CamNews

ព័ត៌មានអន្តរជាតិ 

ប្រធានាធិបតី ហ្វីលីពីន Duterte ព្រមាន Obama ចំៗថាឲ្យស្តាប់លោកសិន បើចង់ ពិភាក្សា រឿងសិទ្ធមនុស្ស

ព័ត៌មានអន្តរជាតិ ៖ ចំពេលដែលប្រធានាធិបតី ហ្វីលីពីន កំពុងតែចេញចំណាត់ក្តៅគគុក បោសសម្អាត សង្គ្រាមគ្រឿងញៀននោះ ប្រធានាធិបតីរូបនេះ គូសបញ្ជាក់ឲ្យដឹងថា លោកគ្រោងនឹងធ្វើការពិភាក្សា បញ្ហាមួយចំនួនជាមួយនឹង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា អំឡុងជំនួបផ្លូវការនា សប្តាហ៍ក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយចុះ ប្រធានាធិបតី មាត់ឆៅ ចិត្តខ្លាំង របស់ហ្វីលីពីន លោក Rodrigo Duterte បានព្រមានដល់លោក អូបាម៉ា ជាមុនថា ត្រូវតែស្តាប់លោកសិន មុននឹងធ្វើ ការពិភាក្សាប្រធានបទសិទ្ធមនុស្ស នៅហ្វីលីពីន ។ 



លោក Rodrigo Duterte គូសបញ្ជាក់ឲ្យដឹងថា ដំណើរការពិភាក្សា គឺអាស្រ័យទៅលើកម្រិតនៃភាពឯក ភាពគ្នា ក្រោយពីមានការសាកសួរសំណើ ថាតើ លោក Duterte មានឆន្ទៈក្នុងការពិភាក្សាប្រធានបទ សិទ្ធមនុស្សជាមួយនឹងលោក អូបាម៉ា យ៉ាងណា អំឡុងជំនួបផ្លូវការសប្តាហ៍ក្រោយនៅក្នុងប្រទេសឡាវ ។ លោកបន្តឲ្យដឹងថា សមភាគី សហរដ្ឋអាមេរិក ត្រូវតែស្វែងយល់ឲ្យច្បាស់ពីបញ្ហាប្រឈមដែល ហ្វីលីពីន កំពុងតែជូបប្រទះ ។ គូសបញ្ជាក់ដល់សារព័ត៌មាន Reuters លោក Duterte បំភ្លឺក្តែងៗបន្ត ទៀតឲ្យដឹងថា ពួកគេ (សហរដ្ឋអាមេរិក) ត្រូវតែយល់ច្បាស់ពីបញ្ហាជាមុនសិន មុននឹងពិភាក្សា ប្រធាន បទសិទ្ធមនុស្ស។ ខ្ញុំនៅតែទទូចឲ្យស្តាប់ខ្ញុំជាមុនសិន ថាអ្វីជាបញ្ហាប្រឈមឲ្យប្រាកដ រួចសឹមធ្វើការ ពិភាក្សា ។ 

គួរបញ្ជាក់ថា សម្តីលើកឡើងខាងលើនេះ តាមរយៈសេចក្តីថ្លែងការណ៍ បានពើបរស៊ើបឡើង បន្ទាប់ពី រដ្ឋាភិបាល ទីក្រុងវ៉ាស៊ិនតោន សម្តែងនូវការព្រួយបារម្ភ អំពីចំណាត់ការក្តៅ របស់លោក Duterte ក្នុង ការបង្ក្រាបឧក្រិដ្ឋកម្ម គ្រឿងញៀន ដែលបានសម្លាប់មនុស្ស (ឧក្រិដ្ឋជន) ២០០០នាក់ រួចទៅហើយ ចាប់តាំងពីរូបលោកចូលកាន់តំណែង អំឡុងខែ ឧសភា កន្លងទៅនេះ ។ 

គួរបញ្ជាក់ថា លោក Duterte ដែលជាបេក្ខភាព ប្រធានាធិបតីថ្មីរបស់ហ្វីលីពីន ត្រូវបានគេស្គាល់ថា មាត់ខ្លាំង ចិត្តឆៅ ហ៊ានថា គឺហ៊ានធ្វើនោះ កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោកបានប្រមាថក្តែង ៗដល់ឯកអគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំហ្វីលីពីន ថាជាកូនស្រីសំផឹង ដែលនាំមកនូវ ភាពរកាំរកូស ជាខ្លាំងដល់ទំនាក់ទំនងការទូត រវាងអាមេរិក-ហ្វីលីពីន​ តែលោក Duterte ហាក់មានសភាពមិនខ្វល់ ខ្វាយអ្វីទាល់តែសោះ ក៏ព្រោះលោកគិតថា ឯកអគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំហ្វីលីពីន មិនសុំទោសលោកផង ដូច្នេះហេតុផលអីលោកត្រូវអោនលំទោននោះ ។ 

សេតវិមាន សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ឲ្យដឹងថា លោក អូបាម៉ា អាចនឹងលើក ឡើងពីការព្រួយបារម្ភរបស់ខ្លួន ទាក់ទិនទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Duterte រយៈពេល ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អំឡុងកិច្ចប្រជុំនៅក្នុងប្រទេសឡាវ ៕


- Duterte ប្រធានាធិបតី ហ្វីលីពីន ដៀលមន្រ្តី UN ថា "ឆ្គួតសុទ្ធ " ខណៈគម្រាម ចាកចេញពីអង្គការ សហប្រជាជាតិ

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ 


Tags: Obama US Japan Tokyo Hiroshima