(ភ្នំពេញ)៖ លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងលោក Ki Pan Gon គ្រូបង្វឹកក្រុមហុងកុង សុទ្ធតែបានត្រៀមយ៉ាងល្អ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិ នាវេលាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលាស្អែកនេះ ព្រោះគ្រូជនជាតិកូរ៉េទាំងពីរ បានចាត់ទុកជំនួបមិត្ដភាពនេះ គឺជាការប្រកួតដ៏សំខាន់រៀងៗខ្លួន។
សម្រាប់លោក Lee បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃទី០៥ ខែតុលានេះថា ជំនួបជើងទី២ ជាមួយហុងកុងនេះ គឺជាការប្រកួតដ៏សំខាន់មួយ ដើម្បីពង្រឹងសមត្ថភាពកូនក្រុមខ្លួន ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាពេលឆាប់ៗខាងមុខ ហេតុនេះលោកនឹងជំរុញក្រុមគោព្រៃកម្ពុជាធ្វើឲ្យបានល្អបំផុត។
ដោយឡែកលោក Kim Pan Gon បានលើកឡើងថា ទោះបីកាលពីដើមខែកញ្ញាកន្លងទៅ ក្រុមលោកធ្លាប់បានយកឈ្នះ ៤-២ លើក្រុមជម្រើសជាតិកម្ពុជា លើទឹកដីខ្លួនក៏ពិតមែន ប៉ុន្ដែការប្រកួតក្រៅទឹកដីនេះ លោកមិនអាចធ្វេសប្រហែស និងរឹតតែមិនអាចមើលស្រាលក្រុមម្ចាស់ផ្ទះកម្ពុជាបានឡើយ ព្រោះបាល់ទាត់កម្ពុជាបច្ចុប្បន្ន មានភាពរីកចម្រើនខ្លាំងជាងមុន ។
គួរបញ្ជាក់ថា នេះគឺជាការប្រកួតមិត្តភាពផ្លូវការលើកទី២ រវាងក្រុមទាំងពីរ ប៉ុន្ដែជាជំនួបដ៏សំខាន់ក្រុមគោព្រៃកម្ពុជា ដើម្បីត្រៀមដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្រពាន AFF Suzuki Cup 2016 ជាមួយក្រុមជម្រើសជាតិឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខ។ ប៉ុន្ដែការប្រកួតផ្លូវការចាប់ផ្ដើម ក្រុមគោព្រៃកម្ពុជានេះ ក៏ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិស្រីលង្ការ ១ប្រកួតទៀត នៅថ្ងៃទី០៩ ខែតុលានេះផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង