CamNews

កីឡាអន្តរជាតិ 

កម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី នៅវៀតណាម

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែកញ្ញានេះ ជាលទ្ធផលបណ្ដោះអាសន្ន ក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ៥គ្រឿងហើយ នៅក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់អាស៊ី Asian Beach Games ឆ្នាំ២០១៦ នៅប្រទេសវៀតណាម ដែលមានជាង ៣០ប្រទេសចូលរួម។ នេះបើយោងតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អនុប្រធានប្រតិភូដឹកនាំអត្តពលិកកម្ពុជាចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រៀបចំដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា មេដាយ ៥គ្រឿងពេលនេះ គឺដណ្ដើមបានដោយក្រុមកីឡាប៉េតង់ឆ្នេរខ្សាច់ រួមមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣។ សម្រាប់មេដាយមាស រកបានដោយកីឡាករ សុខ ច័ន្ធមាន លើវិញ្ញាសាវាយយកពិន្ទុបុរស, មេដាយប្រាក់ រកបានដោយកីឡាការិនី កែ ឡេង តាមរយៈវិញ្ញាសាវាយយកពិន្ទុនារី។ ចំណែកមេដាយសំរឹទ្ធ ៣គ្រឿង គឺទទួលបានលើវិញ្ញាសាវាយឯកត្ដជនបុរស វាយគូបុរស និងវាយគូនារី។

លោកបានបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលកម្ពុជា ដណ្ដើមបានមេដាយមាស និងមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់កម្រិតអាស៊ីនេះ។ ប៉ុន្ដែកម្ពុជា នៅមានសង្ឃឹមស្វែងរកមេដាយមាស ប្រាក់ និងសំរឹទ្ធបន្ថែមទៀត ព្រោះកម្ពុជា នៅសល់កីឡាមានសក្ដានុពល ៣ប្រភេទទៀត ដែលទើបធ្វើដំណើរទៅដល់ទីក្រុងដាណាំង ដើម្បីត្រៀមប្រកួតក្នុងពេលឆាប់ៗខាងមុខ រួមមានកីឡាល្បុក្កតោ ចំបាប់ និងកីឡាវ៉ូវីណាម។

អគ្គលេខាធិការ NOCC ដដែលរូបនេះ បានបន្ថែមថា នៅថ្ងៃទី២៩ ខែកញ្ញាស្អែកនេះ គុនបុរាណខ្មែរល្បុក្កតោ នឹងធ្វើការប្រកួត ហើយលោកមានជំនឿចិត្តទទួលបានមេដាយជាក់ជាមិនខាន ព្រោះកីឡាករ-កីឡាការិនីភាគច្រើនធ្លាប់ហាត់ប្រដាល់សេរី។ ជាងនេះទៅទៀត កីឡាវ៉ូវីណាម ដែលធ្លាប់ដណ្ដើមបានមេដាយកម្រិតពិភពលោក ក៏ជាក្ដីសង្ឃឹមដណ្ដើមបានមេដាយមាស ឬប្រាក់បន្ថែមជូនប្រទេសកម្ពុជា រួមទាំងកីឡាចំបាប់ទៀតសោត គឺសុទ្ធតែជាក្ដីរំពឹងដណ្ដើមបានមេដាយពីព្រឹត្តិការណ៍នេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angkor Wat Local news Elephant Siem Reap