CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិកចោទជនជាតិតៃវ៉ាន់ពីររូបថាលក់បច្ចេកវិទ្យា យោធាទៅអោយចិន

ជនជាតិតៃវ៉ាន់ពីររូបត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ពីបទធ្វើផែនការសម្ងាត់
លក់បច្ចេកវិទ្យាយោធាអាមេរិក ទៅអោយប្រទេសចិន ដែលជាគូប្រជែងធំរបស់អាមេរិក។
 
យន្ដហោះស៊ើបការណ៍ប្រភេទតូចក៏ស្ថិតក្នុងប្រភេទបច្ចេកវិទ្យាដែលជនជាតិតៃវ៉ាន់ពីររូប
នោះចង់ទិញ។

ជនជាតិតៃវ៉ាន់ពីររូប គឺលោក Hui Sheng Shen អាយុ ៤៥ឆ្នាំ និងអ្នកស្រី Huan Ling Chang
អាយុ ៤១ឆ្នាំ ត្រូវបានក្រុមស៊ើបការណ៍សម្ងាត់អាមេរិក តាមដានតាំងពីខែកុម្ភៈ ឆ្នាំ ២០១១
ដោយសារសង្ស័យថាកំពុងជួញដូរគ្រឿងញៀន។

ប៉ុន្ដែក្រោយមក ជនជាតិតៃវ៉ាន់ទាំងពីរនេះបែរជាមានផែនការសម្ងាត់ក្នុងការប្រមូល និង
លក់បច្ចេកវិទ្យាអាវុធ ក្នុងនោះមានយន្ដហោះស៊ើបការសម្ងាត់ប្រភេទតូចផងដែរ។

មន្ដ្រីអាមេរិកបានអោយដឹងថា ជនជាតិតៃវ៉ាន់ទាំងពីរនាក់នេះបានអះអាងថា ពួកគេធ្វើការ
ជាអ្នកជំនួយការរបស់មន្ដ្រីជាន់ខ្ពស់ចិនម្នាក់។

កាលពីម្សិលមិញ ក្រុមរដ្ឋអាជ្ញាអាមេរិក នៅ Newark, New Jersey បានចោទប្រកាន់ជា
ផ្លូវការប្រឆាំងទៅនឹង Hui និង Huan។

មេធាវីរបស់អ្នកស្រី Huan បានអោយដឹងថា កូនក្ដីរបស់ខ្លួនបានអះអាងថា មិនមានកំហុស
អ្វីនោះទេ ខណៈដែលមេធាវីរបស់លោក Hui មិនបានបញ្ចេញមតិណាមួយនោះឡើយ។

សំណុះរឿងខាងលើបានអោយដឹងថា លោក Hui បាននិយាយថា ខ្លួនគឺជាអ្នកនាំចេញ
នាំចូល ចំណែកអ្នកស្រី Huan ដែលចេះនិយាយច្រើនភាសា ថ្លែងថាខ្លួនជាគ្រូបង្រៀន
ម្នាក់។

អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈកន្លងទៅ គឺមួយឆ្នាំបន្ទាប់ពីការស៊ើបការណ៍
សម្ងាត់ចាប់ផ្ដើមធ្វើឡើង។

ដំបូងឡើយ ជនជាតិតៃវ៉ាន់ទាំងពីររូបនេះ ហាក់ដូចជាផ្ដោតទៅលើតែការជួញដូរគ្រឿង
ញៀន ប៉ុន្ដែនៅក្នុងការជួបនឹងក្រុមសម្ងាត់បង្កប់ខ្លួននៅ Las Vegas កាលពីខែកញ្ញា និង
ខែតុលា ឆ្នាំ ២០១១ ពួកគេចាប់ផ្ដើមសួរពីរបច្ចេកវិទ្យាយោធាអាមេរិក។

រដ្ឋអាជ្ញាអាមេរិកបានអោយដឹងថា ជនជាតិតៃវ៉ាន់ទាំងពីរនិយាយថា អតិថិជនរបស់ពួកគេ
ចង់បានយន្ដហោះស៊ើបការណ៍សម្ងាត់ E-2 Hawkeye ប៉ុន្ដែក្រោយមកក៏បានសំដែងពីការ
ចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាផ្សេងៗទៀត។

យោងតាមក្រុមស៊ើបការណ៍សម្ងាត់អាមេរិក លោក Hui អះអាងថា ខ្លួនជាអ្នកតំណាង
អោយអតិថិជននៅប៉េកាំង។ ពួកគេជាក្រុមហ៊ុនស៊ើបការសម្ងាត់មួយ ដែលធ្វើការអោយ
រដ្ឋាភិបាលចិន ដូចទៅនឹង CIA ។

មុនពេលត្រូវបានចាប់ខ្លួន ជនជាតិតៃវ៉ាន់ទាំងពីរនាក់នោះបានជួបនឹងមន្ដ្រីស៊ើបការណ៍
សម្ងាត់ម្នាក់ដែលបង្កប់ខ្លួននៅ New York ។ នៅទីនេះ ពួកគេបានពិនិត្យមើលយន្ដហោះ
ស៊ើបការណ៍គ្មានអ្នកបើកបរប្រភេទតូច Raven RQ-11B។

ប្រសិនតុលាការរកឃើញទោសកំហុស អ្នកទាំងពីរអាចនឹងត្រូវជាប់ពន្ធនាគារក្នុងម្នាក់ៗ
ចំនួន ១០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និង ៥ឆ្នាំ ពីបទនាំចេញបច្ចេកវិទ្យាយោធា៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ BBC


Tags: taiwan weapon usa china