(ពិភពលោក)៖ សារធាតុ VX ជាភ្នាក់ងារបំពុលដែលមានកម្រិតគ្រោះថ្នាក់ខ្ពស់បំផុត អាចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធប្រសាទ របស់មនុស្សរហូតដល់បាត់បង់ជីវិតក្នុងរយៈពេលយ៉ាងខ្លី។ វាត្រូវបានគេប្រើប្រាស់ក្នុងគោលដៅសំខាន់សម្រាប់ផលិតអាវុធគីមី។ ក្នុងបរិមាណត្រឹមតែ១០មីលីក្រាម សារធាតុគ្រោះថ្នាក់នេះ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្លាប់មនុស្សម្នាក់បានយ៉ាងងាយ តាមរយៈការបញ្ចៀបតាមស្បែក។
មិនត្រឹមតែជាអាវុធគីមីធម្មតាប៉ុណ្ណោះទេ សារធាតុ VX ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកថា ជាអាវុធប្រល័យលោកផងដែរ។ ការផលិត និងរក្សាទុកសារធាតុ VX លើសពី១០០ក្រាម ក្នុងរយៈពេលមួយឆ្នាំ ត្រូវបានគេចាត់ទុកថា ជាការផលិតក្រៅផលិតច្បាប់ នេះបើយោងតាមការ កំណត់របស់អនុសញ្ញាអាវុធគីមីក្នុងឆ្នាំ១៩៩២។ ច្បាប់នេះលើកលែងក្នុងករណីដែលការផលិតបម្រើដល់គោលដៅស្រាវជ្រាវ ការផលិតឱសថប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិឱ្យផលិតមិនលើសពី១០គីឡូក្រាមក្នុងមួយរោងចក្រក្នុងរយៈពេលមួយឆ្នាំ។ សារធាតុបំផ្លាញប្រព័ន្ធប្រសាទ VX នេះ មានមុខងារដូចសារធាតុពុលម្យ៉ាងទៀតដែលឈ្មោះថា Sarin ផងដែរ ប៉ុន្តែសារធាតុ VX នេះ មានឥទ្ធិពលគ្រោះថ្នាក់ជាងឆ្ងាយណាស់។
* លក្ខណៈទូទៅតាមបែបគីមី៖
ដោយសារ VX មានកម្រិតខាប់ខ្ពស់ និងជាតិហើរទាបនោះ ធ្វើឱ្យវាមានទ្រង់ទ្រាយដូចជា ប្រេងរំអិលម៉ូតូ។ លក្ខណៈពិសេសរបស់វា គឺវាអាចធន់រាល់ ស្ថានភាពបរិយាកាសគ្រប់ប្រភេទបានដែលជាផ្នែកមួយធ្វើឲ្យវាកាន់តែគ្រោះថា្នក់ និងមានប្រសិទ្ធភាព។ សារធាតុ VX ជាសារធាតុគ្មានក្លិន គ្មានរសជាតិ និងមានពណ៌លឿង។ គេអាចបន្សុទវាឱ្យក្លាយជាឧស្ម័ន ឬធ្វើជាស្ប៉ាយ ធ្វើឱ្យទៅជាសារធាតុរាវ និងអាចល្បាយជាមួយដីឥដ្ឋ ឬម្សៅម្យ៉ាងដើម្បីឱ្យ វាមានលក្ខណៈខាប់។
សារធាតុ VX មានតួនាទី ដោយរាំងខ្ទប់មុខងាររបស់អង់ហ្សីម Acetylcholinesterase។ ជាលទ្ធផលបង្កការកើនឡើងនូវចំនួន Acetylcholine ក្នុងចន្លោះរវាងកោសិកាប្រសាទ និងកោសិកាសាច់ដុំ ដែលបង្កជាការដុះឡើងនូវសាច់ដុំលើស និងមិនអាចគ្រប់គ្រងបាន។ ក្រោយមកវាបង្កឱ្យសាច់ដុំ នៃរាងកាយមនុស្សគាំងលែងដំណើរការ ស្របពេលដែលសាច់ដុំសន្ទះទ្រូងក៏លែងដំណើរការដូចគ្នា ហើយធ្វើឱ្យមនុស្សស្លាប់ដោយសារ ការស្ទះដង្ហើមតែម្តង។ ហេតុនេះទើបគេចាត់ទុកសារធាតុ VX នេះ ជាសារធាតុបំពុលប្រព័ន្ធប្រសាទដ៏គ្រោះថ្នាក់បំផុត។
* ការសង្គ្រោះបឋម៖
ដើម្បីសង្គ្រោះមនុស្សដែលអាការៈពុលសារធាតុ VX នេះ ជំហានដំបូងបំផុត គឺតែជម្រះនូវសារធាតុនេះចេញពីស្បែកឱ្យអស់ក្រោយមកបញ្ជូនជនរង គ្រោះទៅទីតាំងស្អាតដែលមានបរិយាកាសបរិសុទ្ធ។ បន្ទាប់មកគួរតែជម្រះកន្លែងដែលប្រឡាក់ដោយជាតិពុលរបស់ជនរងគ្រោះ ដោយប្រើប្រាស់ ផលិតផលលាងជម្រះ និងទឹកស្អាត។ បន្ទាប់មកត្រូវដោះសម្លៀកបំពាក់ជនរងគ្រោះចេញ។ ប្រសិនបើអាច ត្រូវធ្វើការលាងជម្រះ ជនរងគ្រោះឱ្យបានឆាប់រហ័សបំផុត មុនពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សម្រាប់បុគ្គលណាម្នាក់ដែលបានប៉ះពាល់ ឬទទួលអាការៈដែលបង្ហាញថា ពិតជារងផលប៉ះពាល់ដោយសារធាតុបំផ្លាញប្រព័ន្ធប្រសាទ VX នោះ គឺត្រូវប្រញាប់ ទទួលយកថ្នាំបន្សាបដូចជា Atropine និង Pralidoxime(2-PAM) ព្រមទាំងចាក់ថ្នាំបង្កាការឈឺចាប់ ឬបង្ករោគផ្សេងៗដូចជាថ្នាំ Diazepam ជាដើម។
* ការផលិត និងការរក្សាទុកទូទាំងពិភពលោក៖
ប្រទេសមួយចំនួន ត្រូវបានគេដឹងថា មានកាន់កាប់សារធាតុពុល VX ដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងស៊ីរីជាដើម។ គួររំលឹកផងដែរថា រោងចក្រ Al-Shifa pharmaceutical ដែលជារោងចក្រផលិតឱសថរបស់ប្រទេស ស៊ូដង់ ត្រូវរងការទម្លាក់ដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីបានដឹងថា មានផលិតសារធាតុពុលដ៏គ្រោះថ្នាក់នេះ ដោយមានប្រភពមកពីប្រទេស អ៊ីរ៉ាក់ និងក្រុមអាល់កៃដា។ សហរដ្ឋអាមេរិក បានសន្និដ្ឋានបែបនេះ បន្ទាប់ពីទទួលបានគំរូនៃដីមួយប្រភទ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា មានផ្ទុកសារធាតុ O-ethyl hydrogen methylphosphonothioate (EMPTA) ដែលគេប្រើប្រាស់សម្រាប់ផលិតសារធាតុ VX នេះ។
ក្នុងឆ្នាំ១៩៦៩ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានលុបចោលកម្មវិធីផលិតអាវុធគីមីរបស់ខ្លួន ព្រមទាំងហាមឃាត់ការផលិតសារធាតុ VX នេះទូទាំងដែនដីសហរដ្ឋអាមេរិក ព្រមទាំងចាប់ផ្តើមបំផ្លាញទីតាំងដែលផ្ទុកសារធាតុទាំងនេះ ដោយប្រើប្រាស់មធ្យោបាយច្រើនយ៉ាង។
* អនុសញ្ញាហាមឃាត់ការផលិតអាវុធគីមី VX៖
ការបំផ្លាញសារធាតុ VX ទូទាំងពិភពលោក បានបន្តកើតមានឡើង ចាប់តាំងពីឆ្នាំ១៩៩៧មក ក្រោមអនុសញ្ញាហាមឃាត់ការផលិតអាវុធគីមី។ ក្នុងឆ្នាំ២០០៨ ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានផ្សព្វផ្សាយនូវការរបាយការណ៍ដែលរកឃើញថា សហរដ្ឋអាមេរិក បានចាក់ចោលនូវសារធាតុពុល VX យ៉ាងហោចណាស់ចំនួន១១២តោន ក្នុងមហាសមុទ្រអាត្លង់ទិក នៅក្បែរឆ្នេរនៃទីក្រុងញ៉ូវយក រដ្ឋញ៉ូវជើស៊ី និងផ្លរីដា នៅរវាងឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧០។
ប្រទេស រុស្ស៊ី និងសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងធ្វើការគាំទ្រចំពោះការបំផ្លាញសារធាតុទាំងនេះ ដោយប្រើប្រាស់កម្មវិធី Nunn-Lugar Global Cooperation Initiative ដោយវាបញ្ជូនអាវុធគីមីទាំងនោះទៅក្នុងរោងចក្របំផ្លាញអាវុធ។ គួរបញ្ជាក់ថា រោងចក្រថ្មីដែលបើកដំណើរការ កាលពីខែឧសភា ឆ្នាំ២០០៩កន្លងទៅនេះ បានបំផ្លាញភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទនេះ រហូតដល់ ៥,៤០០តោន។ យ៉ាងនេះក្តី ក្នុងចំណោមអាវុធទាំងអស់ដែលត្រូវបំផ្លាញ មានអាវុធតែ១៤ភាគរយប៉ុណ្ណោះដែលទទួលបានពីប្រទេសរុស្ស៊ី។
កន្លងមកពិភពលោក តែងដាក់ការសង្ស័យថា ប្រទេសកុម្មុយនីសកូរ៉េខាងជើង មានផលិតសារធាតុពុលប្រល័យលោកនេះដើម្បីផលិតអាវុធគីមី។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលក្រុងព្យុយ៉ាង ក៏កំពុងរងការចោទប្រកាន់ថា បានប្រើប្រាស់សារធាតុពុល VX នេះ ដើម្បីសម្លាប់លោក គីម ជុងណាំ ដែលជាបងប្រុសរបស់មេដឹកនាំផ្តាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថែមទៀតផង៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី