CamNews

តារា 

១២​ ឧសភា ​ប៉ែន​ ចំរ៉ុង​ ត្រូវ​តុលាការ​កោះ​ហៅ ឲ្យ​ចូល​បំភ្លឺ​ជុំវិញ​បណ្ដឹង​សុំលែងលះ ភរិយា​ឥត​ខាន់ស្លា

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦នេះ មន្ត្រី​តុលាការ​​បានថ្លែង​ឲ្យ Khmertalking ដឹងថា​ លោក​ ពេជ្រ​ វិជ្ជា​ធរ​ ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីកា​កោះ​ហៅ ​លោក​ ប៉ែន​ ចំរ៉ុង​ ជាពិធីករ​ និងជាតារាសម្ដេងល្បី​ឈ្មោះ​ និង​​អ្នកស្រី​ ភិន​ សុដាលីស​ ជាភរិយា ឲ្យ​ចូល​ខ្លួន​មក​តុលាការ​ នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ ខាងមុខ​នេះ​ ។ ការ​កោះ​ហៅ​នេះ​ ធ្វើ​ឡើង​តាម​បណ្តឹង​សុំ​លែងលះ​ប្រពន្ធ​ របស់​លោក​ ប៉ែន​ ចំរ៉ុង​ ដែលបានដាក់ចូលដល់ដៃតុលាការ កាលពី​មុនពិធីបុណ្យចូលឆ្នាំថ្មី។

ប្រភព​ព័ត៌មាន​​បញ្ជាក់​ថា​ តារាសម្ដែងលោក ប៉ែន​ ចំរ៉ុង​ ដែលកំពុងតែហ៊ុំព័ទ្ធដោយពាក្យរិះគន់ តិះដៀលពីសំណាក់មហាជនថា ជា​តារា​សម្ដែង​គ្មាន​ភាព​ក្លា​ហាន និង​ទំនួល​ខុស​ត្រូវ​ចំពោះអនាគតភរិយានោះ បាន​ទទួល​ដីកា​កោះពីចៅក្រម​រួច​ហើយ​​ ។ ចំណែក​អ្នក​​ស្រី​ ភិន​ សុដាលីស​ ពុំ​​ទាន់​​បាន​​ទទួល​​បាន​ដីកា​នៅ​​ឡើយ​ទេ​។

សូមជម្រាបថា ចំណងស្នេហារស់នៅ ក្រោមដំបូលផ្ទះជាប្តី-ប្រពន្ធ ឥតខាន់ស្លាគ្រាន់តែ​ចុះ អ៊ីតាស៊ី​វិល ពេញផ្លូវច្បាប់រយៈពេលជាង១ឆ្នាំ រវាងតារាសម្តែងប្រុសលោក ប៉ែន ចំរ៉ុង និងតារាស្រីនាង ភិន សុដាលីស ថ្មីៗនេះមានតាមព័ត៌មាន ពីតុលាការក្រុងភ្នំពេញ បានទម្លាយឲ្យដឹងថា បច្ចុប្បន្នមានភាពរង្គោះរង្គើរ រហូតឈានដល់ការ​សម្រេច​ចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការជាផ្លូវការ​ បន្ទាប់ពីការរស់នៅសាងសុភមង្គលស្នេហ៍ ពុំមានភាពចុះសម្រុងគ្នានោះ។ បច្ចុប្បន្ន​សំណុំរឿង​នេះ​ កំពុង​ស្ថិត​ក្រោម​ចំណាត់​ការ​របស់​លោក​ ពេជ្រ​ វិជ្ជា​ធរ​ សាលាដំបូងរាជធានីភ្នំពេញ។

មន្រ្តីតុលាការធ្លាប់បានបង្ហើបឲ្យដឹងថា លោក ប៉ែន ចំរ៉ុង បានដាច់ចិត្តដាក់ពាក្យប​ណ្ដឹងប្ដឹង លែងលះភរិយាធ្លាប់កម្សត់កម្រ​ជាមួយ​គ្នា​ជាង​១​ឆ្នាំ ភិន សុដាលីស អស់​រយៈ​ពេល​ជាង​កន្លះ​ខែ​មក​ហើយ ពោលគឺតាំងពីពេលមុនចូលឆ្នាំខ្មែរមកម្លេះ ក្រោមមូលហេតុក្នុងពាក្យបណ្ដឹងលែងលះ ដ៏​គួរ​ឲ្យ​ចម្លែក​នេះ​បាន​ត្រឹម​តែ​លើក​ហេតុ​ផល​ថា រស់​នៅ​មិន​ចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ ប៉ុន្តែបើផ្អែកតាមប្រភពព័ត៌មាន ពី​ចង្កោម​រស់​នៅ​ក្នុង​មជ្ឈដ្ឋាន​អ្នក​សិល្បៈ​ដូច​គ្នា​វិញ បានព្រលយឲ្យដឹងថា រវាងលោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានកើតមានជម្លោះផ្ទៃក្នុងគ្រួសារនេះ ជាយូ​រមកហើយ ពោលគឺតាំងពីនាង ភិន សុដាលីស ចុះចោលផ្ទះ ប្រមាណជិតមួយខែឯណោះ។

ដោយឡែក បើព័ត៌មានខ្លះទៀតបាននិយាយថា គេសង្កេតឃើញ ភិន សុដាលីស និង ប៉ែន ចំរ៉ុង ចាប់ផ្ដើមធ្វើឫកសោះអង្គើយ និងរករឿងគ្នា មិនចេះចប់មិនចេះហើយ ក្រោយពេលនាងមា​នទំងន់កូន៣ខែក្នុងផ្ទៃ រហូតដល់ថ្នាក់ពេលខ្លះលោ​​ក ប៉ែន ចំរ៉ុង ខូចចិត្តដើរផឹកស៊ីស្រវឹង ស្ទើររាល់យប់ និងលែងចូលដេកផ្ទះ ដូចមុនទៀតក៏មានដែរ។ ចំណុចទាំងនេះ ក៏បានធ្វើឲ្យ សុដាលីស កាន់តែមានលេស​ដើម្បីងាយស្រួល ក្នុងកា​រ​ចោទប្រកាន់ថាស្វាមី ប៉ែន ចំរ៉ុង កំពុងមានស្នេហា​ថ្មី ជាមួយ​នារីផ្សេង ក្លាយជាជម្លោះក្នុងគ្រួសារ។

​យ៉ាងណាមិញ Khmertalking នៅរសៀលថ្ងៃទី០៥ ខែឧសភា នេះ មិនទាន់អាច​ស្វែងការស្រាយបំភ្លឺតាមទូរស័ព្ទ​ពី​សំណាក់​ស្វាមី-ភរិយា អ្នក​ទាំង​ពីរ​គឺ​លោក ប៉ែន ចំរ៉ុង និង​នាង ភិន សុដាលីស បាន​នៅ​ឡើយ​ទេ ជុំវិញដីការកោះហៅឲ្យចូលបំភ្លឺ ក្នុងបណ្ដឹងសុំលែងលះខាងលើនេះ ៕ 


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Penh chomrong