(ភ្នំពេញ)៖ ដំណឹងនៃការប្ដឹងទៅតុលាការសុំលែងលះ ភរិយាឥតខាន់ស្លា កំពុងមានផ្ទៃពោះ៣ខែ គឺនាង ភិន សុដាលីស ពីសំណាក់តារាប្រុសចង្កាព្រែក មានឈ្មោះល្បី លោក ប៉ែន ចំរ៉ុង បានប្រែក្លាយជាប្រធានបទថ្មី កក្រើកឡើង សម្រាប់មហាជន និងបង្កការរិះគន់ខ្លាំងៗ លើតារាប្រុស ប៉ែន ចំរ៉ុង យ៉ាងចាស់ដៃថា ជាតារាគ្មានភាពក្លាហានមិនហ៊ានចេញមុខ ប្រឈមបកស្រាយការពិត ជាមួយមហាជន ។ មិនតែប៉ុណ្ណោះ ក៏មានទស្សនៈខ្លះបានស្នើឲ្យបណ្តេញតារារូបនេះ ចេញពីវិស័យសិល្បៈ ទៀតផង ដើម្បីកុំឲ្យប៉ះពាល់ដល់អ្នកសិល្បៈ ជាច្រើនទៀត ដែលកំពុងតែមានកេរ្តិ៍ឈ្មោះស្អាតស្អំ និងហ៊ានចេញមុខបកស្រាយ រាល់ចម្ងល់របស់ទស្សនិកជន ពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន។
ជុំវិញដំណឹង នៃការដាក់ពាក្យបណ្តឹងសុំប្តឹងលែងលះ ភរិយាតារាសម្តែងស្រី នាង ភិន សុដាលីស ពីសំណាក់ស្វាមីឥតខាន់ស្លា លោក ប៉ែន ចំរ៉ុង នេះ ទើបបែកធ្លាយប្រមាណ ៣ឬ៤ថ្ងៃមុននេះប៉ុណ្ណោះ ខណៈដែលបណ្តឹងរបស់លោក ក៏បានធ្លាក់ដល់ដៃ តុលាហើយដែរ។ ដោយឡែក បើគិតពីការរស់នៅសាងសុភមង្គល ជាស្វាមី-ភរិយាក្រៅរោងការ របស់លោក ប៉ែន ចំរ៉ុង និងនាង ភិន សុដាលីស បើគិតមកទល់ពេលនេះ មានរយៈពេលប្រមាណជាជិត១ឆ្នាំមកហើយ ក្រោយពេល សុដាលីស សម្រេចចិត្តចុះចោលផ្ទះ បោះបង់ឪពុក រត់មកនៅជាមួយប្តីហេងស៊យ លោក ប៉ែន ចំរ៉ុង។
យ៉ាងណាមិញ ស្របពេលដែលដំណឹង ដ៏រសើបមួយនេះ ត្រូវបែកធ្លាយរីកសាយភាយ ស្ទើរពេញផ្ទៃប្រទេសនោះ គេកត់សម្គាល់ឃើញថា លោក ប៉ែន ចំរ៉ុង ហាក់រងនូវព្រនង់រិះគន់ យ៉ាងចាស់ដៃ ពីសំណាក់មហាជន។ ក្នុងនោះក៏មានអ្នកនិយមលេងបណ្តាញ សង្គមហ្វេសប៊ុកមួយចំនួន ជេរដៀលថា«ធ្វើជាប្រុសថោកណាស់ អាថោក ពួកអាតារាគ្មានអាណាមួយល្អឡើយ វាល្អតែលើឆាក បើក្រៅឆាកអន់ជាងក្មេងពាលទៅទៀត..!»។
ទន្ទឹមនឹងគ្នានេះ ក៏មានអ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ថា Pee Tak Papaya បានរិះគន់ថា «ខ្ញុំសូមសុំណូមពរឲ្យសង្គមសិល្បៈ ដកលោក ប៉ែន ចំរ៉ុង ពីសិល្បៈ កុំឲ្យបន្តសម្តែងទៀត ព្រោះគាត់ជាតារាដែលគេស្គាល់ មានឈ្មោះបោះសំឡេង ក្នុងសង្គមសិល្បៈស្រុកខ្មែរ ក៏ប៉ុន្តែគាត់បានធ្វើគំរូមិនល្អ ដល់ប្រជាពលរដ្ឋខ្មែរ ជាទង្វើដែលអន់បំផុត ធ្វើឲ្យនារីម្នាក់លះបង់កិត្តិយសខ្លួន ទៅនៅជាមួយខ្លួនហើយឲ្យប៉ាកូនគេកាត់កាលគ្នា ដោយសារគាត់ ចុងក្រោយគេមានផ្ទៃពោះ៤ខែ សុំគេលែងលះ គាត់ជាមនុស្សអន់បំផុត មនុស្សមិនទទួលខុសត្រូវ នូវអ្វីដែលខ្លួនបានធ្វើ នេះហើយជាគំរូមិនល្អ.!»។
រហូតមកទល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦នេះ លោក ប៉ែន ចំរ៉ុង នៅតែគ្មានភាពក្លាហាន ចេញមុខបញ្ជាក់ការពិត ប្រាប់មហាជនឲ្យបានដឹងច្បាស់ ទាក់ទងនឹងជម្លោះក្នុងគ្រួសារ ជាមួយនាង ភិន សុដាលីស ជាប្រពន្ធ រហូតឈានដល់ ការដាក់ពាក្យសុំលែងលះនោះឡើយ។ ខណៈលេខទូរស័ព្ទរបស់លោក នាពេលកន្លងមក ពេលខលចូលបង្វែឲ្យបងប្រុស ជាអ្នកទទួលជំនួយ ហើយប្រាប់ថា ជារឿងគ្រួសាររបស់គេ(ប្អូនប្រុស) លោកគ្មានសិទ្ធបកស្រាយឡើយ។
ចំណុចនេះ បានបញ្ជាក់ឲ្យឃើញច្បាស់ក្រឡែតថា តារាសម្ដែង ប៉ែន ចំរ៉ុង ដែលធ្លាប់តែទទួលបានការសរសើ ពីមហាជនថា មានអត្តចរឹតល្អ នៅលើឆាកតន្រ្តី និងធ្លាប់តែផ្ដល់ដំបូន្មានល្អៗ ឲ្យទស្សនិកជននោះ មានចេតនាគេចវេស មិនហ៊ានប្រឈមមុខ ចំពោះបញ្ហាផ្ទាល់ខ្លួន ជាពិសេសជាបុរសម្នាក់ គ្មានភាពក្លាយហាន ពុំមែនជាកូនប្រុសដើមទ្រូងប្រាំហត្ថ ដែលអាចឲ្យនារីម្នាក់ ផ្ញើវាសនាអនាគតបានឡើយ។ ទស្សនិកជនជាច្រើន ក្នុងប្រទេសកម្ពុជា បានសម្ដែងការអបអរសាទរ ពេលដែលដឹងថា លោកកំពុងតែមានសុភមង្គល ជាមួយគ្រួសារ គឺភរិយា ភិន សុដាលីស យ៉ាងផ្អែមត្រជាក់ និងជូនពរជូនជ័យ ដើម្បីឲ្យស្នេហានេះ ស្ថិតស្ថេរជាអមតៈ ប៉ុន្តែទីបំផុត ប៉ែន ចំរ៉ុង បានធ្វើឲ្យមហាជនខកចិត្ត និងខូចឈ្មោះដល់ប្រុសគេដទៃទៀត ចំពោះទង្វើរបស់ខ្លួន ដែលបានប្រព្រឹត្ត ទៅលើភរិយាឥតខាន់ស្លា គឺនាង ភិន សុដាលីស នៅពេលនេះ ៕
-អាន ៖ ប៉ែន ចំរ៉ុង ដាក់ពាក្យប្ដឹងលែងលះ ភរិយាឥតខាន់ស្លា ភិន សុដាលីស ក្រោយមានផ្ទៃពោះបីខែ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង