(ភ្នំពេញ)៖ ក្លឹបលេងនៅលីគលំដាប់ទី៣ របស់ប្រទេសជប៉ុន Fujieda MYFC អាចនឹងទិញយកកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា ចាន់ វឌ្ឍនាកា ក្នុងសន្និសីទសារព័ត៌មាននៅចន្លោះម៉ោង ៣-៤ រសៀលថ្ងៃស្អែកនេះនៅសណ្ឋាគារភ្នំពេញរវាងក្លឹបបឹងកេតអង្គររបស់កម្ពុជា និងតំណាងក្លឹប Fujieda របស់ជប៉ុន។
ជុំវិញភាពស្រពេចស្រពិលរបស់អ្នកគាំទ្រអំពីជោគវាសនារបស់ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ជាមួយក្លឹបបឹងកេតអង្គរ នឹងត្រូវលាតត្រដាងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ ចាំមើល តើកីឡាករដែលមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នឹងត្រូវបន្ដរួមរស់ជាមួយក្លឹបជើងឯកលីគកំពូលកម្ពុជា ២ជំនាន់នេះ ឬត្រូវចាកចេញទៅបន្ដអាជីពនៅក្រៅប្រទេស?
ប្រភពព័ត៌មានពីថ្នាក់ដឹកនាំក្លឹបបឹងកេតអង្គរបានឲ្យដឹងថា នៅវេលាម៉ោង ៣-៤រសៀលថ្ងៃទី១៣ ខែមករាស្អែកនេះ ក្លឹបនឹងធ្វើសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារភ្នំពេញ ដើម្បីបង្ហាញពីការពិតជុំវិញការវិវត្តន៍រឿងអនាគតកីឡាករវ័យ២៤ឆ្នាំ ចាន់ វឌ្ឍនាកា ជាមួយនឹងក្លឹប។ ប្រភពច្បាស់ការដដែលបន្ដថា នៅថ្ងៃស្អែកនេះ អ្នកគាំទ្រគ្រប់គ្នានឹងដឹងថា ខ្សែប្រយុទ្ធក្នុងក្រុមជម្រើសជាតិគោព្រៃកម្ពុជារូបនេះ ត្រូវបន្ដនៅបឹងកេត ឬត្រូវចេញទៅជប៉ុន ថៃ សិង្ហបុរី ឬម៉ាឡេស៊ី?
នេះគឺជាដំណឹងគួរឲ្យភ្ញាក់ផ្អើលមួយ និងជាប្រវត្តិសាស្រ្តផងដែរសម្រាប់កីឡាករបាល់ទាត់កម្ពុជា ខណៈដែលអ្នកគាំទ្រកម្ពុជាកំពុងចង់ដឹង។ ប៉ុន្ដែយ៉ាងណាមានប្រភពជិតស្និទ្ធជាមួយសាម៉ីខ្លួន ចាន់ វឌ្ឍនាកា ផ្ទាល់បានអះអាងថា រដូវកាលថ្មីនេះ វឌ្ឍនាកា នឹងមិនលេងនៅលីគកំពូលកម្ពុជានោះទេ ដែលបញ្ជាក់ឲ្យឃើញថា គេនឹងចាកចេញពីបឹងកេត។ ប៉ុន្ដែនេះគ្រាន់តែជាការលើកឡើងរបស់អ្នកដទៃប៉ុណ្ណោះ តែការពិតយ៉ាងណានឹងដឹងច្បាស់នៅថ្ងៃស្អែក។
តែយ៉ាងណាមិញ តំណាងក្លឹបបឹងកេត ដែលមានមូលដ្ឋានក្នុងខេត្តកំពង់ចាមរបស់កម្ពុជា និងតំណាងក្លឹបមកពីជប៉ុន Fujieda មិនទាន់បានបង្ហើបពីតម្លៃខ្លួន ក៏ដូចជាកិច្ចសន្យារបស់កីឡាករវ័យក្មេងជំនាញជើងឆ្វេង ចាន់ វឌ្ឍនាកា នៅឡើយទេ ដោយនឹងដឹងច្បាស់នៅរសៀលថ្ងៃស្អែកនេះ។
សូមរំលឹកផងដែរថា កាលពីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ចាន់ វឌ្ឍនាកា និងរួមជាមួយគ្រូបង្វឹកក្លឹបបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា បានធ្វើដំណើរទៅទស្សនកិច្ចក្លឹប Fujieda រយៈពេល១សប្តាហ៍ ដើម្បីសិក្សាពីការ ហ្វឹកហាត់ ក៏ដូចជាសិក្សាពីគម្រោងទិញ-ដូរកីឡាករផងដែរ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង