ភ្នំពេញ៖ រយៈពេល៤ឆ្នាំហើយ ដែលតារាសម្តែងបុរសសង្ហា លោក នរៈ សិរីវិទ្យា បានបោះជំហាន ចូលប្រឡូកក្នុងវិថីសិល្បៈ ដោយលោកគឺជាតារាមួយរូប ដែលមានឈ្មោះបោះសំឡេងគួរសម ក្នុងសិល្បៈពេលនេះ បានចេញមុខមកបង្ហាញភាព ជឿជាក់ លើខ្លួនឯងថាថ្មីៗនេះ លោកបានធ្វើការចុះកុងត្រា ខាងផ្នែកសម្តែង ឲ្យផលិតកម្មថោន និងបង្ហាញម៉ូដឲ្យ Sun Super Models ។
តារាប្រុសវ័យ២២ឆ្នាំ លោក នរៈ សិរីវិទ្យា ថ្មីៗនេះបានពាំនាំ សម្រិតសម្រាំងការងារថ្មីៗ មកបង្ហាញដល់ទស្សនិកជន និងអ្នកគាំទ្រ ដោយថ្មីៗនេះលោកបានចុះកុងត្រា ជាមួយផលិតកម្មថោន ខាងផ្នែកសម្តែងឲ្យ និងបង្ហាញម៉ូដឲ្យ Sun Super Models ដោយលោកបានបង្ហាញការរំពឹង និងក្តីសង្ឃឹមថាអាចទទួល បានជោគជ័យខ្លាំង ក្នុងវិស័យសិល្បៈ ក្រោយលោកមានផលិតកម្ម ធ្វើជាខ្នងបង្អែក ជួយជ្រុមជ្រែងលើកស្ទួយលោក ។
នរៈ សិរីវិទ្យា បានប្រាប់ឲ្យដឹងថា « ការទទួលបានការងារជាច្រើននៅផលិតកម្មថោន និងចុះកិច្ចសន្យារយៈពេល៥ឆ្នាំនេះ គឺលោកពិតជារំភើប និងជឿជាក់ក្នុងចិត្តថា អាចកសាងភាពល្បីល្បាញ បានលេចធ្លោខ្លាំង ជាងគេនេះ ហើយមានការងារ ថ្មីៗចេញ លក់ជាហូរហែមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ» ។
តារាវ័យក្មេងសំឡេងពីរោះ សមជាសុភាពបុរសរូបនេះ នៅមិនទាន់បង្ហើបនៅឡើយទេថា មានការងារអ្វីខ្លះដែលផលិតកម្ម និងក្រុមបង្ហាញម៉ូត ខាងលើផ្តល់ឲ្យទេ។ ទោះជាយ៉ាងណាលោក នៅតែអាចបន្តឡើង ច្រៀងនៅតាមកម្មវិធីប្រគំតន្ត្រី តាមស្ថានីយទូរទស្សន៍ ការសម្តែងឈុត ផ្សព្វផ្សាយពាណិជ្ជកម្ម និងកម្មវិធីអប់រំនានាជាធម្មតា លើកលែងតែការសម្តែង សម្រាប់ផលិតកម្មផ្សេង ។
គួរបញ្ជាក់ដែរថា តារាសម្តែង នរៈ សិរីវិទ្យា ត្រូវបានគេចាប់ផ្តើមស្គាល់ ក្នុងខ្សែភាពយន្តអប់រំរបស់ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា រឿង“ក្របីរាល” ពិសេសលើកិច្ចការងារសសង្គមជាច្រើន បូករួមទាំងការចុះផ្សព្វផ្សាយ ចំណេះដឹងផ្សេងនៅតាមមូលភូមិឃុំ និងតំបន់រោងចក្រជាដើម ។ តារារូបនេះនឹងត្រូវគេរំពឹងថា អាចឈរក្នុងតំណែងជួរមុខ ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល