខភាពលឹង្គ។ ឧទាហរណ៍ៈ ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចយូរពេកបង្កើនហានិភ័យនៃជំងឺឆ្លង មេរោគផ្សិត។ ការកាត់ក្រពេញប្រូស្តាត និងជាលិកាជុំវិញសម្រាប់ការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតនោះ អាចបណ្តាលឲ្យមានការនោមមិនដឹងខ្លួន និងលឹង្គមិនឡើងរឹង។
-​ការជក់បារីៈ ការជក់បារីផ្តល់ហានិភ័យទ្វេដងនៃការមិនឡើងរឹងនៃលឹង្គ។
- ​កម្រិតអរម៉ូនៈ ភាពមិនមានលំនឹងនៃអរម៉ូន ដូចជាការចុះខ្សោយនៃអរម៉ូនតេស្តូស្តេរ៉ូន ឬកើនឡើងខ្លាំងពេកនៃអរម៉ូនប្រូឡាក់ទីន, អាចបណ្តាលឲ្យលឹង្គមិនឡើងរឹង។
-​ បញ្ហាចិត្តសាស្ត្រៈ ជំងឺធ្លាក់ទឹកចិត្តអាចបណ្តាលឲ្យថយចុះចំណង់ផ្លូវភេទ។ យ៉ាងណាមិញ, ប្រសិនបើអ្នកមានបញ្ហានៃការឡើងរឹងនៃលឹង្គ, អ្នកអាចព្រួយបារម្ភនឹងអ្វីដែលនឹងកើតឡើងម្តងទៀត ហើយវិវត្តទៅជាការថប់បារម្ភ និងធ្លាក់ទឹកចិត្ត។ នេះអាចមានបញ្ហា និងនាំឲ្យអសមត្ថភាពផ្លូវភេទ។ ការប៉ះទង្គិចផ្លូវចិត្ត ដូចជាការរំលោភបំពានលើកុមារ, បញ្ហាទំនាក់ទំនងរវាងគូរស្នេហ៍ និងបញ្ហារូបរាង និងការបន្ទោសខ្លួនឯងអាចនាំឲ្យមានការឈឺចាប់ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការរួមភេទ។
-​បញ្ហាសរសៃវិញ្ញាណៈ ជំងឺដាច់សរសៃឈាមខួរក្បាល, គ្រោះថ្នាក់ឆ្អឹងកងខ្នង និងខ្នង, ជំងឺក្រិនច្រើនកន្លែង និងជំងឺវង្វេងអាចប៉ះពាល់ដល់ការដឹកជញ្ចូនព័ត៌មានពីខួរក្បាលទៅ កាន់លឹង្គ, ដែលនេះបណ្តាលឲ្យលឹង្គមិនឡើងរឹង។
-​អាយុកាន់តែចាស់ៈ កម្រិតអរម៉ូនតេស្តូស្តេរ៉ូនថយចុះជាធម្មតានៅពេលដែលអ្នកកាន់តែ ចាស់។ នេះអាចនាំឲ្យមានការថយចុះចំណង់ផ្លូវភេទ, តម្រូវការសម្រាប់ការភ្ញោចបន្ថែមដើម្បីទទួលបាន និងរក្សាភាពឡើងរឹងនៃលឹង្គ, ការបញ្ចេញទឹកកាម និងត្រូវការពេលយូរមុននឹងអ្នកទទួលបានការឡើងរឹងនៅពេលបន្ទាប់ក្រោយ បញ្ចេញទឹកកាមនោះ។
-​ការចោះក្រវិលៈ ការចោះក្រវិលត្រង់លឹង្គអាចបណ្តាលឲ្យឆ្លងមេរោគនៅនឹងស្បែក និងធ្វើឲ្យការឡើងរឹងនៃលឹង្គយូរ។

តើអ្វីជាបញ្ហាលឹង្គដែលជួបញឹកញាប់បំផុត?

បញ្ហាដែលអាចប៉ះពាល់ដល់លឹង្គរបស់អ្នករួមមានៈ
-​ បញ្ហានៃការមិនឡើងរឹងនៃលឹង្គ ឬបញ្ហានៃការបញ្ចេញទឹកកាមៈ នេះអាចរាប់បញ្ចូលនៃការមិនឡើងរឹងនៃលឹង្គ, អសមត្ថភាពក្នុងការរក្សាលឹង្គឲ្យឡើងរឹងគ្រប់គ្រាប់សម្រាប់ការ រួមភេទ ឬជាធម្មតាការឡើងរឹងឈឺដែលមិនត្រូវបានបង្កឡើងដោយការភ្ញោចឲ្យ មានការរួមភេទនោះទេ។ ការព្រួយបារម្ភដទៃទៀតរួមមាន ការមិនបញ្ចេញទឹកកាម, អសមត្ថភាពក្នុងការបញ្ចេញទឹកកាម, ការបញ្ចេញទឹកកាមលឿនពេក, ការបញ្ចេញទឹកកាមឈឺ និងការបញ្ចេញទឹកកាមចូលទៅក្នុងប្លោកនោមវិញ។
-​ ការឆ្លងមេរោគតាមរយៈការរួមភេទៈ ជំងឺឆ្លងតាមការរួមភេទអាចប៉ះពាល់ដល់លឹង្គ ដែលរួមមាន ជំងឺស្វាយប្រមេះជាដើម។ រោគសញ្ញាជាទូទៅអាចរួមមាន នោមឈឺ, ហូរខ្ទុះតាមលឹង្គ និងមានពងទឹកត្រង់តំបន់ជុំវិញលឹង្គ។
-​ បញ្ហានៃស្បែកខាងមុខនៃលឹង្គៈ បញ្ហាដែលត្រូវបានគេស្គាល់ថា ការមានស្បែកខាងមុខនៃលឹង្គវែងពេកកើតមានឡើងនៅពេលដែលស្បែកខាងមុខ នៃលឹង្គមិនអាចត្រូវបានទាញផុតពីក្បាលលឹង្គ។ ចំណែកបញ្ហាមួយទៀតគឺស្បែកខាងមុខនៃលឹង្គមិនអាចត្រូវបានត្រឡប់មក ដូចដើមវិញក្រោយពីត្រូវបានទាញ។
-​ជំងឺផ្សេងៗទៀតៈ ជំងឺផ្សិតអាចបណ្តាលឲ្យឡើងក្រហម ឬបន្ទះសត្រង់លឹង្គ។ ការរលាកលើក្បាលលឹង្គអាចបណ្តាលឲ្យឈឺ និងមានហូរខ្ទុះ។ ជំងឺ Peyronie ជាជំងឺមួយដែលទាក់ទងទៅនឹងការវិវត្តមិនធម្មតានៃជាលិកានៅខាង ក្នុងនៃលឹង្គ ដែលអាចបណ្តាលឲ្យលឹង្គកោង ឬឈឺនៅពេលឡើងរឹង។ ជំងឺមហារីកលឹង្គដែលអាចចាប់ផ្តើមពីមានពងទឹកលើស្បែកខាងមុខនៃ លឹង្គ, ក្បាល ឬតួលឹង្គ ហើយបន្ទាប់មកប្រែក្លាយទៅជាការរីកលូតលាស់ដែលមានការហូរខ្ទុះ ដែលជាជំងឺកម្រនឹងកើតមាន។

តើអ្វីជារោគសញ្ញានៃបញ្ហាលឹង្គ?

សូមពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមានៈ
-​ស្នាមជាំខ្មៅលើលឹង្គ
-​ផ្លាស់ប្តូររបៀបនៃការបញ្ចេញទឹកកាម
-​ហូរឈាមអំឡុងពេលនោម ឬបញ្ចេញទឹកកាម
-​មានរបួស ឬស្នាមក្រហមលើលឹង្គ ឬនៅក្នុងតំបន់ប្រដាប់ភេទ
-​លឹង្គកោងខ្លាំងដែលបណ្តាលឲ្យឈឺ ឬរំខានដល់សកម្មភាពនៃការរួមភេទ
-​មានអារម្មណ៍ថាក្រហាយនៅពេលដែលអ្នកនោម
-​ហូរខ្ទុះពីលឹង្គ
-​ឈឺខ្លាំងពេលប៉ះលឹង្គ

តើខ្ញុំអាចធ្វើអ្វីបានដើម្បីរក្សាលឹង្គឲ្យមានសុខភាពល្អ?

អ្នកអាចធ្វើតាមជំហានដូចខាងក្រោមដើម្បីការពារលឹង្គរបស់អ្នកៈ
-​ទំនួលខុសត្រូវក្នុងការរួមភេទៈ សូមប្រើប្រាស់ស្រោមអនាម័យ ឬរក្សាទំនាក់ទំនងផ្លូវភេទតែជាមួយមនុស្សម្នាក់ដែលអ្នកស្រលាញ់។
- ​ទទួលវ៉ាក់សាំងៈ ប្រសិនបើអ្នកមានអាយុតិចជាង២៦ឆ្នាំ, សូមពិចារណាក្នុងការចាក់វ៉ាក់សាំងការពារមេរោគ HPVដើម្បីជួយការពារពីជំងឺលើប្រដាប់បន្តពូជ។
-​ធ្វើលំហាត់ប្រាណៈ ការធ្វើលំហាត់ប្រាណកម្រិតមធ្យមអាចបន្ថយហានិភ័យនៃលឹង្គមិនឡើងរឹង។
-​រក្សាអនាម័យៈ សូមលាងស្បែកខាងមុខនៃលឹង្គជាមួយនឹងសាប៊ូ និងទឹក។
-​ដឹងពីថ្នាំរបស់អ្នកៈ សូមពិភាក្សានៃការប្រើប្រាស់ថ្នាំ និងឥទ្ធិពលដែលអាចកើតមានជាមួយនឹងគ្រូពេទ្យ។
-​សូមយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តៈ សូមស្វែងរកការព្យាបាលចំពោះជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តដទៃទៀត។
-​ឈប់ជក់បារីៈ ប្រសិនបើអ្នកជក់បារី, សូមព្យាយាម និងសម្រេចចិត្តដើម្បីបញ្ឈប់ បន្ទាប់មកសួរគ្រូពេទ្យសម្រាប់ការជួយ។
-​សូមកំណត់ការផឹកស្រាៈ ប្រសិនបើអ្នកជាអ្នកផឹកស្រា, សូមកំណត់ការផឹកស្ររបស់អ្នក។
-​រួមភេទជាទៀងទាត់ៈ ការរួមភេទញឹកញាប់អាចជួយរក្សាមុខងារនៃការឡើងរឹងនៃលឹង្គ។

សូមចាំថា បញ្ហាលឹង្គមួយចំនួនមិនអាចត្រូវបានការពារនោះទេ។ ទោះជាយ៉ាងណាក៏ដោយ, ការពិនិត្យលឹង្គជាទៀងទាត់ផ្តល់ការប្រុងប្រយ័ត្នដល់អ្នក និងជួយអ្នកឲ្យរកឃើញពីការប្រែប្រួលនានា។ ការពិនិត្យជាទៀងទាត់អាចជួយធានាថា បញ្ហាដែលប៉ះពាល់ដល់លឹង្គត្រូវបានធ្វើរោគវិនិច្ឆ័យបានឃើញឆាប់ៗដែល អាចធ្វើទៅបាន៕



ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Health tips Watermelon Cambodia National news