CamNews

ព័ត៌មានអន្តរជាតិ 

ផ្គើនអាមេរិកហ្អេស, Duterte ប្រធានាធិបតីហ្វីលីពីន នឹងទៅរុស្ស៊ី ដើម្បី​ជូប Putin រឿងទិញអាវុធ

(ម៉ូស្គូ)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានរំពឹងថានឹងទៅបំពេញ ដំណើរទស្សនកិច្ចនៅឯទីក្រុង ម៉ូស្គូនារដូវក្តៅនៃឆ្នាំ២០១៧នេះ ក្រោមការអញ្ចើញរបស់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដើម្បីពិភាក្សាការងារស្តីពី ប្រធានបទជាច្រើន ដែលជាពិសេសនោះគឺរឿងទិញដូរអាវុធតែម្តង។ នេះបើសម្តីរបស់លោក Igor Morgulov អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ដែលដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក Igor Morgulov បានថ្លែងថា «លោកប្រធានាធិបតីហ្វីលីពីន មានលិខិតអញ្ជើញនៅក្នុងដៃហើយ រីឯការមកបំពេញដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខក្នុងឆ្នាំ២០១៧នេះ ប្រហែលជានៅអំឡុងរដូវក្តៅ»។ ការធ្វើអត្ថាធិប្បាយរបស់លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានធ្វើឡើង នៅក្រោយពេលដែលលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានលើកឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថា ប្រទេសហ្វីលីពីនត្រៀមលក្ខណៈរួចជាស្រេចក្នុងការទិញដូរ អាវុធពីប្រទេសរុស្ស៊ី។

គួរបញ្ជាក់ដែរថា នាអំឡុងដំណើរបំពេញទស្សនកិច្ចក្នុងទីក្រុងម៉ូស្គូកាលពីខែធ្នូ ឆ្នាំ២០១៦ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay បានប្រាប់ទៅកាន់លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីថា រដ្ឋាភិបាលទីក្រុងម៉ានីល មានបំណងចង់កសាងកិច្ចសហប្រតិបត្តិការស្តីពីសន្តិសុខ និងវិស័យការពារជាតិជាមួយប្រទេសរុស្ស៊ី។ ម៉្យាងវិញកាលពីខែមករាកន្លងទៅថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏បានឡើងទៅកាន់នាវាពិឃាត Admiral Tributs របស់រុស្ស៊ី ដើម្បីជួបសំណេះសំណាលជាមួយក្រុមការងារនៅលើនោះផងដែរ បន្ទាប់ពីវាបានធ្វើដំណើរទៅដល់រដ្ឋធានីម៉ានីល៕ 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Duterte Rodrigo Philippine Int news Hot news