(កំពត)៖ ប្រជាពលរដ្ឋមួយគ្រួសារ មានសមាជិក ១០នាក់ បានស្លាប់ និងរងរបួស ដោយសារក្រឡាប់រថយន្ត នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីត្រឡប់មកពីមើលបុណ្យសមុទ្រវិញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានលូដើមអំពិល ដែលស្ថិតក្នុងភូមិវត្តពោធិឃុំថ្មីស្រុកទឹកឈូខេត្តកំពត ។
មន្រ្តីនគរបាល ស្រុកទឹកឈូ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥នេះថា មុនពេលកើតហេតុ មានកម្មវីធីបុណ្យសមុទ្រនៅឯទីរួមខេត្តកំពតហើយក្រុមគ្រួសារដែលរងគ្រួសនេះ មានសមាជិក១០នាក់ក្នុងនោះមានស្រ្តី៣នាក់ បានជិះរថយន្តជាលក្ខណៈគ្រួសារមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប៊ិចស្លាកលេខកំពត2A-1431 ចេញពីស្រុកដងទង់ដើម្បីទៅមើល កម្មវិធីបុណ្យសមុទ្រនៅឯទីរួមខេត្តកំពត។
លុះពេលយប់ជ្រៅក៏បានបើករថយន្តវិលត្រឡប់មកលំនៅដ្ឋានវិញ តែជាអកុសល បើកមិនទាន់ដល់លំនៅដ្ឋានផង ក៏បានជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត ដែលបណ្តាលឲ្យស្រ្តី២នាក់ស្លាប់ និង៨នាក់ទៀត រងរបួស។
ក្រោយពីកើតហេតុកម្លាំងនគរបាល របស់ស្រុកទឹកឈូចេញទៅជួយអន្តរាគមន៍និងបានហៅរថយន្តសង្រ្គោះមកដឹកយកអ្នករងរបួសដើម្បីសង្គ្រោះភ្លាមៗផងដែរ ដោយឡែកសពត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រឺឯរថយន្តត្រូវបានកម្លាំងចរាចរណ៍ស្រុកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីរងចាំប្រគល់ទៅឲ្យ ខាងម្ចាស់វិញផងដែរ៕
ផ្ដល់សិទ្ធដោយ៖ ហ្រេ្វសញ៉ូវអាស៊ី