CamNews

កីឡាជាតិ 

គ្រូបង្វឹក Fujieda សរសើរ​កីឡាករ ចាន់ វឌ្ឍនាកា ពូកែ​ទាំង​​ប្រយុទ្ធ និង​​ដណ្ដើម​​បាល់​​ដៃគូបានល្អ

(ជប៉ុន)៖ កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា បានបង្ហាញសមត្ថភាពជាមួយមិត្តរួមក្រុមថ្មីនៃក្លឹប Fujieda MYFC ហើយ នៅក្នុងជំនួបមិត្តភាព ក្រៅផ្លូវការមួយ កាលពីល្ងាចមិញដោយជួបក្រុមលំដាប់លីគទី៣ របស់ជប៉ុនដូចគ្នា គឺក្លឹប Y.S.C.C YOKOHAMA។ មិនតែប៉ុណ្ណោះតារាបាល់ទាត់ ជំនាញជើងឆ្វេងរូបនេះ ថែមទាំងទទួលបានការកោតសរសើរ ពីគ្រូបង្វឹកទៀតផង។ នេះបើតាមការបញ្ជាក់លើទំព័រ Facebook ជាភាសាខ្មែររបស់ក្លឹប Fujieda នារាត្រីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

នេះគឺជាការប្រកួតដំបូងរបស់កីឡាករ ចាន់ វឌ្ឍនាកា បន្ទាប់ពីរូបគេបានធ្វើដំណើរទៅដល់ប្រទេសជប៉ុន កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅ និងបានចូលហ្វឹកហាត់ជាផ្លូវការជាមួយក្លឹប Fujieda MYFC កាលពីថ្ងៃទី១៥ ខែកុម្ភៈថ្មីៗនេះ ដែលជាការចូលរួម ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ប៉ុន្ដែក្រោយការហ្វឹកហាត់បានរយៈពេល ២ថ្ងៃ និងបង្ហាញសមត្ថភាពក្នុងការប្រកួតខាងលើ វឌ្ឍនាកា មិនបានជួយក្រុមថ្មីរបស់ខ្លួន ឲ្យទទួលលទ្ធផលល្អនោះទេ គឺចាញ់ក្រុម Y.S.C.C YOKOHAMA ដោយលទ្ធផល ៤-១ ។

ប៉ុន្ដែទោះជាបែបនេះក្ដីលោក Atsushi Oishi គ្រូបង្វឹកក្រុម Fujieda MYFC នៅតែមើលឃើញពីចំណុចល្អរបស់ ចាន់ វឌ្ឍនាកា និងបានកោតសរសើរ កូនប្រុសទី២ របស់អភិបាលខេត្តកំពតរូបនេះ គឺជាកីឡាករល្អ និងចាត់ទុកជាផ្នែកមួយដ៏សំខាន់ ដើម្បីរួមចំណែកប្រកួតប្រជែងលីគលំដាប់ទី៣ របស់ជប៉ុន នាពេលឆាប់ៗខាងមុខ។ ក្រោយបញ្ចប់ការប្រកួតមិត្តភាព ក្រៅផ្លូវការខាងលើលោក Atsushi Oishi បាននិយាយយ៉ាងខ្លីថា «ចាន់ វឌ្ឍនាកា លេងជាខ្សែប្រយុទ្ធក៏ល្អ ហើយការដណ្ដើមបាល់ពីដៃគូក៏ល្អ»។

យ៉ាងណាមិញលោកបានទទួលស្គាល់ថា កីឡាករទើបផ្ទេរពីក្លឹបបឹងកេតអង្គរនេះ ទើបទៅដល់ប្រទេសជប៉ុន ដោយមិនទាន់ស៊ាំនឹង អាកាសធាតុត្រជាក់នៅទីនោះ ដូច្នេះការហ្វឹកហាត់ និងកម្លាំងរបស់គេ មិនទាន់គ្រប់គ្រាន់នោះទេ។ តែអ្វីដែលលោកពេញចិត្តចំពោះទម្រង់លេងរបស់ វឌ្ឍនាកា គឺជំនាញស៊ុតបញ្ចូលទី និងការបង្កបញ្ហាដល់ខ្សែការពារ ក្នុងតំបន់គ្រោះថ្នាក់ ដែលធ្វើឲ្យលោកជឿជាក់ថា រដូវកាលថ្មីនេះ គេនឹងអាចរកគ្រាប់បាល់បានច្រើន ដើម្បីជួយក្រុម Fujieda MYFC ឆ្ពោះទៅដណ្ដើមកៅអីលីគលំដាប់ទី២ របស់ជប៉ុន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Chan vatanaka