(ហាណូយ)៖ សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានចេញមកសុំទោសជំនួសអ្នកគាំទ្រ ដែលបង្កហេតុគប់រថយន្តក្រុង ដឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីយប់មិញនេះ ក្រោយខឹងចាញ់ក្រុមម្ចាស់ផ្ទះរបស់គេជ្រុះចេញពីពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២។
តាមរយៈសារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០១៦នេះថា ហេតុការណ៍អាក្រក់នេះ គឺបានកើតឡើងនៅក្រោយពេលក្រុមកីឡាករដែលទើបរួចបម្រាមពី FIFA ឥណ្ឌូនេស៊ី ចាកចេញពីពហុកីឡដ្ឋាន My Dinh ស្ថិតក្នុងទីក្រុងហាណូយ កាលពីយប់ថ្ងៃពុធ ទី៧ ខែធ្នូម្សិលមិញ ដែលបញ្ចប់ទៅលទ្ធផលស្មើគ្នា ២-២ ក្នុងនាទី បន្ថែម ១៥នាទី ២ដង វៀតណាមហាលអាវ ក្រោមលទ្ធផលទាំងពីរជើង ៤-៣ ដែលធ្វើឲ្យអ្នកគាំជាច្រើនរយនាក់ជិះម៉ូតូ យកដុំថ្មដេញគប់ឡានក្រុងរបស់ឥណ្ឌូនេស៊ី ដោយសារតែខឹងចាញ់។
ក្នុងហេតុការណ៍គប់ដុំថ្មនោះ ជំនួយការគ្រូបង្វឹក និងក្រុមគ្រួពេទ្យកីឡាករបានរងរបួសតិចតួចផងដែរ នេះបើយោងតាម លោក Le Hoai Anh ថ្លែងប្រាប់ AFP នាព្រឹកថ្ងៃព្រហស្បតិ៍នេះ និងបានសុំទោសជាសាធារណៈថា «យើងសុំអភ័យ ទោសចំពោះហេតុការណ៍ដែលបានកើតឡើង ដោយយើងមិនអាចគ្រប់គ្រងបាន។ លទ្ធផលចាញ់គឺចាញ់ គ្មានវិធីផ្សេង អាចកើតឡើងដែលនាំឲ្យប៉ះពាល់ដល់កិត្តិយសជាតិនោះទេ។ ឥណ្ឌូនេស៊ី គឺពិត ជាសាកសម ដែលអាចឡើងទៅប្រកួត យកពាន AFF Suzukic Cup 2016 ដែលត្រូវជួបថៃ ឬមីយ៉ាន់ម៉ាពិតប្រាកដមែន»។
សូមរំលឹកផងដែរថា វៀតណាម ធ្លាប់បានឈ្នះពានប្រចាំអាស៊ាន AFF Suzuki Cup នេះបានម្តងដែរកាលពីឆ្នាំ២០០៨ ខណៈដែលឥណ្ឌូនេស៊ីធ្លាប់បរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ ៤ដងកាលពីអំឡុងឆ្នាំ២០០០ និងឆ្នាំ២០១០៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង