(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលនោះទេ នៅព្រឹកថ្ងៃទី២០ ខែកក្កដាឆ្នាំ២០១៦នេះ ជាថ្ងៃដែលតុលាការត្រូវប្រកាសសាលក្រម លើករណីសំនុំរឿងបណ្តឹងលែងលះ រវាងតារាប្រុសលោកប៉ែន ចំរ៉ុង ជាមួយភរិយាឥតខាន់ស្លា អ្នកនាង ភិន សុដាលីស ខណៈដែលការសម្របសម្រួលចំនួន៣លើក គឺមិនទទួលបានលទ្ធផលជាផ្លែផ្កា។
ទន្ទឹមគ្នា នៃថ្ងៃប្រកាសសាលក្រម របស់តុលាការលើកករណីបណ្តឹងលែងលះគ្នា ពីសំណាក់ភាគីលោក ប៉ែន ចំរ៉ុង និងភរិយាអ្នកនាង ភិន សុដាលីស ដែលកំពុងមានផ្ទៃពោះប្រមាណជិត៧ខែនេះដែរ ក៏មានមហាជនជាច្រើន បានទន្ទឹងរង់ចាំអ៊ុលមើល លទ្ធផលនៃការចេញសេចក្តី សម្រេចរបស់តុលាលើករណីបណ្តឹង លែងលះអ្នកទាំងពីរនេះផងដែរ។
ប៉ុន្តែបើតាមប្រភពព័ត៌មាន ទម្លាយចេញពីមន្រ្តីតុលាការ បានបង្ហើបឲ្យដឹងថា បណ្ដឹងលែងលះនេះ គឺនឹងអាចប្រកាសឲ្យដាច់ស្រលះតែម្ដង ព្រោះភាគីទាំងសងខាងបានប្រកាន់ជំហថា នឹងមិនសម្រុះសម្រួលគ្នាវិញនោះទេ ខណៈដែល ប៉ែន ចំរ៉ុង ត្រូវទទួលបន្ទុកផ្ដល់អាហារកិច្ចដល់កូននៅក្នុងផ្ទៃរបស់ ភិន សុដាលីស ប៉ុន្តែនាង ភិន សុដាលីស បានបដិសេធមិនទទួលយកអាហារកិច្ច ពី ប៉ែន ចំរ៉ុង ជាដាច់ខាត។
គួររំឭកថា តារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ប្តឹងសុំលែងលះភរិយាអ្នកនាង ភិន សុដាលីស ចាប់តាំងពីអំឡុងពេលមុនពិធីបុណ្យចូលឆ្នាំខ្មែរ ក្រោមហេតុផលថា រស់នៅមិនចុះសម្រុងជាមួយគ្នា បន្ទាប់ពីធ្លាប់ឆ្លងកាត់ការរស់នៅកម្សត់កម្រ អស់រយៈពេលប្រមាណ១ឆ្នាំ រហូតឈានដល់សាងដំណក់ឈាមរួមគ្នា មានកូនក្នុងផ្ទៃជាង៧ខែមកហើយនោះ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង