(បរទេស)៖ រឿងរ៉ាវដ៏ក្តៅគគុក ជុំវិញការប្រកាសលទ្ធផល បវរកញ្ញាឯកដែលឈ្នះពានរង្វាន់ និងបានគ្រងមកុដលេខ ១បានទៅលើនាង Pia Alonzo Wurtzbach មកពីប្រទេសហ្វីលីពីននោះ នៅតែជាព័ត៌មានដ៏រសើប ហើយមនុស្សជាច្រើនពិតជា នៅចង់តាមដានសាច់រឿងនេះបន្តទៀតថា តើមានអ្វីកើតឡើង បន្ទាប់ពីលោក Steve Harvey ដែលជាអ្នកកាន់ កម្មវិធីឡើងប្រកាសលទ្ធផលខុស នៅវគ្គចុងក្រោយ ធ្វើឲ្យនាង Ariadna Gutierrez មកពីប្រទេសកូឡុំប៊ី ដែលបានគ្រងមកុដលើក្បាលហើយនោះ ស្រាប់តែត្រូវគេដកយកមកបំពាក់ ឲ្យកញ្ញាឯកហ្វីលីពីនទៅវិញ ធ្វើឲ្យនាងស្រឡាំងកាំងស្ទើរតែគាំងបេះដូង។
ចៅក្រមកាត់សេចក្តី ក្នុងការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១៥ នេះ លោក Perez Hilton និយាយថា បើមើលពីទង្វើកញ្ញាឯកកូឡុំប៊ី កំឡុងពេលប្រើសំដីទៅកាន់ អ្នកបកប្រែរបស់ខ្លួន ហាក់ដូចជាមិនគួរសមឡើយ ដោយខ្សែភ្នែកនាងបង្ហាញពីភាព មិនសប្បាយចិត្តនូវអ្វី ដែលគេកំពុងតែបកប្រែ ឲ្យនាងនោះ ។
រីឯមនុសុ្សមួយចំនួនទៀត ក៏បាននិយាយ រិះគន់លោក Steve Harvey ថា ប៉ុន្មានម៉ោងមុនពេលឡើងកាន់ កម្មវិធី គេបានឃើញពិធីករវ័យ៥៨ឆ្នាំរូបនេះ កំពុងលេងល្បែងស៊ីសង និងផឹកគ្រឿងស្រវឹង នៅឯកាស៊ីណូមួយស្ថិត នៅក្នុងរដ្ឋ Las Vegas សហរដ្ឋអាមេរិក ដោយមិនបានចូលហាត់សម មុនពេលឡើងកាន់កម្មវិធី នៅថ្ងៃចុងក្រោយទេ ទើបនាំឲ្យមានការភ្លាំងភ្លាត់ បង្កើតបាននូវកំហុសដ៏ធំ ស្ទើរតែធ្វើឲ្យកញ្ញាឯកកូឡុំប៊ី កើតបញ្ហាផ្លូវចិត្តទៅហើយ៕
- អាន ៖ Pacquiao៖ ជ័យជំនះរបស់បវរកញ្ញា ឯកហ្វីលីពីន ហាក់បីដូចជាសងសឹក និងឌឺដងឲ្យ Floyd
ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី