(ប៉េកាំង)៖ ក្រៅអំពីការព្រួយបារម្ភ លើបញ្ហាបរិស្ថានដ៏អាប់អួរក្នុងទីក្រុងប៉េកាំង របស់ប្រទេសចិននោះ ក្រុមអ្នកវិទ្យាសាស្ត្រ បានរកឃើញគ្រោះមហន្តរាយ ដ៏គួរឲ្យព្រួយបារម្ភបន្ថែមទៀត គឺការស្រុតចុះនៃ សណ្ឋានដីរបស់តំបន់ភាគច្រើន នៃរដ្ឋធានីដែលមានប្រជាជនរស់នៅលើស ២០លាននាក់មួយនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០១៦។
ក្រុមអ្នកសិក្សាស្រាវជ្រាវជាលក្ខណៈអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងផ្ទាល់ បានរកឃើញ ថា ទីក្រុងដ៏មហាបំពុល និងអភិវឌ្ឍន៍នេះ បានស្រុតចូលទៅក្នុងដីក្នុងជម្រៅ ១១សង់ទីម៉ែត្រ ឬ ៤អ៊ីញ ក្នុងមួយឆ្នាំៗ សម្រាប់សង្កាត់មួយចំនួនដែលមានអាគារធំៗ និងមនុស្សរស់នៅច្រើនកកកុញ។ ការស្រុត ចូលទៅក្នុងដីនេះ ដោយសារតែកត្តាចម្បងធំមួយគឺ ការអស់ទឹកក្រោមដី ដែលកើតឡើង ដោយសារតែការបូមទឹកពីក្នុងដីមកប្រើប្រាស់ ស្ទើរតែគ្មានសេសសល់ទៅហើយ។
យោងតាមការសិក្សា តាមរយៈរូបភាពពីប្រព័ន្ធផ្កាយរណប និង ពីទិន្នន័យរបស់ប្រព័ន្ធ GPS បានបង្ហាញពីអត្រារស់នៅរបស់ប្រជាជននៅតាមសង្កាត់នីមួយៗពីចន្លោះឆ្នាំ ២០០៣ ដល់ ២០១០ ហើយក្នុងនោះ ទីក្រុងដែលមានប្រជាជនលើសចំណុះ ២០លាននាក់នេះ កំពុងតែស្រុតចូលទៅក្នុងដី ក្នុងកម្រិតមួយដ៏គួរឲ្យព្រួយបារម្ភបំផុត។ ប៉ុន្តែគេមិនបានបញ្ជាក់ថា នឹងមានគ្រោះមហន្តរាយអ្វីខ្លះ ដែលបង្កឡើងដោយការបាក់ស្រុតនេះឡើយ។
សម្រាប់សង្កាត់ ដែលទទួលរងគ្រោះខ្លាំងជាងគេនោះ គឺ Chaoyang, Changping, Shunyi និង Tongzhou ស្ថិតនៅភាគកណ្តាលទីក្រុងប៉េកាំង ដែលកម្រិតនៃការស្រុតគឺ ១១សង់ទីម៉ែត្រក្នុងមួយឆ្នាំៗ តែម្តង។ ដោយសារតែទីក្រុងប៉េកាំងត្រូវការទឹកសាប ៣,៥ ពាន់លានលីត្រ ក្នុងមួយឆ្នាំៗនោះ ទើបតម្រូវឲ្យប្រភពទឹកទាំងអស់ ក្លាយជារឿងចាំបាច់ដែលត្រូវតែ ធ្វើការបូមយកមកប្រើប្រាស់ជាបន្ទាន់ ដោយមិនបានគិតគូ ពីផលប៉ះពាល់ដល់បរិស្ថានប៉ុន្មានឡើយ៕
ប្រភព ៖ ស៊ីអិនអិន
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី