(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះនូវសង្គ្រាម ពាក្យសម្តីហែកហួគ្នាជាថ្មី រវាងតារាសម្តែង និងជាពិធីករប្រុស លោក ប៉ែន ចំរ៉ុង ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស និងលោក អ៉ិន សុភិន ត្រូវជាឪពុក ក្រោយពេលកូនស្រី ដែលជាដំណក់ឈាមរួមគ្នា របស់អ្នកនាងភិន សុដាលីស និងលោក ប៉ែន ចំរ៉ុង ទើបតែសម្រាលបាន ប្រមាណជាង១សប្តាហ៍រួចមក ថ្មីៗនេះ ស្រាប់តែមានការលេចឮដំណឹងមកថា ពិធីករ និងជាតារាសម្តែង លោក ប៉ែន ចំរ៉ុង ត្រូវបានខាងស្ថានីយទូរទស្សន៍ PNN បើកការប្រជុំសម្រេចដកតំណែង ពិធីកររបស់លោក ចេញពីកម្មវិធីកំសាន្ត ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយស ស្ថានីយទូរទស្សន៍។
ប្រភពលេចចេញ ពីមាត់ចាបមាត់ព្រាប បានខ្សឹបខ្សាវគ្នាថា បច្ចុប្បន្នតារាសម្តែងប្រុស សម្បូររឿងអាស្រូវ លោក ប៉ែន ចំរ៉ុង ត្រូវបានភាគីអ្នកគ្រប់គ្រង ស្ថានីយទូរទស្សន៍ PNN ប្រជុំសម្រេចធ្វើការដកតំណែង ជាពិធីករចេញពីស្ថានីយទូរទស្សន៍ដ៏ធំ មួយនេះហើយ ប៉ុន្តែមិនត្រូវបានបញ្ជាក់ច្បាស់ទេថា ការដកតំណែងពិធីកររបស់ លោក ប៉ែន ចំរ៉ុង ចេញពី PNN បណ្តាលមកពីមូលហេតុអ្វី ឲ្យប្រាកនៅឡើយទេ គ្រាន់តែមានការសង្ស័យថា អាចបញ្ហានៃរឿងអាស្រូវ ផ្ទុះជម្លោះជាមួយថៅកែផលិតកម្ម មហាហង្ស គឺលោក អ៉ិន សុភិន។
ស្របពេលជាមួយគ្នា នៃដំណឹងដ៏រសើបនេះ កំពុងផ្ទុះឡើង ហើយជាចម្ងល់ចង់ដឹង ការពិតពីសំណាក់ទស្សនិកជននេះដែរ គេហទំព័រ Khmertalking នារសៀលថ្ងៃទី២៥ ខែតុលាឆ្នាំ២០១៦ នេះបានភ្ជាប់ទំនាក់ទំង ទៅក្រុមការងាររបស់ស្ថានីយទូរទស្សន៍ PNN ហើយត្រូវបានបញ្ជាក់ ប្រាប់មកវិញថា គ្មានរឿងនេះកើតឡើងលើ លោក ប៉ែន ចំរ៉ុង ឡើយ ហើយបានចាត់ទុកដំណឹងនេះ ជាការប្រឌិតរឿងឡើយ ពីសំណាក់បុគ្គលមួយចំនួនតូច ប៉ុណ្ណោះ។
ប្រភពពីក្រុមការងារ របស់ស្ថានីយ៍ទូរទស្សន៍ PNN ដដែល បានបន្តថា រឿងដែលគេនិយាយថា ដកលោក ប៉ែន ចំរ៉ុង ចេញពីកម្មវិធីរបស់ ទូរទស្សន៍PNN គឺគ្មានទេ ព្រោះគាត់(ប៉ែន ចំរ៉ុង) ជាបុគ្គលិកធ្វើការងារល្អជាមួយ PNN។ ម្យ៉ាងទៀតរឿងផ្ទាល់ខ្លួន និងការងារ គឺផ្សេងដាច់ពីគ្នា គ្មានពាក់ព័ន្ធជាមួយការងានោះឡើយ។
ប្រភពខាងលើបានបន្ថែមថា សម្រាប់គម្រោងដកលោក ប៉ែន ចំរ៉ុង ចេញពីពិធីកររបស់ស្ថានីយ៍ទូរទស្សន៍ PNN ក៏គ្មានដែរ ព្រោះរាល់បញ្ហារឿងអាស្រូវ ខាងក្រៅគឺសុទ្ធសឹងតែជារឿងផ្ទាល់ខ្លួន ពុំមានពាក់ព័ន្ធជាមួយការងារ របស់ក្រុមហ៊ុនឡើយ។ ដូច្នេះយើងគិតថា នេះគ្រាន់តែជាពាក្យចរចាមរ៉ាម ដែលប្រឌិតឡើង តែប៉ុណ្ណោះ។
ដោយឡែក ជុំវិញរឿងរ៉ាវ ដ៏រសើបនេះ Khmertalking បានធ្វើការទំនាក់ទំនង ទៅកាន់តារាសម្ដែង លោក ប៉ែន ចំរ៉ុង ដែលជាម្ចាស់សាមីខ្លួន ដើម្បីបកស្រាយបំភ្លឺ ឲ្យមហាជន និងអ្នកគាំទ្រអស់ចម្ងល់ ប៉ុន្តែមិនអាចទាក់ទងបានទេ ព្រោះទូរស័ព្ទ ត្រូវបានបិទ ខណៈដែលនេះជាទម្លាប់របស់លោក ប៉ែន ចំរ៉ុង ទៅហើយ ក្នុងការមិនចេញមុខបកស្រាយ ជាមួយបណ្ដាញសារព័ត៌មានណាមួយ ពេលលោកជួបប្រទះនូវរឿងរ៉ាវ អាស្រូវម្ដងៗ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង