CamNews

ព័ត៌មានអន្តរជាតិ 

គីម ជុងអ៊ុន ចេញបញ្ជា ឲ្យវិស្វករ សម្រុកសាងសង្កាត់​ថ្មី​​នៅ​ព្យុងយ៉ាង ដើម្បី​ឲ្យ​ទាន់ ថ្ងៃខួប​បិតា

ព័ត៌មានអន្តរជាតិ៖ មេដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បានអំពាវនាវ​ឱ្យពន្លឿនការ​បញ្ចប់ការសាងសង់ ​សង្កាត់ថ្មី​ក្នុងទីក្រុងព្យុង​យ៉ាង នៅមុនពេល​ខួបកំណើត នៃបិតា​ស្ថាបនិក​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង នៅខែមេសា ខាងមុខនេះ។ នេះបើតាម​សារព័ត៌មាន កូរ៉េខាងជើង KCNA ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។

កូរ៉េខាងជើង​កំពុងបង្កើនកិច្ចខិតខំ​ប្រឹងប្រែង​បញ្ចប់ការដ្ឋាន​សាងសង់​សង្កាត់ថ្មី​មួយ នៃផ្លូវ Ryomyong ឱ្យបានមុខ​ថ្ងៃទី១៥ ខែមេសា ជាថ្ងៃខួប​កំណើត​លើកទី១០៥ នៃអតីត​សពអគ្គមគ្គុទេសន៍​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ដែលជាជីតា​របស់​លោក គីម ជុងអ៊ុន។ យោងតាម KCNA លោក គីម ជុង អ៊ុន បានចុះទៅដល់ការដ្ឋាន​សាងសង់​ដោយផ្ទាល់ កាលពីខែមករា​កន្លងទៅ ដើម្បីតឿន​ឱ្យក្រុមកម្មករ​ពន្លឿន​ការងារ​របស់​ពួកគេ។ «នៅសល់ជាងតែ ៣០ថ្ងៃទៀតប៉ុណ្ណោះ ការងារសាងសង់សង្កាត់ថ្មី Ryomyong ត្រូវបញ្ចប់ឱ្យបានមុនទិវាព្រះអាទិត្យ (ថ្ងៃខួបកំណើតលោក គីម អ៊ីលស៊ុង)»។ នេះបើតាមសម្ដីលោក គីម ជុងអ៊ុន ចេញផ្សាយដោយ KCNA។

គួរបញ្ជាក់ថា​កាលពីដំបូង​ឡើយ លោក គីម ជុងអ៊ុន បានបញ្ជាឱ្យ​បញ្ចប់ការងារសាង​សង់សង្កាត់ថ្មី​នេះ​ឱ្យបានមុនចុង​ឆ្នាំ២០១៦ ក៏ប៉ុន្តែដោយ​សារតែ គ្រោះទឹកជំនន់ ទើបគំរោង​ត្រូវពន្យាពេល។ ដោយឡែក​បើតាមគេហទំព័រ​កូរ៉េខាងជើង Minjok Tongshin មានមូលដ្ឋាន​នៅសហរដ្ឋអាមេរិក សង្កាត់ថ្មី Ryomyong មានលំនៅ​ដ្ឋាន ៤,៨០០ខ្នង ហើយគំរោងនេះ​ត្រូវចំណាយប្រាក់​ជាង២.៨លានដុល្លារ ជាការបង្ហាញ​នូវសមិទ្ធផលថ្មីរបស់របបលោក គីម ជុងអ៊ុន នៅថ្ងៃខួបជីតា ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៩៤៕



ប្រភព ៖ យ៉ុនហាប់


Tags: North korea South korea Kim Jong Un Kim jong nam